ប្រទេសអង់គ្លេស ៖ សារព័ត៌មាន CNN រាយការណ៍ថា ប្រធានាធិបតីប្រទេសអ៊ុយក្រែន លោក Volodymy Zelensky បានធ្វើដំណើរទៅដល់ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេសកាលពីថ្ងៃទី៨ ខែកុម្ភៈ ។ ប្រធានាធិបតីអ៊ុយក្រែនបានអំពាវនាវឱ្យប្រទេសលោកខាងលិចបញ្ជូនអាវុធបន្ថែមទៀតដើម្បីទប់ទល់ជាមួយកងទ័ពរុស្ស៊ី ។

មន្ត្រីអង់គ្លេសបង្ហាញថា លោក Zelensky បានជួបជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Richie Sunak ហើយនឹងថ្លែងសុន្ទរកថានៅក្នុងសភា ។ ជាមួយគ្នានេះ សារព័ត៌មាន BBC រាយការណ៍ថា ព្រះរាជវាំង Buckingham បានជូនដំណឹងថា លោក Zelensky នឹងចូលគាល់ព្រះមហាក្សត្រអង់គ្លេស Charles ទី៣ ផងដែរ ។

កាលពីថ្ងៃទី៨ ខែកុម្ភៈ ប្រទេសអង់គ្លេសបានប្រកាសតាមសេចក្តីថ្លែងការណ៍ថា នឹងបញ្ជូនអាវុធឱ្យអ៊ុយក្រែនបន្ថែមទៀតដើម្បីទប់ទល់នឹងការវាយលុកពីកងទ័ពរុស្ស៊ី ។ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Sunak ថ្លែងថា អង់គ្លេសនឹងបណ្តុះបណ្តាលអ្នកបើកយន្តហោះ និងកងម៉ារីនអ៊ុយក្រែន ព្រមទាំងបញ្ជាក់ថា ពាក្យសន្យារបស់អង់គ្លេសជាមួយអ៊ុយក្រែន គឺជាពាក្យសន្យារយៈពេលវែង ។ លើសពីនេះ អង់គ្លេសនឹងស្វែងរកកាំជ្រួចបាញ់បានឆ្ងាយជាងមុនឱ្យអ៊ុយក្រែន ប៉ុន្តែអង់គ្លេសមិនបាននិយាយលម្អិតទាក់ទងនឹងការបញ្ជូនយន្តហោះចម្បាំងតាមការស្នើសុំរបស់អ៊ុយក្រែនទេ ។Zelensky makes plea to MPs for jets during visit to Britain | News | The  Times

ការធ្វើទស្សនកិច្ចមកកាន់អង់គ្លេសរបស់លោក Zelensky លើកនេះចាត់ទុកថា ជាការធ្វើដំណើរចេញក្រៅប្រទេសលើកទី២ តាំងពីរុស្ស៊ីវាយលុកអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ។ កាលពីខែធ្នូ ឆ្នាំ២០២២ លោក Zelensky បានធ្វើដំណើរទៅកាន់អាមេរិក ដើម្បីសុំជំនួយផ្នែកកងទ័ពពីប្រទេសលោកខាងលិច ដោយអ៊ុយក្រែននិយាយថា រុស្ស៊ីកំពុងតែត្រៀមខ្លួនវាយលុកអ៊ុយក្រែនក្នុងរដូវនិទាឃរដូវខាងមុខ ។

សេចក្តីថ្លែងការណ៍បញ្ជាក់ដែរថា អង់គ្លេសនឹងដាក់ទណ្ឌកម្មរុស្ស៊ីបន្ថែមទៀត ដើម្បីឆ្លើយតបនឹងរុស្ស៊ីបានទម្លាក់គ្រាប់បែកជាបន្តបន្ទាប់មកលើអ៊ុយក្រែន រួមទាំងកំណត់គោលដៅបុគ្គលដែលជួយលោក ពូទីន ក៏ដូចជាក្រុមហ៊ុននានាទទួលប្រយោជន៍ពីសង្គ្រាម ។Rishi Sunak meets Zelensky for first time on surprise Ukraine visit

គួរបញ្ជាក់ថា អង់គ្លេសជាប្រទេសដំបូងបានប្រកាសកាលពីពាក់កណ្តាលខែមករាថា នឹងបញ្ជូនរថក្រោះ Challenger 2 ឱ្យអ៊ុយក្រែន បន្ទាប់ពីនេះមានប្រទេសអាល្លឺម៉ង់ និងអាមេរិកប្រកាសថា នឹងបញ្ជូនរថក្រោះ Leopard 2 និង M1 Abrams ឱ្យអ៊ុយក្រែនដែរ ក្រោយពីរងការដាក់សម្ពាធពីប្រទេសនានាឱ្យបញ្ជូនរថក្រោះជួយអ៊ុយក្រែន ៕

ប្រភព ៖ TNN World