រឿងរ៉ាវ​ព្រះបាទ​ត្រសក់ផ្អែម​ មាន​លក្ខណៈ​បែប​រឿង​ព្រេង​និទាន​តំណាល​តៗ​គ្នា ជា​ជាង​រឿងរ៉ាវ​ដែល​ឆ្លុះ​បញ្ចាំង​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដែល​កើត​មាន​ពិត។ កសិករ​ដាំ​ត្រសក់​ដែល​ក្រោយ​មក​ត្រូវ​គេ​លើក​តម្កើង​អោយ​ទៅ​ជា​ព្រះមហាក្សត្រ​ព្រះបាទ​ត្រសក់ផ្អែម នោះ ត្រូវ​គេ​តំណាល​ថា មាន​នាម​ដើម​ថា ពញាជ័យ ត្រូវ​ជា​បង​របស់ ពញាសួស។ ត្រសក់​របស់​គាត់​ល្បី​សព្វ​សាយ​ថា​មាន​រសជាតិ​ផ្អែម​ពិសេស។ ក្រោយ​ពី​បាន​បេះ​ត្រសក់​យក​ទៅ​ថ្វាយ​ព្រះរាជា ហើយ​ត្រូវ​បាន​ព្រះអង្គ​សព្វ​ព្រះរាជ​ហឫទ័យ​យ៉ាង​ខ្លាំង​មក ព្រះរាជា​ក៏​បាន​ប្រទាន​លំពែង​ស័ក្តិសិទ្ធិ​មួយ​ដល់​នាយ​ត្រសក់ផ្អែម ដើម្បី​ទុក​ការពារ​ចម្ការ ហើយ​បាន​ដាក់​បញ្ជា​ថា កុំ​អោយ​នាយ​ត្រសក់ផ្អែម បេះ​ត្រសក់​នេះ​លក់ដូរ ឬ​អោយ​ទៅ​អ្នក​ណា​អោយ​សោះ។

យប់​មួយ ដើម្បី​សាកល្បង​មើល​ថា តើ​នាយ​ត្រសក់ផ្អែម មាន​ភក្តី​ភាព​ចំពោះ​ព្រះ​បន្ទូល​របស់​ព្រះអង្គ ឬ​ក៏​អត់​នោះ ព្រះមហាក្សត្រ​ក៏​បាន​លប​ចូល​ទៅ​ក្នុង​ចម្ការ​ត្រសក់​របស់​នាយ​ត្រសក់ផ្អែម។ នាយ​ត្រសក់ផ្អែម ឃើញ​មនុស្ស​ចូល​ចម្ការ គិត​ថា​ជា​ចោរ ក៏​ចោល​លំពែង ហើយ​ត្រូវ​ព្រះមហាក្សត្រ​សុគត​ទៅ។ ដោយ​ព្រះមហាក្សត្រ​អង្គ​នេះ​ពុំ​មាន​ព្រះរាជបុត្រ​នឹង​សោយរាជ្យ​ស្នង ហើយ​ដោយ​យល់​ថា ពញាជ័យ នេះ ជា​អ្នក​មាន​បុណ្យ​ផង អស់​សេនាបតី​មន្ត្រី​ទាំង​ពួង ក៏​អញ្ជើញ​គាត់​អោយ​ឡើង​សោយរាជ្យ​ដែល​មាន​ព្រះនាម​ក្នុង​រាជ្យ​ថា ព្រះបាទ​សម្ដេច​ព្រះរាជ​ឱង្ការ ព្រះ​បរម​រាជា​ធិរាជជ័យ។ប្រវត្តិសាស្រ្ត៖ តើតាត្រសក់ផ្អែម ឡើងគ្រងរាជ្យដោយចៃដន្យ ឬ ដោយបដិវត្តន៍សាសនា?  - WMC

ក៏ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អ្នក​ស្រាវជ្រាវ និង​ប្រវត្តិវិទូ​មួយ​ចំនួន បាន​ចាត់​ទុក​ថា ដំណើរ​រឿង​តា​ត្រសក់ផ្អែម ដែល​ជា​ឃាតក​សម្លាប់​ព្រះមហាក្សត្រ ហើយ​ត្រូវ​គេ​លើក​អោយ​ឡើង​សោយរាជ្យ​នេះ មាន​ចរិត​ជា​លក្ខណៈ​រឿង​ប្រឌិត​ជាង​ការ​ពិត​ប្រវត្តិសាស្ត្រ។ ផ្លែ​ត្រសក់​នោះ ទោះ​ជា​មាន​រសជាតិ​ពិសេស​បែប​ណា ក៏​ព្រះមហាក្សត្រ​ក៏​មិន​សោយ​តែ​មួយ​អង្គ​ឯង​អស់​ត្រសក់​មួយ​ចម្ការ រហូត​ដល់​ទៅ​លប​យាង​ចូល​ទៅ​ឃ្លាំ​មើល​សកម្មភាព​របស់​នាយ​ត្រសក់ផ្អែម​ទាំង​យប់​អាធ្រាត្រ​នោះ​ដែរ។ ម្យ៉ាង​ទៀត ជា​ព្រះមហាក្សត្រ ព្រះអង្គ​មាន​សេនា​អាមាត្យ​មេនំមេនាង​ឆ្វេង​ស្តាំ ដែល​ព្រះអង្គ​អាច​ចាត់​អោយ​លប​ចូល​ចម្ការ​បាន ដោយ​មិន​ចាំបាច់​បំពេញ​ព្រះរាជកិច្ច​ឃ្លាំ​មើល​សកម្មភាព​តា​ត្រសក់ផ្អែម​ដោយ​ព្រះអង្គ​ផ្ទាល់​នោះ​ទេ។

នេះ គឺ​ជា​ទស្សនៈ​របស់​អ្នក​ស្រាវជ្រាវ​មួយ​ចំនួន ក៏ប៉ុន្តែ​បើ​ផ្អែក​លើ​ពង្សាវតារ​នៃ​ប្រទេស​កម្ពុជា វិញ បន្ទាប់​ពី​ឡើង​សោយរាជ្យ​ហើយ ព្រះបាទ​ត្រសក់ផ្អែម ទ្រង់​បាន​រៀប​អភិសេក​ជាមួយ​ព្រះរាជ​បុត្រី​នៃ​ព្រះបាទ​ជ័យវរ្ម័នទី៩ ជា​មហេសី ហើយ​ថ្វាយ​ព្រះនាម​ថា សម្ដេច​ព្រះ​ភគវតី​សិរី​ចន្ទ្រា​មហាក្សត្រី ដោយ​មាន​ព្រះរាជ​បុត្រា​ពីរ​ព្រះអង្គ គឺ​ព្រះបាទ​បរមនិព្វាន្តបាទ និង​ព្រះបាទ​សុទ្ឋានរាជា៕