រដ្ឋធានីមូស្គូ៖ សង្គ្រាមដ៏ឃោរឃៅ នៅក្នុងប្រទេសអ៊ុយក្រែន បាន និង កំពុងតែបង្កនូវមហាវិនាសកម្មយ៉ាងធ្ងន់ធ្ងរ ដោយបាន និង កំពុងតែបំផ្លិចបំផ្លាញហេដ្ឋរចនាសម្ព័ន្ធ អស់រាប់រយពាន់លានដុល្លារអាមេរិក ហើយបន្ដសម្លាប់ជនស៊ីវិល រាប់ម៉ឺននាក់ និង បង្កការខូចខាតទាំងរបួស និង ស្លាប់ ដល់ទាហានទាំងសងខាង ប្រហែលជាជិត៣០ម៉ឺននាក់ ប៉ុន្ដែរហូតមកដល់ពេលនេះ ក៏មានសេចក្ដីរាយការណ៍ អំពីអាជ្ញាធរក្រុងមូស្គូ បានចាប់ទាហានរបស់ខ្លួន មិនទៅប្រយុទ្ធ ដាក់នៅក្នុងពន្ធនាគារ ថែមទៀតផង។

សារព័ត៌មាន Ukrinform បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី៨ ខែកុម្ភៈ ថា នៅក្នុងតំបន់សេវ៉ាស្ដូប៉ូល (Sevastopol) ដែលរុស្ស៊ីបានរឹបអូសយក ទៅគ្រប់គ្រងជាបណ្ដោះអាសន្ន មានទាហាន ចំនួន២នាក់ បានមើលងាយនឹងបទបញ្ជា ទៅប្រយុទ្ធប្រឆាំងនឹងអ៊ុយក្រែន ក៏ត្រូវបានតុលាការរុស្ស៊ី គ្រប់គ្រងតំបន់នោះ កាត់ទោសឱ្យជាប់ពន្ធនាគារ។ រឿងរ៉ាវនេះ ត្រូវបានបង្ហោះ ដោយបណ្ដាញតេឡេក្រាម Crimean Wind ហើយត្រូវបាន Ukrinform លើកយកសេចក្ដីរាយការណ៍នោះ យកមកចុះផ្សាយបន្ដ។Drone Hits Russia's Black Sea Fleet Headquarters in Sevastopol

បើតាមសេចក្ដីរាយការណ៍នោះ បានឲ្យដឹង ថា «តុលាការ នៅក្នុងតំបន់ Sevastopol បានកាត់ទោសជាលើកដំបូង នៅក្នុងសំណុំរឿងព្រហ្មទណ្ឌ ទាក់ទងនឹងទាហានបដិសេធអនុវត្តដីកា»។ ជាការកត់សម្គាល់ ទៅលើទណ្ឌិតទាំង២នាក់នោះ គឺជាបងប្អូនជីដូនមួយ ហើយពួកគេធ្វើជាទាហាន នៅតំបន់យោធភូមិភាគបែលហ្គោរ៉ូដ (Belgorod) នៃតំបន់អាមូរ (Amur) ប្រទេសរុស្ស៊ី។

ទាហានទាំង២នេះ ត្រូវបានកាត់ទោស ឲ្យជាប់ពន្ធនាគារ ក្រោមមាត្រាព្រហ្មទណ្ឌ «មិនអនុវត្តដីកា»។ ទាហានទាំង២នាក់ ជាបងប្អូនជីដូនមួយនេះ មានម្នាក់ ត្រូវកាត់ទោសដាក់ពន្ធនាគារ រយៈពេល៣ឆ្នាំ និង ៤ខែ ហើយម្នាក់ទៀត ត្រូវជាប់គុក រយៈពេល៣ឆ្នាំ និង ៥ខែ។Exiled Crimean Tatar Leader Gets Six Years

