រាជធានីតូក្យូ៖ ការបង្កើននូវឥទ្ធិពលយោធារបស់ចិន នៅក្នុងតំបន់សមុទ្រចិន ក៏កំពុងតែធ្វើឲ្យបណ្ដាប្រទេសជិតខាង មានការព្រួយបារម្ភ កាន់តែខ្លាំងឡើង ហើយចាត់ទុកជាការគំរាមកំហែង ដល់សន្ដិសុខរបស់ពួកគេ ទើបជប៉ុន អូស្ដ្រាលី សហរដ្ឋអាមេរិក និង ហ្វីលីពិន គ្រោងនឹងចេញល្បាតរួមគ្នា នៅក្នុងសមុទ្រចិនខាងត្បូង។
សារព័ត៌មានរបស់ជប៉ុន The Asahi Shimbun (ឌឺ អាសាហ៊ី ស៊ីមប៊ុន) បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ថា មន្រ្ដីជាន់ខ្ពស់ការទូតមួយរូប បានបញ្ជាក់ កាលពីថ្ងៃចន្ទ ថា ហ្វីលីពីន កំពុងតែពិភាក្សា អំពីការចូលរួមជាមួយកងទ័ពជើងទឹកអូស្ត្រាលី និង ជប៉ុន ចេញល្បាតរួមគ្នា នៅក្នុងសមុទ្រចិនខាងត្បូង តាមការគ្រោងទុករបស់សហរដ្ឋអាមេរិក។ សកម្មភាពបែបនេះ ក៏ជាសញ្ញាមួយផ្សេងទៀត បង្ហាញអំពីការព្រួយបារម្ភ ចំពោះសកម្មភាពយោធារបស់ក្រុងប៉េកាំង នៅក្នុងដែនទឹកយុទ្ធសាស្ត្រ ដែលកំពុងតែមានជម្លោះជាមួយប្រទេសជាច្រើន នៅក្នុងតំបន់អាស៊ាន។
លោក ចូសេ ម៉ាញូល រ៉ូមូលដែស (Jose Manuel Romualdez) ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំនៅសហរដ្ឋអាមេរិក បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា «កិច្ចប្រជុំនេះ បានកំណត់រួចរាល់អស់ហើយ ហើយប្រហែលជាយើងអាច មានជប៉ុន និង អូស្ដ្រាលី ចូលរួមផងដែរ។ ប្រទេសទាំងនេះ ទំនងជានឹងចូលរួមល្បាតរួមគ្នា ដើម្បីធ្វើឲ្យប្រាកដ អំពីក្រមសីលធម៌ និង មានសេរីភាព នៅក្នុងការធ្វើនាវាចរណ៍»។
ប្រសិនបើផែនការនេះ បានសម្រេច វានឹងក្លាយជាលើកទី១ សម្រាប់ហ្វីលីពីន បានចូលរួមល្បាត នៅក្នុងដែនសមុទ្រពហុភាគី នៅសមុទ្រចិនខាងត្បូង។ សកម្មភាពបែនេះ ទំនងជានឹងធ្វើឱ្យក្រុងប៉េកាំង ខឹងសម្បា កាន់តែខ្លាំងឡើង ដោយសារតែចិន តែងតែទាមទារដែនសមុទ្រ ចិនខាងត្បូង មានទំហំ៣,៥លានគីឡូម៉ែត្រការ៉េ ភាគច្រើន ជាទឹកដីរបស់ខ្លួន។
ទោះជាយ៉ាងណាក៏ដោយ ក្រសួងការបរទេសអូស្ដ្រាលី និង ជប៉ុន ហើយស្ថានទូតរបស់សហរដ្ឋអាមេរិក និង ចិន ប្រចាំនៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន នៅតែមិនទាន់ឆ្លើយតបភ្លាមៗ ជុំវិញបញ្ហានេះនៅឡើយ។
