បាត់ដំបង៖ ស្ទឹងសង្កែជាស្ទឹងដ៍សំខាន់មួយហូរកាត់ ទីប្រជុំជនក្រុងបាត់ដំបង ស្ទឹងនេះមានប្រភពនៅភ្នំទឹកព្រិល ដែលជាភ្នំខ្ពស់មួយនៅតំបន់ប៉ៃលិនដែលគេហៅថា ស្រុកលើ មានស្ទឹង អូរតូចៗ ជាច្រើនហូរចាក់មក អូរក្បាលក្របី អូរគគីរ ស្ទឹងក្រញូង អូរស្ពាន អូរត្រែង ស្ទឹងកំពង់គល់។

មន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឲ្យដឹងថា កាលពីដើមឡើយ នៅប្រមាណ ៣គ.ម ខាងត្បូងទីប្រជុំជនក្រុងបាត់ដំបង ស្ទឹងសង្កែហូរបែកជាពីរ គឺអូរដំបង និងអូរសង្កែ។ តែក្រោយមក គេបានចាត់ចែង ទប់ស្ទឹងអូរដំបងនេះ ដើម្បីអោយទឹកហូរមកតែមួយផ្លូវ តាមស្ទឹងដដែល ដែលហូរកាត់ទីប្រជុំជនបាត់ដំបង។ដងស្ទឹងសង្កែ - Visit Cambodia

តាមសេចក្តីដំណាលរបស់ចាស់ទុំមុនៗ និយាយថា ស្ទឹងសង្កែ កាលពីដើមជាស្ទឹងតូចមួយ មានទទឹងប្រហែល ៤ទៅ ៥ ម៉ែត្រត្រង់មុខវត្តសង្កែ ហើយមានដើមសង្កែមួយដុះទេរទៅត្រើយម្ខាង គេដើរលើដើមសង្កែនោះឆ្លងស្ទឹងបាន បានជាដីត្រង់នោះគេហៅថាគុម្ភសង្កែៗ។ តមកគេបានសាង វត្តមួយឡើងហៅថា វត្តសង្កែឯតួស្ទឹងធំសម្រាប់បាត់ដំបង គឺនៅត្រង់ភូមិ អូរដំបង សព្វថ្ងៃនេះ បានជានៅចុងស្ទឹងនេះ គេហៅថា ស្ទឹងចាស់ គឺនៅត្រង់ ភូមិស្ទឹងចាស់។ ក្នុងឱកាសដែលទប់ស្ទឹងនោះ គេធ្វើទំនប់ត្រង់ស្ទឹងបែកក្បែរ វត្តខ្វែង ប៉ុន្តែទប់មិនជាប់ ចេះតែបាក់ជាច្រើនដងច្រើនគ្រា ទើបពេលក្រោយមកគេយកទូកថ្វែធំមួយមកដាក់ទទឹងព្រែក ហើយដាក់ដីធ្វើជាទំនប់។កម្ពស់ទឹកស្ទឹងសង្កែ បានស្រកចុះជាបន្តបន្ទាប់  ជិតឈានមកមករកភាពប្រក្រតីឡើងវិញហើយ - Puthi News

មានចាស់ៗជាច្រើនដែលបានចាំរឿងរ៉ាវនិយាយតៗគ្នាមកថា គេធ្វើពិធីបួងសួង ដោយសំលាប់ស្រ្តីមានគភ៏ម្នាក់ បូជាវត្ថុសក្កិសិទ្ធិ ដែលថែរក្សាទំនប់នេះផងដែរ។ ត្រង់នេះហៅថាព្រែកពណ្ណរាយ មានចាស់ទុំមួយក្រុមទៀត បាននិយាយថា គេបានធ្វើសាលាតំកល់បដិមាបីអង្គ គឺព្រះពុទ្ធារា ព្រះហស្ថ១ ព្រះពុទ្ធប្រក់នាគ១ អង្គ និងព្រះនរាយណ៍មួយអង្គ នៅក្បែរទំនប់នោះ។ តាំងពីថ្ងៃនោះមក ទំនប់ក៍លែងបាក់ ទឹកស្ទឹងក៍ហូរតាមស្ទឹងបាត់ដំបង កាន់តែធំឡើងៗ។

ស្ទឹងដែលហូរតាមអូរដំបងក៍កាន់តែរាក់តូចទៅៗ បន្តិចម្តងៗ នេះបើតាមឯកសាររបស់ព្រះគ្រូ សិរីសត្ថា កែវ សាង អនុគណៈ ស្រុកបាត់ដំបង បានពណ៏នា។ តាមឯកសារ បានសន្និដ្ធានបានថា ទំនប់នេះប្រហែលជាត្រូវបានសាងសង់មុនឆ្នាំ ១៧៩៥ ទៅទៀត៕