ប្រទេសចិន ៖ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ក្រសួងការបរទេសចិនបានប្រកាសថា ចិនគ្មានទិន្នន័យផ្សេងៗទាក់ទងនឹងវត្ថុចម្លែកហោះលើអាកាសអាមេរិក ហើយត្រូវអាមេរិកបាញ់ធ្លាក់នៅដែនអាកាសរដ្ឋអាឡាស្កា និងប្រទេសកាណាដាទេ ខណៈកាលពីពេលថ្មីៗនេះ យន្តហោះចម្បាំងរបស់អាមេរិកបានបាញ់វត្ថុចម្លែកមានរាង៨ជ្រុងធ្លាក់នៅបរិវេណបឹង Huron ។ វាជាហេតុការណ៍ចុងក្រោយដែលបានកើតឡើងតាំងពីបាឡុងស៊ើបការណ៍របស់ចិនហោះចូលមកដែនអាកាសអាមេរិក ធ្វើឱ្យកងកម្លាំងសន្តិសុខអាមេរិកខាងជើងប្រុងប្រយ័ត្នខ្ពស់ ហើយជាការបាញ់វត្ថុចម្លែកហោះលើអាកាសលើកទី៤ នៅអាមេរិកខាងជើង ។
លោក Wang Weibin អ្នកនាំពាក្យក្រសួងការបរទេសចិន បញ្ជាក់ថា លោកមិនយល់ពីហេតុការណ៍ចុងក្រោយទេ ប៉ុន្តែលោកថា បាឡុងដំបូងដែលអាមេរិកបាញ់ធ្លាក់ គឺជាការប្រើប្រាស់កម្លាំងហួសហេតុពេក ហើយបាឡុងរបស់ចិនបានហោះចូលទៅដែនអាកាសអាមេរិកដោយចៃដន្យប៉ុណ្ណោះ ។ លោក Wang Weibin ថ្លែងថា ៖ «បាឡុងរបស់អាមេរិកក៏ធ្លាប់ហោះចូលមកកាន់ដែនអាកាសរបស់ចិនដោយគ្មានការអនុញ្ញាតជាង១០ដងឯណោះ តាំងពីខែមករា ឆ្នាំ២០២២» ។
ចំណែកលោក Chuck Schumer មេដឹកនាំនៅព្រឹទ្ធសភាអាមេរិក បានផ្តល់បទសម្ភាសន៍ទៅកាន់ស្ថានីយទូរទស្សន៍ ABC ថា មន្ត្រីសន្តិសុខជាតិអាមេរិកជឿជាក់ថា វត្ថុចម្លែកហោះនៅលើអាកាស ដែលគេមិនស្គាល់ម្ចាស់ និងប្រភព (Unidentified flying object) ហើយត្រូវបានអាមេរិកបាញ់ធ្លាក់លើដែនអាកាសរដ្ឋអាឡាស្កា និងកាណាដានោះ វាជាបាឡុង ។ វត្ថុអ្វីក៏ដោយដែលធ្វើឱ្យពលរដ្ឋអាមេរិកប្រឈមនឹងគ្រោះថ្នាក់ មន្ត្រីអាមេរិកនឹងចាត់ការយ៉ាងសមស្រប ។.jpg)
ជាចុងក្រោយ លោក Chuck Schumer ថ្លែងថា វត្ថុចម្លែកដែលត្រូវគេបាញ់ធ្លាក់ជាបន្តបន្ទាប់នោះ មានទំហំតូចជាងបាឡុងដំបូងដែលបានហោះចូលមកកាន់ដែនអាកាសអាមេរិក និងត្រូវបាញ់ធ្លាក់នៅភាគខាងត្បូងរដ្ឋ Carolina កាលពីថ្ងៃទី៤ ខែកុម្ភៈ កន្លងមក ៕ ប្រភព ៖ tnnthailand










