បាត់ដំបង៖ ជារឿងមួយដែលហូសចិត្តដោយបុរសម្នាក់ បានដុតម៉ូតូរបស់ខ្លួនកម្ទេចចោល ព្រោះតែខឹងដេរ(បញ្ឆេះ)មិនឆេះ។ ករណីនេះបានបង្ករជាការភ្ញាក់ផ្អើលនៅចំណុចភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង។
ប្រភពពីប្រជាពលរដ្ឋនៅមូលដ្ឋានបានឲ្យដឹងថា ពួកគេបានមកមើល ស្មានថាមានគ្រោះអគ្គីភ័យឆេះម៉ូតូ ប៉ុន្តែពួកគេបាននាំគ្នាសម្តែងការហួសចិត្ត ក្រោយឃើញបុរសជាម្ចាស់ម៉ូតូ អង្គុយមើលម៉ូតូរបស់ខ្លួនកំពុងត្រូវភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ហើយប្រាប់ថា ខឹងដេរមិនឆេះខ្ជិលទុកជិះ ដុតកម្ទេចចោលតែម្ដង។
ដោយហូសចិត្តមិនដឹងនិយាយអ្វី ព្រោះភ្លើងឆេះខ្លាំងទៅហើយ ប្រជាពលរដ្ឋជាច្រើននាក់បានឈរចោមរោមមើលរហូតដល់ភ្លើងរលត់ ទើបបុរសជាម្ចាស់ម៉ូតូដើរទៅបណ្តើរយកឡើងមកលើផ្លូវ និងបាននិយាយសើចលេងជាមួយប្រជាពលរដ្ឋ ដូចគ្មានរឿងអ្វីនោះឡើយ។
ប្រភពបានឲ្យដឹងទៀតថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ឈ្មោះ វីដ បានបណ្តើរម៉ូតូ គ្លីកពណ៌-ស ពាក់ស្លាកលេខបាត់ដំបង 1Y-0045 ដោយធ្វើដំណើរពីស្តៅ នៃស្រុករតនមណ្ឌល រហូតមកដល់ក្រុងបាត់ដំបង។ លុះមកដល់ចំណុចកើតហេតុខាងលើ នៅវេលាម៉ោង១៦៖ ៥០នាទីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ស្រាប់តែម្ចាស់ម៉ូតូឈ្មោះ វីដ នោះបណ្តើរម៉ូតូទៅលើដីដែលនៅជាប់នឹងចិញ្ចើមផ្លូវ ហើយភ្លាមៗ ក៏ឃើញមានអណ្តាតភ្លើងឆាបឆេះម៉ូតូនោះយ៉ាងសន្ធោសន្ធៅ ចំណែកបុរសម្ចាស់ម៉ូតូដើរចេញមកអង្គុយក្បែរនោះ។ ឃើញដូចនេះ ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវជាមួយ បានរត់ទៅសួរ ទើបដឹងថា ម្ចាស់ម៉ូតូខឹងនឹងម៉ូតូរបស់ខ្លួនដេរមិនឆេះ ក៏សម្រេចចិត្តយកដែកកេះមកបញ្ឆេះដុតម៉ូតូរបស់ខ្លួន ឆេះអស់មួយកំណាត់ក្រោយតែម្ដង។
ប្រជាពលរដ្ឋឈរមើលសម្តែងការហួសចិត្តនឹងបុរសជាម្ចាស់ម៉ូតូ ដែលយកដែកកេះដុតម៉ូតូខ្លួនឯងចោល ហើយបើជ្រុលជាចិត្តខ្លាំងដុតកម្ទេចចោលអ៊ីចឹងហើយ ចាំបាច់អីត្រូវរើសម៉ូតូនោះយកទៅលក់អេតចាយធ្វើអី ដុតរួចទុកចោលរួចឡើងជិះម៉ូតូឌុបទៅផ្ទះ ទើបសមជាអ្នកខ្លាំងពិតប្រាកដ៕










