ប្រទេសប៉ូឡូញ ៖ សារព័ត៌មានស៊ីនហួរបានរាយការណ៍ថា PKN Orlen ជាក្រុមហ៊ុនប្រេងឥន្ធនៈ និងឧស្ម័ននាំមុខគេរបស់ប្រទេសប៉ូឡូញបង្ហាញថា រុស្ស៊ីបានផ្អាកការផ្គត់ផ្គង់ប្រេងឥន្ធនៈដល់ប៉ូឡូញ តាមរយៈបំពង់បង្ហូរប្រេង (Druzhba) ។
ក្រុមហ៊ុន PKN Orlen បញ្ជាក់ថា ក្រុមហ៊ុនបានត្រៀមខ្លួនជាស្រេចដើម្បីទប់ទល់នឹងស្ថានការណ៍នេះ ។ ការបញ្ជូនប្រេងទៅកាន់រោងចក្រចម្រាញ់របស់ក្រុមហ៊ុនអាចដំណើរការតាមផ្លូវសមុទ្រទាំងអស់ ។
លោក Daniel Obajtek ជា CEO របស់ក្រុមហ៊ុន PKN Orlen បានបង្ហោះសារនៅលើ Twitter របស់លោកថា ប្រេងឥន្ធនៈពីរុស្ស៊ីមានត្រឹមតែ១០%ប៉ុណ្ណោះ ហើយក្រុមហ៊ុននឹងយកប្រេងពីប្រភពផ្សេងទៀតមកជំនួសប្រេងរបស់រុស្ស៊ី ។
ចំណែកសារព័ត៌មានក្នុងប្រទេសប៉ូឡូញរាយការណ៍ថា ការផ្អាកការផ្គង់ផ្គង់ប្រេងតាមរយៈបំពង់បង្ហូរប្រេង Druzhba បានកើតឡើង១ថ្ងៃក្រោយពីប៉ូឡូញបញ្ជូនរថក្រោះ Leopard ជាលើកដំបូងទៅកាន់អ៊ុយក្រែន ។
គួរបញ្ជាក់ថា បំពង់បង្ហូរប្រេង Druzhba បានទទួលការលើកលែងពីវិធានការដាក់ទណ្ឌកម្មរុស្ស៊ីរបស់សហភាពអឺរ៉ុប (EU) ដែលបានបង្ខំឱ្យអនុវត្តក្រោយពីរុស្ស៊ីធ្វើប្រតិបត្តិការយោធាពិសេសរបស់ខ្លួននៅអ៊ុយក្រែន ៕
ប្រភព ៖ TNN World










