ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់តំបន់មួយចំនួននឹងចុះត្រជាក់នៅពេលយប់និងព្រឹកចាប់ពីថ្ងៃទី២២ដល់ ២៨កុម្ភៈ ឆ្នាំ២០២៣។
យោងតាមសេចក្តីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣របស់ក្រសួងធនធានទឹកបានឲ្យដឹងថា កម្ពុជាទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់(ចិន)និងខ្យល់មូសុងឦសានក្នុងកម្រិតពីខ្សោយទៅមធ្យម ។
ក្រសួងបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឲ្យតំបន់ទំនាបកណ្តាលសីតុណ្ហភាពអប្បបរមា មានពី ២០-២២ អង្សាសេនិង សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤អង្សាសេអាចមានភ្លៀងធ្លាក់តិចតួច ។ នៅថ្ងៃទី២៦-២៧ ខែកុម្ភៈ សីតុណ្ហភាពអប្បបរមាអាចចុះត្រជាក់បន្ថែម ក្នុងចន្លោះពី ២-៣ អង្សាសេ នៅវេលាព្រឹកនិងយប់ ។
ចំណែកនៅតំបន់ខ្ពង់រាបមានសីតុណ្ហភាពអប្បបរមា មានពី ១៩-២១អង្សាសេនិងសីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ អង្សាសេ។នៅថ្ងៃទី២៦-២៧ ខែកុម្ភៈ សីតុណ្ហភាពអប្បបរមាអាចចុះត្រជាក់បន្ថែមក្នុងចន្លោះពី ៣-៤អង្សាសេនៅវេលាព្រឹកនិងយប់ លាយឡំនឹងខ្យល់បក់ក្នុងកម្រិតមធ្យម។
ដោយឡែកនៅតំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមា មានពី ២០-២២ អង្សាសេនិង សីតុណ្ហភាពអតិបរមា មានពី ៣០-៣២អង្សាសេអាចមានភ្លៀងធ្លាក់តិចតួច ។
ក្រសួងបានលើកឡើងទៀតថាអាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាននិងមានការប្រុងប្រយ័ត្នត្រៀមលក្ខខណៈ៕










