ប្រទេសចិន ៖ រដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក ឈីន កាង មានការបារម្ភយ៉ាងខ្លាំងពីស្ថានការណ៍ជម្លោះនៅអ៊ុយក្រែនកាន់តែតានតឹង ដោយចិនខ្លាចស្ថានការណ៍នេះកាន់តែធ្ងន់ធ្ងរ និងមិនអាចគ្រប់គ្រងបាន ។ លោក ឈីន កាង បានអំពាវនាវទៅកាន់ប្រទេសនានាថា ឈប់នាំភ្លើងរឿងអ៊ុយក្រែននៅថ្ងៃនេះ និងឈប់ញុះញង់តៃវ៉ាន់នៅថ្ងៃមុខ ។
លោក ឈីន កាង បានថ្លែងបែបនេះក្នុងវេទិកា Lan Ting នៅក្រុងប៉េកាំង កាលពីថ្ងៃទី២១ ខែកុម្ភៈ កន្លងមក ។ សង្គ្រាមនៅអ៊ុយក្រែនមានរយៈពេលជិត១ឆ្នាំហើយ ហើយវាកាន់តែតានតឹងខ្លាំងឡើង ខណៈប្រទេសនានាក្នុងពិភពលោកកំពុងតាមដានរឿងជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ី ហើយចិននិយាយថា វាអាចទៅរួចដែលសង្គ្រាមនេះនឹងរាលដាលកាន់តែខ្លាំងថែមទៀត ។
លោក ឈីន កាង បានដាស់តឿនទៅកាន់ប្រទេសនានាឱ្យបញ្ឈប់ការនាំភ្លើង ឈប់បន្ទោសចិន និងបញ្ឈប់ការញុះញង់អ៊ុយក្រែនចាប់ពីថ្ងៃនេះ ក៏ដូចជាតៃវ៉ាន់នៅថ្ងៃមុខផងដែរ ហើយចិននឹងព្យាយាមជំរុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសធំៗ ។ លោកបញ្ជាក់ថា ប្រទេសធំៗគួរតែធ្វើជាអ្នកដឹកនាំក្នុងការរក្សាគុណភាព ការសហការ និងនីតិរដ្ឋ ហើយកុំបង្ហាញឥរិយាបថបំភិតបំភ័យ គំរាមកំហែង និងគ្រប់គ្រងប្រទេសផ្សេងទៀត ។ លើសពីនេះ សហគមន៍ពិភពលោកគួរសហការគ្នាបង្កើតទំនាក់ទំនងរវាងប្រទេសធំៗ លើកកម្ពស់យុត្តិធម៌ ធ្វើឱ្យចំណុចក្តៅចុះត្រជាក់ និងកាត់បន្ថយជម្លោះ ។
លោក ឈីន កាង បន្តថា ចាប់តាំងពីចាប់ផ្តើមមានសង្គ្រាមនៅអ៊ុយក្រែន ចិនមានគោលជំហរច្បាស់លាស់ មិនលម្អៀង និងសមស្របតាមស្ថានការណ៍ ។ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានស្នើ៤ចំណុចដល់សហគមន៍ពិភពលោកគួរតែធ្វើរួមគ្នា ដោយចិនមានទទួលខុសត្រូវ បន្ធូរបន្ថយស្ថានការណ៍តានតឹង និងដោះស្រាយវិបត្តិនៅអ៊ុយក្រែន ។ លើសពីនេះ ចិននឹងបន្តជំរុញសន្តិភាព សហការគ្នាជាមួយសហគមន៍ពិភពលោក យកចិត្តទុកដាក់ស្តាប់កង្វល់របស់ភាគីទាំងអស់ ព្រមទាំងស្វែងរកស្ថេរភាពរួមគ្នា ៕
ប្រភព ៖ TNN World










