ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានកំណត់រយៈពេលឈប់ទទួលពាក្យសុំចូលធ្វើការរបស់បុគ្គលិកវិទ្យុ VOD ត្រឹមថ្ងៃ២៨កុម្ភៈ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចតេជោ នាយករដ្ឋមន្ត្រីមានប្រសាសន៍ឱ្យដឹងយ៉ាងដូច្នេះថា កាលពីថ្ងៃ១៤កុម្ភៈ២០២៣សម្ដេចបានប្រកាសផ្តល់ក្របខ័ណ្ឌរដ្ឋជូនបុគ្គលិកវិទ្យុវីអូឌីដែលបានបាត់បង់ ការងារធ្វើ។ គិតត្រឹមល្ងាចថ្ងៃ១៧កុម្ភៈ២០២៣ មានបុគ្គលិក៨រូបបានមកដាក់ពាក្យសុំចូលធ្វើការ។
សម្ដេចបញ្ជាក់ថា “ ដើម្បីបញ្ចប់ការងារនេះខ្ញុំសូមកំណត់រយៈពេលឈប់ទទួលពាក្យសុំចូលធ្វើការត្រឹមម៉ោង១៧.០០នាទីថ្ងៃ២៨កុម្ភៈ២០២៣។ ខ្ញុំសូមបញ្ជាក់សារជាថ្មីថាវិទ្យុវីអូឌីគ្មានថ្ងៃរស់ឡើងវិញឡើយនិងខ្ញុំសូមអរគុណ
ចំពោះអ្នកបង្ហោះសារថាបងប្អូនមួយចំនួនមិនចូលមកធ្វើការរដ្ឋទេសុខចិត្តធ្វើស្រែនិងឡើងត្នោត”។
សម្ដេចតេជោបន្ថែមថា សូមជូនពរឲ្យអ្នកទាំងអស់នោះរកការងារបានធ្វើដើម្បីចិញ្ចឹមជិវិត។ក្របខ័ណរដ្ឋនៅពេលនេះត្រូវមានការប្រឡងយ៉ាងតឹងតែងទើបអាចចូលបានប្រសិនបងប្អូនមិនទទួលយកដោយមិនបាច់ប្រឡងសម្ដេចពិតជាមានការអរគុណ។
សម្ដេចនាយករដ្ឋមន្ត្រីបញ្ជាក់ទៀតថា ពួកអាក្រក់មិនបាច់បង្ហោះសារឌឺដងដាក់ទេទេព្រោះសម្ដេចនឹងរុញទូកបណ្តោយទឹកដើម្បីឲ្យពួកអ្នកដឹងពីរបៀបដែលសម្ដេចគិតនិងធ្វើការ៕.jpg)










