ប្រទេសអ៊ុយក្រែន ៖ កាលពីថ្ងៃទី២៣ ខែកុម្ភៈ រដ្ឋសភាអ៊ុយក្រែនបានដាក់ទណ្ឌកម្មរយៈពេល៥០ឆ្នាំលើស្ថាប័នហិរញ្ញវត្ថុរុស្ស៊ី រួមមាន ធនាគារកណ្តាល ធនាគារពាណិជ្ជកម្មទាំងអស់ មូលនិធិវិនិយោគ ក្រុមហ៊ុនធានារ៉ាប់រង និងស្ថាប័នផ្សេងៗ ។ ការដាក់ទណ្ឌកម្មនេះ គឺជាផ្នែកមួយនៃចំណាត់ការរបស់រដ្ឋាភិបាលអ៊ុយក្រែន ដើម្បីបង្កើនការដាក់សម្ពាធហិរញ្ញវត្ថុលើរុស្ស៊ី ខណៈរុស្ស៊ីបញ្ជូនកម្លាំងមកវាយប្រហារអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ។
ទេសាភិបាលធនាគារជាតិអ៊ុយក្រែន Andri Peachy បានបញ្ជាក់ក្នុងហ្វេសប៊ុកថា ៖ « វាជាការបិទផ្លូវទាំងស្រុងសម្រាប់ស្ថាប័នហិរញ្ញវត្ថុរុស្ស៊ីក្នុងការចូលទីផ្សារ និងទ្រព្យសម្បត្តិនៅអ៊ុយក្រែន ។ យើងនឹងធ្វើគ្រប់វិធីទាំងអស់ដើម្បីឱ្យរុស្ស៊ីទន់ខ្សោយ ជាពិសេស ផ្នែកហិរញ្ញវត្ថុពីម្ចាស់ជំនួយផ្នែកយុទ្ធសាស្ត្រក្នុងសង្គ្រាមលើកនេះ ។ សំឡេងភាគច្រើននៃសមាជិករដ្ឋសភាចំនួន៣២៥រូបបានគាំទ្រការដាក់ទណ្ឌកម្មនេះ ហើយយើងតាំងចិត្តថា នឹងបង្ខំដាក់ទណ្ឌកម្មលើរុស្ស៊ីរយៈពេលយូរ» ។
ចំណែករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអ៊ុយក្រែន លោកស្រី Yulia Viridenko ថ្លែងថា ការដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុ នឹងធ្វើឱ្យប៉ះពាល់ដល់ធនាគាររាប់រយកន្លែង និងស្ថាប័នហិរញ្ញវត្ថុរាប់ម៉ឺនកន្លែងដែលបានចុះឈ្មោះប្រកបអាជីវកម្មនៅរុស្ស៊ី ។ វិធានការនេះបានហាមឃាត់ប្រតិបត្តិការជាមួយទ្រព្យសម្បត្តិ ដែលមានរុស្ស៊ីជាម្ចាស់ស្ថាប័នហិរញ្ញវត្ថុ ហាមបង្កើតទំនាក់ទំនងអាជីវកម្ម និងហាមវិនិយោគទុនក្នុងស្ថាប័នហិរញ្ញវត្ថុរុស្ស៊ី ។
មុននេះ អ៊ុយក្រែនបានដាក់ទណ្ឌកម្មលើមន្ត្រី និងពាណិជ្ជកររុស្ស៊ីរាប់រយនាក់ ដោយហាមបុគ្គលពាក់ព័ន្ធជាមួយរុស្ស៊ីកាន់កាប់ដីធ្លី ហាមទិញទំនិញសាធារណៈ និងសេវាកម្មមួយចំនួនរបស់រុស្ស៊ី និងហាមផ្ទេរបច្ចេកវិទ្យាទៅមនុស្សមានទំនាក់ទំនងជាមួយរុស្ស៊ី ។ ក្រៅពីនេះ អ៊ុយក្រែនបានអំពាវនាវឱ្យប្រទេសលោកខាងលិចដាក់ទណ្ឌកម្មលើរុស្ស៊ីឱ្យច្រើន រួមទាំងបន្តកំណត់គោលដៅលើនុយក្លេអ៊ែររបស់រុស្ស៊ីផងដែរ ៕
ប្រភព ៖ TNN World










