ភ្នំពេញ៖ ក្នុងឆ្នាំ២០២២ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចំណូលប្រមូលបានចំនួន ១០ ៩៩៨.៩ ប៊ីលានរៀល (ស្មើនឹងប្រមាណ ២ ៦៩០.៥ លានដុល្លារអាមេរិក) កើនឡើង ១៨.៣% ធៀបនឹងចំណូលប្រមូលបានក្នុងឆ្នាំ២០២១។
លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឲ្យដឹងថា លទ្ធផលនេះ គឺសម្រេចបាន ១០៤.៩% នៃផែនការដែលកំណត់ដោយច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។
នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគយ និងរដ្ឋាករប្រចាំឆ្នាំ២០២២ នៅសណ្ឋាគារសង្គហមិត្ត ខេត្តកែប ក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកគុណ ញឹម បាបញ្ជាក់ថា បើគិតតាមប្រភេទពន្ធ និងអាករ ឃើញថា អាករលើតម្លៃបន្ថែមមានចំនួន ៤ ១៦៩.៨ ប៊ីលានរៀល (ត្រូវជា ៣៧.៩%នៃចំណូលសរុប), អាករពិសេសមានចំនួន ៤ ១៥១.៦ ប៊ីលានរៀល (ត្រូវជា ៣៧.៧% នៃចំណូលសរុប), ពន្ធគយមានចំនួន ២ ០៨៧ ប៊ីលានរៀល (ត្រូវជា ១៩% នៃចំណូលសរុប), អាករបន្ថែមលើផលិតផលប្រេងឥន្ធនៈមានចំនួន ៣៦៧.២ ប៊ីលានរៀល (ត្រូវជា ៣.៣% នៃចំណូលសរុប), និងអាករនាំចេញនិងកម្រៃផ្សេងៗមានចំនួន ២២៣.៤ ប៊ីលានរៀល (ត្រូវជា ២.១% នៃចំណូលសរុប)។
ចំពោះចំណូលតាមក្រុមទំនិញឃើញថា យានយន្ត និងគ្រឿងចក្រមានចំនួន ៥ ០៧៨.៧ ប៊ីលានរៀល (ត្រូវជា ៤៦.២% នៃចំណូលសរុប), ទំនិញចម្រុះមានចំនួន ៣ ០៣២.៦ ប៊ីលានរៀល (ត្រូវជា ២៧.៦% នៃចំណូលសរុប), ផលិតផលតេលសិលាមានចំនួន ២ ២៣៨ ប៊ីលានរៀល (ត្រូវជា ២០.៣% នៃចំណូលសរុប), និងសម្ភារសំណង់និងកម្រៃផ្សេងៗមានចំនួន ៦៤៩.៥ ប៊ីលានរៀល (ត្រូវជា ៥.៩% នៃចំណូលសរុប)។
ដោយឡែក ទំហំពាណិជ្ជកម្មនាំចូលមានចំនួន ២៥ ៤៦០.៤ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១១.៩% ធៀបនឹងឆ្នាំ២០២១ ដែលក្នុងនោះទំនិញនាំចូលសំខាន់ៗមានជាអាទិ៍ យានយន្តនិងគ្រឿងចក្រ, ផលិតផលតេលសិលា, វត្ថុធាតុដើម និងគ្រឿងម៉ាស៊ីន បម្រើដល់គម្រោងវិនិយោគ, គ្រឿងសំណង់, គ្រឿងឧបភោគ-បរិភោគ និងទំនិញចម្រុះផ្សេងទៀត។
ទំហំពាណិជ្ជកម្មនាំចេញមានចំនួន ២២ ៤៤៧.២លានដុល្លារអាមេរិក កើនឡើង១៦.៧% ធៀបនឹងឆ្នាំ២០២១ ដែលក្នុងនោះ ផលិតផលកាត់ដេរមានកំណើន ១៤.១%, ផលិតផលវិនិយោគមិនមែនកាត់ដេរ (ដូចជា គ្រឿងបំណែកអេឡិចត្រូនិក បង្គុំខ្សែភ្លើង កង់ ផលិតផលពីឈើ ផលិតផលប្លាស្ទិច គ្រឿងបន្លាស់រថយន្ត និងផលិតផលឧស្សាហកម្មផ្សេងៗទៀត) មានកំណើន ២៦.២%, និងកសិផលមានកំណើន ៦.៦%៕










