រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រោយពេលក្រុមមន្រ្ដីមន្ទីរបញ្ចកោណ បានអះអាង អំពីផែនការរបស់ចិន វាយលុក ទៅលើកោះតៃវ៉ាន់ នៅក្នុងឆ្នាំ២០២៧ខាងមុខ ក៏ជំរុញឲ្យសភារបស់សហរដ្ឋអាមេរិក កាលពីឆ្នាំ២០២២ បានអនុម័តនូវកញ្ចប់ថវិកា សម្រាប់ផ្ដល់ជំនួយយោធា មានទំហំទឹកប្រាក់ ១០ពាន់លានដុល្លារ បន្ថែមពីលើការទិញគ្រឿងយុទ្ធោករណ៍របស់ក្រុងតៃប៉ិ ប៉ុន្ដែឥឡូវនេះ ឧបការីរដ្ឋមន្រ្ដីក្រសួងការពារជាតិ ទទួលបន្ទុកកិច្ចការសន្ដិសុខ ប្រចាំនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក បានអះអាង ថា ក្រុងប៉េកាំង នឹងមិនវាយប្រហារ ទៅលើកោះតៃវ៉ាន់ នៅក្នុងពេលឆាប់ៗខាងមុខនេះឡើយ។
សារព័ត៌មាន Taiwan News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ថា លោក អេលី រ៉ាតណឺរ (Ely Ratner) ឧបការី រដ្ឋមន្រ្ដី ក្រសួងការពារជាតិ សហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការសន្ដិសុខ ប្រចាំនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក បានព្យាករ ថា ការប៉ះទង្គិចគ្នា នៅច្រកសមុទ្រតៃវ៉ាន់ នឹងមិនអាចកើនឡើង នៅមុនឆ្នាំ២០៣០នេះទេ។ ការលើកឡើងរបស់លោកឧបការី បានកើតឡើង នៅក្នុងអំឡុងពេលសវនាការរបស់គណៈកម្មាធិការទំនាក់ទំនងការបរទេស នៃព្រឹទ្ធសភា ស្តីអំពីគោលនយោបាយរបស់សហរដ្ឋអាមេរិក និង ចិន កាលពីថ្ងៃព្រហស្បតិ៍។
ឆ្លើយតបនឹងសំណួររបស់សមាជិកព្រឹទ្ធសភា លោក ម៉ាកូ រូប៊ីយ៉ូ (Marco Rubio) ថាតើចិន នឹងវាយប្រហារ ទៅលើកោះតៃវ៉ាន់ នៅក្នុងទសវត្សរ៍នេះឬយ៉ាងណានោះ លោកជំនួយការ រដ្ឋមន្រ្ដីក្រសួងការពារជាតិសហរដ្ឋអាមេរិក បានបញ្ជាក់ ថា «ខ្ញុំគិត ថា យើងនឹងអាចដឹង រហូតនៅចុងទសវត្សរ៍នេះ ហើយក្រុងប៉េកាំង នឹងឈ្លានពាន ប្រឆាំងនឹងតៃវ៉ាន់ នាពេលនេះឡើយ»។
លោក គ្រីស ម័រហ្វី (Chris Murphy) សមាជិក ព្រឹទ្ធសហរដ្ឋអាមេរិក បានចោទសួរទៅលោកឧបការី Ratner ថាតើគាត់គិត ថា ជម្លោះនៅច្រកសមុទ្រតៃវ៉ាន់ នឹងមិនអាចជៀសផុតបានទេ? លោកជំនួយការ រដ្ឋមន្ត្រី បានបញ្ជាក់ទៀត ថា លោក ឡយ អូស្ទីន (Lloyd Austin) រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក និង ក្រសួងការពារជាតិ មិនជឿ ថា ការឈ្លានពាន ទៅលើតៃវ៉ាន់ នឹងជិតមកដល់ ឬ ចៀសមិនរួចនោះឡើយ ហើយការវាយតម្លៃរបស់យើង នឹងធ្វើបន្តទៀត។
លោក អេលី រ៉ាតណឺរ (Ely Ratner) ឧបការី រដ្ឋមន្រ្ដី បានបន្ថែម ថា ក្រសួងការពារជាតិសហរដ្ឋអាមេរិក កំពុងតែផ្ដោត ទៅលើការទប់ស្កាត់ អស់រយៈពេលជាយូរមកហើយ រហូតទៅថ្ងៃអនាគត។ សហរដ្ឋអាមេរិក នឹងបន្តនូវកិច្ចសហប្រតិបត្តិការជាមួយសម្ពន្ធមិត្ត នៅក្នុងតំបន់ និងប្រទេសជាដៃគូ ដើម្បីថែរក្សាតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ប្រកបដោយសេរី និង បើកចំហ។.jpg)
