ប្រទេសវៀតណាម ៖ ការិយាល័យសុខាភិបាលក្រុងហាណូយបង្ហាញថា ក្រុងហាណូយបានកំណត់គោលដៅកាត់បន្ថយចំនួនគ្រួសារដែលមានកូនលើសពី៣នាក់ ខណៈចំនួនពលរដ្ឋក្នុងទីក្រុងនេះបានកើនឡើងលើស៨លាននាក់ ស្មើ៨,៤% នៃចំនួនពលរដ្ឋទាំងអស់ក្នុងប្រទេស បើរាប់មកដល់ចុងឆ្នាំ២០២២ ។
កាលពីថ្ងៃទី១៥ ខែកុម្ភៈ កន្លងមក កាសែត Vietnam News បានដកស្រង់សម្តីលោក Wu Gao Cuong អនុប្រធានការិយាល័យសុខាភិបាលថា ក្រុងហាណូយនឹងកាត់បន្ថយសមាមាត្រនៃគ្រួសារដែលមានកូនលើសពី៣នាក់ និងសមាមាត្រនៃកុមារខ្វះអាហារូបត្ថម្ភមានអាយុក្រោម៥ឆ្នាំ ដោយកាត់បន្ថយ០,១% ។ លើសពីនេះ លោក Wu ក៏បានលើកឡើងថា ក្រុងហាណូយបានប្រឈមនឹងបញ្ហាថ្មីៗជាច្រើនដោយសារចំនួនពលរដ្ឋកើនឡើង ។
លោក Wu ថ្លែងថា លើសពីនេះ ចំនួនមនុស្សចាស់ក្នុងប្រទេសវៀតណាម គឺជាបញ្ហាសំខាន់មួយទៀតដែលធ្វើឱ្យក្រុងហាណូយត្រូវចាត់ផែនការ និងមានគោលនយោបាយសមស្របដើម្បីផ្តល់ការធានារ៉ាប់រងសុខភាព សុខុមាលភាពសង្គម និងផ្តល់ផលប្រយោជន៍ដល់ពួកគេ ។
ក្រុងហាណូយក៏មានផែនការពង្រីកទំនាក់ទំនងជាមួយពលរដ្ឋផងដែរ ដោយផ្តោតទៅលើបញ្ហាអនាម័យ ការបន្តពូជរបស់យុវវ័យ ការប្រឹក្សាយោបល់ ការត្រួតពិនិត្យសុខភាពមុនពេលរៀបអាពាហ៍ពិពាហ៍ ការពិនិត្យសុខភាពមុនពេលសម្រាលបុត្រ និងទារកកើតថ្មី រហូតដល់ការថែទាំសុខភាពមនុស្សចាស់ផងដែរ ។
គួរបញ្ជាក់ថា បើរាប់មកដល់ឆ្នាំ២០២២ ចំនួនប្រជាពលរដ្ឋវៀតណាមបានកើនឡើងដល់៩៩,៤៦លាននាក់ កើនឡើង០,៩៧% ពីឆ្នាំ២០២១ ៕
ប្រភព ៖ TheBetterNew










