ប្រទេសចិន ៖ ប្រទេសចិនបានប្រកាសដាក់ទណ្ឌកម្មក្រុមហ៊ុនអាមេរិកចំនួន២ គឺ Lockheed Martin ជាក្រុមហ៊ុនធំក្នុងពិភពលោក ដែលមានឯកទេសផ្នែកលំហអាកាស និងការពារប្រទេស និងក្រុមហ៊ុន Raytheon Technologies Corp មានឯកទេសផ្នែកប្រព័ន្ធការពារមីស៊ីល និងការពារប្រទេស ។ ចិនបានចុះឈ្មោះក្រុមហ៊ុនទាំងពីរនេះទៅក្នុងបញ្ជី «អង្គការមិនគួរឱ្យទុកចិត្ត» ដោយសារក្រុមហ៊ុនទាំងពីរបានលក់អាវុធទៅឱ្យតៃវ៉ាន់ ។ លើសពីនេះ ចិនបានបញ្ជាមិនឱ្យក្រុមហ៊ុនទាំងពីរនាំចូល ឬនាំចេញផលិតផលផ្សេងៗដែលពាក់ព័ន្ធនឹងចិនផងដែរ ។
ការប្រកាសដាក់ទណ្ឌកម្មនេះ គឺជាសកម្មភាពចម្រូងចម្រាស់ចុងក្រោយបង្អស់រវាងអាមេរិក និងចិន ក្រោយពីអាមេរិកបានបាញ់បាឡុងស៊ើបការណ៍របស់ចិនធ្លាក់កាលពីសប្តាហ៍កន្លងមក ហើយចិនប្រកាសទៅវិញថា នឹងចេញវិធានការប្រឆាំងនឹងអាមេរិក ដែលបានបំផ្លាញអធិបតេយ្យភាព និងសន្តិសុខរបស់ចិន ។
ក្រុមហ៊ុនទាំងពីរដែលត្រូវបានចិនដាក់ទណ្ឌកម្ម មិនបានលក់ផលិតផលយោធាទៅឱ្យប្រទេសចិនទេ ហើយពេលនេះ ក្រុមហ៊ុនទាំងពីរក៏មិនទាន់បញ្ចេញយោបល់អ្វីដែរ ។ ការប្រកាសដាក់ទណ្ឌកម្មរបស់ចិនបានរាលដាលទៅដល់ការហាមឃាត់នាយកគ្រប់គ្រងក្រុមហ៊ុនទាំងពីរចូលមកប្រទេសចិន និងមិនអនុញ្ញាតឱ្យបុគ្គលិកក្រុមហ៊ុនមានសិទ្ធិរស់នៅចិនបន្តទៀត ។ លើសពីនេះ ចិនបានពិន័យជាប្រាក់ទ្វេដងនៃតម្លៃអាវុធដែលក្រុមហ៊ុនទាំងពីរបានចុះកិច្ចសន្យាលក់ឱ្យតៃវ៉ាន់ ប៉ុន្តែគេមិនទាន់ច្បាស់ទេថា តើចិននឹងពិន័យរបៀបណា ហើយត្រូវដាក់លក្ខខណ្ឌថា មានការបង់ប្រាក់ពិន័យត្រឹមរយៈពេល១៥ថ្ងៃ ។ គួរបញ្ជាក់ថា កាលពីឆ្នាំ២០២២ កន្លងមក ចិនក៏ធ្លាប់បានប្រកាសដាក់ទណ្ឌកម្មក្រុមហ៊ុនទាំងពីរផងដែរ រឿងលក់អាវុធឱ្យតៃវ៉ាន់ ក្នុងតម្លៃ១០០លានដុល្លារអាមេរិក ។.jpg)
ចំណែកអ្នកនាំពាក្យសេតវិមានបានឱ្យដឹងថា ការដាក់ទណ្ឌកម្មរបស់ចិននេះ គ្រាន់តែជាសកម្មភាពនិមិត្តសញ្ញាប៉ុណ្ណោះ ហើយវាមិនចាំបាច់ទេ ។ អ្នកនាំពាក្យរូបនេះបន្ថែមថា ការបញ្ជូនបាឡុងស៊ើបការណ៍របស់ចិនមកបំពានលើដែនអាកាសអាមេរិកដោយគ្មានការអនុញ្ញាតនោះ គឺគ្មានការទទួលខុសត្រូវ ហើយវាអាស្រ័យលើការសម្រេចចិត្តរបស់ចិនថា តើចង់ឱ្យទំនាក់ទំនងរវាងចិន និងអាមេរិកក្លាយទៅជាបែបណា ៕.jpg)
ប្រភព ៖ NationWorldNews