លោក រ៉េហ្វាត ជូបារ៉ូវ (Refat Chubarov) ប្រធានចលនាតស៊ូរបស់អ៊ុយក្រែន នៅតំបន់គ្រីមៀ បានបញ្ជាក់ ថា ទាហានរុស្ស៊ី មួយចំនួន ត្រូវបានដាក់ពង្រាក់ពង្រាយ នៅតំបន់គ្រីមៀ (Crimea) ។

បើតាមការិយាល័យរបស់ឧត្ដមស្នងការ ទទួលបន្ទុកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ (OHCHR) បានឲ្យដឹង ថា សង្គ្រាម នៅអ៊ុយក្រែន ចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដល់ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានធ្វើឲ្យរងគ្រោះ ដល់ជនស៊ីវិល ចំនួន ១៨ ៨១៧នាក់ ហើយក្នុងនោះស្លាប់ ៧ ១៥៥នាក់ និង រងរបួស ចំនួន ១១ ៦៦២នាក់។ ចំណែកអ្នកស្លាប់ និង រងរបួស អាចនឹងនៅតែបន្ដកើនឡើង ព្រោះការប្រយុទ្ធគ្នា កំពុងតែបន្ដជារៀងរាល់ថ្ងៃ។Does Russia's military build-up mean war with Ukraine is imminent?

ដោយឡែក អគ្គសេនាធិការ កងទ័ពអ៊ុយក្រែន បានបញ្ជាក់ ថា សង្គ្រាម ចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដល់ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ កងទ័ពអ៊ុយក្រែន បានសម្លាប់ទាហានរុស្ស៊ី ចំនួន ១៣៣ ១៩០នាក់។ ប៉ុន្ដែអ៊ុយក្រែន មិនបានបញ្ជាក់ អំពីចំនួនកងទ័ពរបស់ខ្លួន ស្លាប់ និង របួស នៅក្នុងសង្គ្រាមនេះឡើយ ហើយក៏មិនទាន់មានប្រភពព័ត៌មានឯករាជ្យណាមួយ បញ្ជាក់នោះដែរ ។ ផ្ទុយទៅវិញ សម្រាប់រុស្ស៊ី កាន់តែលាក់បាំងខ្លាំងបំផុត អំពីចំនួនទាហានរបស់ខ្លួនស្លាប់ និង របួស ដោយចាត់ទុក ថា នេះជាកិច្ចការសម្ងាត់ នៃសន្ដិសុខជាតិ ហើយសូម្បីតែប្រជាជនរបស់ខ្លួន ជជែកវែកញែក ពាក់ព័ន្ធនឹងកងទ័ព ក៏អាចត្រូវប្រឈមមុខនឹងការជាប់គុកច្រវាក់ផងដែរ។Russia's ambitions, Ukraine's resistance, and the West's response

បើតាមធនាគារពិភពលោក និង ក្រុមមន្រ្ដីជំនាញរបស់អ៊ុយក្រែន ធ្លាប់លើកឡើង អំពីការវាយតម្លៃរបស់ខ្លួន លើការខូចខាត ដោយសារសង្គ្រាម កាលពីអំឡុងខែតុលា ឆ្នាំ២០២២ ថា សង្គ្រាមរបស់រុស្ស៊ី អស់រយៈពេលជិត១ឆ្នាំកន្លងមកនេះ បានធ្វើឲ្យប្រទេសអ៊ុយក្រែន ខូចខាត មានទំហំទឹកប្រាក់ ចន្លោះពី៣៥០ពាន់លានដុល្លារ ទៅ៧០០ពាន់លានដុល្លារ។ ប៉ុន្ដែចាប់តាំងពីក្រុមជំនាញ បានវាយតម្លៃ នាពេលនោះ រហូតមកដល់ពេលនេះ សង្គ្រាមនៅតែបន្ដវាយប្រយុទ្ធគ្នា កាន់តែខ្លាំងឡើង ដូច្នេះទំហំ នៃការខូចខាត និងការបំផ្លិចបំផ្លាញ អាចនឹងបន្ដកើនឡើងខ្ពស់៕