ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា គម្រោងផ្លូវដែកល្បឿនលឿន ភ្នំពេញ-ប៉ោយប៉ែត ត្រូវបានបញ្ចប់ការសិក្សាហើយ ដោយមានប្រវែង ៣៨២គីឡូម៉ែត្រ និងអាចរត់ល្បឿនពី ១៦០ ទៅ ២០០គីឡូម៉ែត្រ/ម៉ោង ស្មើនឹងផ្លូវដែកល្បឿនលឿននៅឡាវ និងទទឹងផ្លូវ ១ម៉ែត្រ ៤៣៥ ដែលជាទំហំស្តង់ដា។
គម្រោងផ្លូវរថភ្លើងល្បឿនលឿនដំបូងបំផុតនៅកម្ពុជា មានប្រវែងសរុបប្រមាណ ៣៨២គីឡូម៉ែត្រ ត្រូវការទុនវិនិយោគប្រមាណជាង ៤ពាន់លានដុល្លារអាមេរិក ដោយរួមបញ្ចូលទាំងក្បាល និងទូរថភ្លើងសម្រាប់ដំណើរការ។
គម្រោងនេះ ប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ ដោយគ្រាន់ចំណាយពេលជិះពីភ្នំពេញត្រឹម ២ម៉ោងកន្លះទៅ៣ម៉ោងប៉ុណ្ណោះ ដល់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យហើយ ។ វានឹងក្លាយជាផ្លូវដែកល្បឿនលឿនស្ដង់ដារដំបូងគេបំផុត នៅក្នុងប្រទេសកម្ពុជា ហើយនឹងក្លាយទៅជាខ្សែផ្លូវដឹកជញ្ជូនអ្នកដំណើរ និងដឹកទំនិញដ៏សំខាន់ ជួយកាត់បន្ថយពេលវេលានៃការធ្វើដំណើរ ពីរាជធានីភ្នំពេញ ទៅក្រុងប៉ោយប៉ែត បានយ៉ាងល្អបំផុតផងដែរ៕