ឧបការី រដ្ឋមន្រ្ដី ក្រសួងការពារជាតិ សហរដ្ឋអាមេរិក បានថ្លែងជាដដែល ថា «សហរដ្ឋអាមេរិក បានបង្កើននូវការយល់ដឹង និង ការប្រាស្រ័យទាក់ទងជាមួយតៃវ៉ាន់ អំពីតម្រូវការការពាររបស់ក្រុងតៃប៉ិ សម្រាប់ការរារាំងជម្លោះ។ ជាមួយគ្នានេះ ក្រុងវ៉ាស៊ីនតោន បានប្តេជ្ញាចិត្ត ចំពោះការសន្យារបស់ខ្លួន ដែលបានចុះហត្ថលេខា នៅក្នុងច្បាប់ទំនាក់ទំនងតៃវ៉ាន់ (ហៅកាត់ TRA) រួមទាំងការផ្តល់ឱ្យគ្រឿងយុទ្ធោបករណ៍ ជួយដល់តៃវ៉ាន់ ដើម្បីបង្កើននូវសមត្ថភាពស្វ័យការពារ និង ការរក្សាសមត្ថភាពផ្ទាល់ខ្លួនរបស់យើង នៅក្នុងការទប់ទល់នឹងការប្រើប្រាស់កម្លាំងយោធាណាមួយ បង្កឲ្យគ្រោះថ្នាក់ ដល់សន្តិសុខរបស់ប្រជាជនតៃវ៉ាន់»។
លោក ចន ឃើរប៊ី (John Kirby) អ្នកសម្របសម្រួល ក្រុមប្រឹក្សាសន្ដិសុខជាតិ សម្រាប់ទំនាក់ទំនងយុទ្ធសាស្រ្ដរបស់សហរដ្ឋអាមេរិក បានថ្លែងទៅកាន់សន្និសីទសារព័ត៌មាន កាលពីថ្ងៃពុធ ថា សហរដ្ឋអាមេរិក ទទួលខុសត្រូវយ៉ាងធ្ងន់ធ្ងរ សម្រាប់ជួយដល់តៃវ៉ាន់ ឲ្យមានសមត្ថភាពការពារខ្លួន។ ទន្ទឹមគ្នានេះ ក្រសួងការពារជាតិតៃវ៉ាន់ ក៏បានប្រកាស នៅថ្ងៃដដែលនោះ ថា តៃវ៉ាន់ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងចំនួន២ ជាមួយនឹងសហរដ្ឋអាមេរិក មានតម្លៃ៨៥,៣២លានដុល្លារសហរដ្ឋអាមេរិក ដើម្បីធានាដល់ការជួសជុសយន្ដហោះចម្បាំង ប្រភេទ F-16 ជាច្រើនគ្រឿងរបស់ខ្លួន។
សារព័ត៌មាន Defense News បានរាយការណ៍ ថា សភា និង ព្រឹទ្ធសភារបស់សហរដ្ឋអាមេរិក កាលពីខែធ្នូ បានអនុម័ត លើការចំណាយមួយ ដោយរាប់បញ្ចូលទាំងប្រាក់កម្ចី សម្រាប់ទិញគ្រឿងសព្វាវុធ មានទំហំទឹកប្រាក់២ពាន់លានដុល្លារ សម្រាប់តៃវ៉ាន់។ ដោយឡែក កញ្ចប់ថវិកា មានទំហំ ១,៧លានលានដុល្លារ សម្រាប់ការចំណាយរបស់រដ្ឋាភិបាលអាមេរិក នាឆ្នាំ២០២៣ ហើយត្រូវបានចុះហត្ថលេខា ដោយលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០២២នោះ ក៏មានចំណែកចំនួន១០ពាន់លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ជំនួយសន្ដិសុខ ជួយដល់កោះតៃវ៉ាន់ រយៈពេល៥ឆ្នាំផងដែរ។
ដោយឡែក ការគំរាមកំហែងរបស់ចិន ទៅលើកោះតៃវ៉ាន់ បានជំរុញឲ្យក្រុងតៃប៉ិ បង្កើននូវកញ្ចប់ថវិកាការពារជាតិរបស់ខ្លួន រាប់ពាន់លានដុល្លារអាមេរិក សម្រាប់ទិញគ្រឿងយុទ្ធោករណ៍ ពីលោកខាងលិច ជាពិសេស សហរដ្ឋអាមេរិក ដើម្បីយកមកត្រៀមទប់ទល់ ប្រឆាំងនឹងការវាយលុករបស់ក្រុងប៉េកាំង។ ក្រៅពីនេះ តៃវ៉ាន់ ក៏បានបង្កើន និង បាញ់សាកល្បងមីស៊ីលរបស់ខ្លួន ហើយវាមានសមត្ថភាព វាយប្រហារដល់តំបន់ភាគកណ្ដាល ប្រទេសចិន ថែមទៀតផង។ បច្ចុប្បន្ន ក្រុងតៃប៉ិ កំពុងតែផ្ដោតយ៉ាងសំខាន់ ទៅលើការបង្កើតដ្រូន សម្រាប់ឈ្លបយកការណ៍ និង វាយប្រហារ ជាច្រើនប្រភេទ ដើម្បីប្រើប្រាស់ នៅក្នុងវិស័យយោធារបស់ខ្លួន៕
.jpg)










