សហរដ្ឋអាមេរិក ៖ សារព័ត៌មានរ៉យទ័របានរាយការណ៍ថា Twitter នឹងក្លាយជាបណ្តាញសង្គមដំបូងគេ ដែលអនុញ្ញាតឱ្យក្រុមហ៊ុនកញ្ឆានៅអាមេរិកអាចផ្សព្វផ្សាយម៉ាក និងផលិតផលធ្វើពីកញ្ឆារបស់ខ្លួននៅអាមេរិកបាន ។ វាជាព្រឹត្តិការណ៍សំខាន់មួយទៀតរបស់ Twitter ក្រោមការដឹកនាំរបស់លោក Elon Musk ។

មុននេះ Twitter បានអនុញ្ញាតឱ្យគេអាចផ្សព្វផ្សាយពាណិជ្ជកម្មបានសម្រាប់តែផលិតផលមានសារធាតុចម្រាញ់ពី CBD (Cannabidiol) ប៉ុណ្ណោះ ខណៈបណ្តាញសង្គមផ្សេងៗដូចជា ហ្វេសប៊ុក Instagram និង Tik Tok នៅតែប្រកាន់ភ្ជាប់គោលការណ៍គ្មានការផ្សព្វផ្សាយកញ្ឆា ដោយសារវានៅតែខុសច្បាប់របស់រដ្ឋាភិបាលកណ្តាលអាមេរិក ។

ការប្រកាសឱ្យផ្សព្វផ្សាយកញ្ឆារបស់ Twitter លើកនេះចាត់ទុកថា ជាការបំពានច្បាប់នៃប្រព័ន្ធផ្សព្វផ្សាយអនឡាញ ខណៈគេបានអនុវត្តច្បាប់របស់រដ្ឋាភិបាលកណ្តាល ដែលចាត់ទុកថា ការប្រើប្រាស់កញ្ឆា គឺខុសច្បាប់នៅអាមេរិក ។ កន្លងមក កញ្ឆានៅអាមេរិកទទួលបានការអនុញ្ញាតឱ្យចែកចាយសម្រាប់ការកម្សាន្តប៉ុណ្ណោះ ដែលបច្ចុប្បន្ននេះ មានរដ្ឋចំនួន២១ បានអនុញ្ញាតឱ្យលក់កញ្ឆា ។

Twitter បញ្ជាក់ថា ខ្លួននឹងអនុញ្ញាតឱ្យក្រុមហ៊ុនកញ្ឆានានាអាចផ្សព្វផ្សាយ ដរាបណា ពួកគេមានលិខិតអនុញ្ញាតយ៉ាងត្រឹមត្រូវ តាមរយៈដំណើរការអនុម័តរបស់ក្រុមហ៊ុន និងមានគោលដៅផ្សព្វផ្សាយចំពោះតែតំបន់ដែលទទួលបានការអនុញ្ញាត និងធ្វើតាមច្បាប់ប៉ុណ្ណោះ ហើយរឿងសំខាន់បំផុត គឺហាមឃាត់ការផ្សព្វផ្សាយផ្តោតទៅលើពលរដ្ឋដែលមានអាយុក្រោម២១ឆ្នាំ ។

ចំណែក Cresco Labs ជាក្រុមហ៊ុនកញ្ឆាសម្រាប់វេជ្ជសាស្ត្រ ដែលប្រតិបត្តិការក្នុងរដ្ឋជាច្រើនបញ្ជាក់ថា ការប្រកាសអនុញ្ញាតឱ្យផ្សព្វផ្សាយកញ្ឆារបស់ Twitter នេះ គឺជាឱកាសមាសសម្រាប់អ្នកទីផ្សារផ្នែកកញ្ឆាស្របច្បាប់ ៕ ប្រភព ៖ TheBetterNew