ការពិភាក្សា អំពីការល្បាត និង ការចូលរួមសាជាថ្មី ជាមួយសហរដ្ឋអាមេរិក បានគូសបញ្ជាក់ ថា ប្រធានាធិបតីហ្វីលីពីន លោក ហ័្វរឌីណង់ដ៍ ម៉ាកូស (Ferdinand Marcos Jr.) បានរៀបចំប្រទេសរបស់គាត់ឡើងវិញ ជាមួយសម្ពន្ធមិត្ត ជាប្រវត្តិសាស្ត្ររបស់ខ្លួន ដោយងាកចេញពីវិធីសាស្រ្តអរិភាពរបស់មេដឹកនាំមុន គឺលោក រ៉ូឌ្រីហ្គោ ឌូទើរទេ (Rodrigo Duterte) ប្រឆាំងនឹងក្រុងវ៉ាស៊ីនតោន ខណៈនៅតែបន្តទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងជិតស្និទ្ធ ជាមួយមហាអំណាចចិនក្នុងតំបន់។
ឥឡូវនេះ អូស្ត្រាលី និង សហរដ្ឋអាមេរិក កំពុងតែពិភាក្សាដាច់ដោយឡែកពីគ្នា លើការល្បាតរួមគ្នា ជាមួយហ្វីលីពីន ចំពេលមានការព្រួយបារម្ភ អំពីការអះអាងរបស់ចិន នៅក្នុងសមុទ្រចិនខាងត្បូង ដោយមានទំហំពាណិជ្ជកម្ម ប្រហែល៣,៤ពាន់ពាន់លានដុល្លារ ឆ្លងកាត់ ទៅកាន់ទីផ្សាររបស់ពិភពលោក ជារៀងរាល់ឆ្នាំ។
លោក Romualdez ឯកអគ្គរដ្ឋទូតហ្វីលីពីន បានសង្កត់ធ្ងន់ ថា «សហរដ្ឋអាមេរិក ជប៉ុន និង អូស្ត្រាលី បាន និង កំពុងធ្វើសមយុទ្ធកងទ័ពជើងទឹកត្រីភាគី ហើយចេញល្បាតរួមគ្នា ជាមួយប្រទេសទាំងនេះ។ សកម្មភាពបែបនេះ នឹងក្លាយជារឿងល្អមួយ សម្រាប់ហ្វីលីពីន និង សម្រាប់តំបន់ទាំងមូល។ ចំណែកការល្បាតជាដំបូង អាចចេញពីប្រទេសមួយទៅប្រទេសមួយ ហើយត្រូវពង្រីកបន្ដទៀត ដោយសារតែប្រទេសទាំងនេះ ជាសម្ពន្ធមិត្តរបស់យើង ដែលមានគំនិតដូចគ្នា»។
ជាការរំពឹងសម្រាប់ប្លុកប្រទេសទាំង៤ ដែលកំពុងតែល្បាតរួមគ្នា នៅក្នុងដែនទឹកសមុទ្រចិនខាងត្បូង នឹងផ្ញើសារួមគ្នា ទៅកាន់ប្រទេសចិន ដែលរក្សាវត្តមានរបស់កងនាវា រាប់រយគ្រឿង ឆ្លងកាត់សមុទ្រចិនខាងត្បូង ដែលបានអះអាងជាដែនទឹករបស់ខ្លួន។ ប្រទេសជិតខាង នៅតំបន់អាស៊ាន រួមមាន វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និង ប៊្រុយណេ បានចោទប្រកាន់ដល់ក្រុងប៉េកាំង អំពីការដាក់ពង្រាយឆ្មាំសមុទ្រចិន និង កងទ័ពជើងទឹក សម្លុតអ្នកនេសាទរបស់ពួកគេ ហើយវាបានរំខានដល់បេសកកម្មផ្គត់ផ្គង់ និង ការរុករកថាមពលរបស់ប្រទេសទាំងនេះ។ ប៉ុន្ដែក្រុងប៉េកាំង នៅតែរក្សានូវការអះអាង ថា ចិន កំពុងតែការពារដែនទឹក ជាប្រវត្តិសាស្ត្ររបស់ខ្លួន៕










