សហរដ្ឋអាមេរិក ៖ កាលពីខែមករា មន្ត្រីយោធាជាន់ខ្ពស់របស់អាមេរិកបានផ្ញើលិខិតទៅកាន់សភាថា បច្ចុប្បន្ន ប្រទេសចិនមានប្រព័ន្ធបាញ់កាំជ្រួចឆ្លងទ្វីបច្រើនជាងអាមេរិក ហើយវាជាបញ្ហាសំខាន់មួយទៀតដែលអាមេរិកមើលឃើញថា ចិនបានបង្កើនសមត្ថភាពយោធារបស់ខ្លួនជាបន្តបន្ទាប់ ។
លិខិតរបស់លោកឧត្តមសេនីយ៍ Anthony Cotton មេបញ្ជាការយុទ្ធសាស្ត្រទ័ព ដែលលោកជាអ្នកគ្រប់គ្រងឃ្លាំងអាវុធនុយក្លេអ៊ែររបស់អាមេរិកនិយាយថា តាមទិន្នន័យកាលពីខែតុលា ឆ្នាំ២០២២ បង្ហាញថា ប្រព័ន្ធបាញ់កាំជ្រួចឆ្លងទ្វីបដែលមានមូលដ្ឋាននៅលើដី និងចល័តរបស់ចិន គឺមានចំនួនច្រើនជាងប្រព័ន្ធបាញ់កាំជ្រួចឆ្លងទ្វីបរបស់អាមេរិក ។ ទោះយ៉ាងណា អាមេរិកមានកាំជ្រួចឆ្លងទ្វីប និងក្បាលគ្រាប់នុយក្លេអ៊ែរច្រើនជាងចិន ។:quality(70)/cloudfront-us-east-1.images.arcpublishing.com/archetype/4CRRJLSF7FFSFGT66EGYASH5HQ.jpg)
បើទោះជាអាមេរិកមានឃ្លាំងនុយក្លេអ៊ែរធំជាងចិនក្តី ប៉ុន្តែការព្យាយាមរបស់ចិនក្នុងការកែលម្អ និងបង្កើនសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួនជាបន្តបន្ទាប់ បានធ្វើឱ្យសមាជិកសភា និងមេទ័ពអាមេរិកបារម្ភពីបញ្ហានេះ ។ ប៉ុន្តែរាយការណ៍ពីសារព័ត៌មាន CNN មិនបានបញ្ជាក់ថា ប្រព័ន្ធបាញ់កាំជ្រួចឆ្លងទ្វីបរបស់ចិនមានចំនួនប៉ុន្មានទេ ។
ព័ត៌មាននេះកើតឡើងស្របពេលមានស្ថានការណ៍កាន់តែតានតឹងរវាងអាមេរិក និងចិន ដោយសារបាឡុងចារកម្មរបស់ចិនបានហោះបំពានលើដែនអាកាសអាមេរិក ដែលធ្វើឱ្យលោក Anthony Blinken រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក ប្រកាសផ្អាកការធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន ដោយលើកហេតុផលថា បាឡុងរបស់ចិនជាការរំលោភលើអធិបតេយ្យភាពរបស់អាមេរិក និងច្បាប់អន្តរជាតិយ៉ាងច្បាស់ក្រឡែត ។
តាមទិន្នន័យក្នុងឆ្នាំ២០២២ បញ្ជាក់ថា អាមេរិកមានក្បាលគ្រាប់នុយក្លេអ៊ែរទាំងអស់ជាង៥.០០០គ្រាប់ ខណៈចិនមានជាង៤០០គ្រាប់ ។ រីឯរបាយការណ៍របស់មន្ទីរបញ្ចកោណចេញផ្សាយកាលពីខែវិច្ឆិកា ឆ្នាំ២០២២ ថា ចិនកំពុងជំរុញការសាងសង់ឃ្លាំងអាវុធនុយក្លេអ៊ែរយ៉ាងឆាប់រហ័ស ហើយបើចិននៅតែរក្សាល្បឿនផលិតនុយក្លេអ៊ែរដូចបច្ចុប្បន្ននេះ ចិននឹងអាចមានក្បាលគ្រាប់នុយក្លេអ៊ែររហូតដល់១.៥០០គ្រាប់ក្នុងឆ្នាំ២០៣៥ ៕
ប្រភព ៖ thestandard










