ប្រទេសសិង្ហបុរី ៖ សិង្ហបុរីបានអនុញ្ញាតឱ្យភ្ញៀវទេសចរអន្តរជាតិដែលចាក់វ៉ាក់សាំងការពារកូវីដមិនគ្រប់ដុស អាចធ្វើដំណើរមកកម្សាន្តនៅប្រទេសខ្លួនបាន ដោយពួកគេមិនចាំបាច់មានលទ្ធផលពិនិត្យជំងឺកូវីដអវិជ្ជមាន និងគ្មានការឃុំខ្លួន ។ លើសពីនេះ សិង្ហបុរីក៏បានអនុញ្ញាតឱ្យភ្ញៀវទេសចរអាចដោះម៉ាស់ចេញផងដែរ នៅពេលពួកគេជិះរថយន្តសាធារណៈ ដោយអនុវត្តចាប់ពីថ្ងៃទី១៣ ខែកុម្ភៈ តទៅ ដោយសារសិង្ហបុរីចង់ចាកចេញពីការឆ្លងរាតត្បាតនៃជំងឺកូវីដក្នុងដំណាក់កាលធ្ងន់ធ្ងរ ។
ក្រៅពីនេះ ក្រុមការងារទទួលបន្ទុកជំងឺកូវីដដែលបានបង្កើតឡើងកាលពីខែមករា ឆ្នាំ២០២០ ក៏នឹងត្រូវរំសាយផងដែរ ។ ប្រទេសសិង្ហបុរីបានបន្ធូរបន្ថយវិធានការពិនិត្យរកជំងឺកូវីដមុនពេលធ្វើដំណើរ និងការពាក់ម៉ាស់ ដែលគេចាត់ទុកថា គឺជាជំហានសំខាន់ក្នុងការធ្វើឱ្យជំងឺកូវីដក្លាយជាជំងឺក្នុងតំបន់ និងអនុញ្ញាតឱ្យពលរដ្ឋសិង្ហបុរីប្រើជីវិតប្រចាំថ្ងៃតាមធម្មតាឡើងវិញ ។
ជាមួយគ្នានេះ សិង្ហបុរីមិនបង្ខំឱ្យពលរដ្ឋ និងភ្ញៀវទេសចរត្រូវតែពាក់ម៉ាស់ក្នុងរថយន្តសាធារណៈ និងទីកន្លែងនានាទៀតទេ ។ លោក Lawrence Wong ឧបនាយករដ្ឋមន្ត្រីប្រទេសសិង្ហបុរី បានណែនាំថា គួរតែពាក់ម៉ាស់ក្នុងពេលឆ្លងជំងឺកូវីដប៉ុណ្ណោះ ។
ទោះយ៉ាងណា ក្រសួងសុខាភិបាលបញ្ជាក់ថា ការពាក់ម៉ាស់នៅតែចាំបាច់សម្រាប់ទីកន្លែងមួយចំនួន ដូចជា បន្ទប់អ្នកជំងឺក្នុងមន្ទីរពេទ្យ គ្លីនិក និងផ្ទះថែទាំមនុស្សចាស់ ដែលទីកន្លែងទាំងនេះនឹងមានការប៉ះពាល់ជាមួយអ្នកជំងឺ ព្រមទាំងទីកន្លែងបិទជិតផងដែរ ៕
ប្រភព ៖ AECconnect










