ប្រទេសហូឡង់ ៖ ទីក្រុងអាំស្ទែរដាំ ប្រទេសហូឡង់ បានចេញច្បាប់ហាមឃាត់ការជក់កញ្ឆានៅតាមផ្លូវក្នុងតំបន់ Red Light ព្រមទាំងចេញច្បាប់ផ្សេងៗដើម្បីកែលម្អគុណភាពរស់នៅរបស់ពលរដ្ឋនៅទីក្រុងអាំស្ទែរដាំផងដែរ ដោយនឹងអនុវត្តចាប់ពីខែឧសភា ឆ្នាំ២០២៣ តទៅ ។
មន្ត្រីនៅក្រុងអាំស្ទែរដាំបានប្រកាសកាលពីថ្ងៃទី១០ ខែកុម្ភៈ ថា បានចេញច្បាប់ហាមជក់កញ្ឆានៅតាមផ្លូវក្នុងតំបន់ Red Light (តំបន់ប្រកបរបរផ្លូវភេទ) ព្រមទាំងច្បាប់ផ្សេងៗដូចជា ភោជនីយដ្ឋាន និងបារ ត្រូវបិទនៅម៉ោង២រសៀល សម្រាប់ថ្ងៃសុក្រ និងថ្ងៃសៅរ៍ ។ លើសពីនេះ គេមិនអនុញ្ញាតឱ្យភ្ញៀវទេសចរថ្មីចូលទៅកាន់ទីក្រុង នៅក្រោយម៉ោង១រសៀលទេ ហើយនារីបម្រើផ្លូវភេទត្រូវបិទហាងរបស់ខ្លួននៅម៉ោង៣រសៀលផងដែរ ។
ច្បាប់នេះមានគោលដៅដើម្បីកែលម្អគុណភាពរស់នៅរបស់ពលរដ្ឋក្នុងតំបន់ ដែលពួកគេរអ៊ូថា ភ្ញៀវទេសចររំខានការរស់នៅរបស់ពួកគេ ។ សារព័ត៌មានក្នុងប្រទេសរាយការណ៍ថា សមាជិកសភាភាគច្រើនបានគាំទ្រការចេញច្បាប់ថ្មីនេះ ដើម្បីកាត់បន្ថយការរំខានដល់ពលរដ្ឋនៅទីនេះ ។
បច្ចុប្បន្ន ការលក់ស្រា និងកាហ្វេនៅតាមហាងនានាក្នុងតំបន់ Red Light គឺខុសច្បាប់ចាប់ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃអាទិត្យ វេលាម៉ោង៤ល្ងាច ។ សភានឹងស្នើឱ្យអ្នកលក់ទាំងនេះយកស្រារបស់ខ្លួនចេញពីមុខហាង ឬលាក់មិនឱ្យគេឃើញក្នុងពេលវេលាកំណត់ខាងលើ ខណៈការផឹកស្រានៅទីសាធារណៈ គឺជាការខុសច្បាប់នៅទីក្រុងអាំស្ទែរដាំ ។
អាំស្ទែរដាំ ជាទីក្រុងល្បីល្បាញមួយក្នុងការលក់កាហ្វេកញ្ឆា ខណៈទីក្រុងនេះអាចទាក់ទាញភ្ញៀវទេសចរជាច្រើនលាននាក់ក្នុង១ឆ្នាំៗ ប៉ុន្តែពលរដ្ឋក្នុងតំបន់និយាយថា វាទាក់ទាញឱ្យមានអ្នកជួញដូរគ្រឿងញៀន ការសេពគ្រឿងញៀន និងផឹកស្រានៅតាមផ្លូវ ដែលធ្វើឱ្យទីក្រុងមានឧក្រិដ្ឋកម្មកាន់តែច្រើន ។
ស្ថិតនៅក្រោមច្បាប់បច្ចុប្បន្ន គេចាត់ទុកថា ជាបទល្មើសព្រហ្មទណ្ឌសម្រាប់ការគ្រប់គ្រង ការផលិត ឬចែកចាយគ្រឿងញៀន ។ ប៉ុន្តែគេនៅតែអនុញ្ញាតឱ្យហាងនានា ឬហៅថា «coffee shop» អាចលក់កញ្ឆាបាននៅក្រោមលក្ខខណ្ឌតឹងតែង ហើយលក្ខខណ្ឌ១ក្នុងចំណោមលក្ខខណ្ឌទាំងអស់ គឺមិនបង្កការរំខានដល់អ្នកដទៃ ។ រដ្ឋាភិបាលហូឡង់បានបញ្ជាទៅកាន់ហាងទាំងនេះ ហាមអញ្ជើញអ្នកញៀនថ្នាំមកពីបរទេស ៕
ប្រភព ៖ TNN World










