សៀមរាប ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣៖ មន្ទីរពេទ្យកុមារអង្គរ គឺជាអង្គការក្រៅរដ្ឋាភិបាល មិនស្វែងរកប្រាក់ចំណេញ មានទីតាំងនៅក្នុងខេត្តសៀមរាប។ ចាប់តាំងពីឆ្នាំ១៩៩៩មក មន្ទីរពេទ្យកុមារអង្គរបានផ្តល់ការពិនិត្យ ព្យាបាល ថែទាំប្រកបដោយគុណភាពខ្ពស់ និងក្តីមេត្តាករុណា និងឥតគិតកម្រៃ ដល់កុមារប្រមាណជាង ២,៥លានករណី។
ចាប់តាំងពីឆ្នាំ២០០១មក ក្រុមការងារសុខភាពសហគមន៍របស់មន្ទីរពេទ្យកុមារអង្គរ បានធ្វើការនៅក្នុងខេត្តសៀមរាប ដើម្បីលើកកម្ពស់សុខភាពសហគមន៍ និងកាត់បន្ថយអត្រាឈឺធ្ងន់ និងស្លាប់។ នៅក្នុងឆ្នាំ២០២២កន្លងទៅ មន្ទីរពេទ្យកុមារអង្គរបានធ្វើការនៅក្នុងស្រុកប្រតិបត្តក្រឡាញ់ ខេត្តសៀមរាប។ មណ្ឌលសុខភាពនៅក្នុងស្រុកក្រឡាញ់ មានកម្រិតនៅឡើយ និងមានមន្ទីរពេទ្យបង្អែកតែមួយប៉ុណ្ណោះ។ កត្តានេះមានន័យថា កុមារដែលមានជំងឺភាគច្រើនត្រូវធ្វើដំណើរមកកាន់ក្រុងសៀមរាប ដែលមានចំងាយប្រមាណ ៥០គីឡូម៉ែត្រ ដើម្បីស្វែងរកសេវាពិនិត្យព្យាបាលឯកទេស។ ការស្ទាបស្ទង់មតិលើស្ថានភាពគ្រួសារបង្ហាញចំនួនពិន្ទុត្រឹមតែ ១៩.៩%។ ទិន្នន័យខាងលើនេះបង្ហាញពីតម្រូវការបន្ថែម លើចំណេះដឹងសុខភាព អនាម័យថ្នាក់មូលដ្ឋាន និងជាពិសេស គឺទម្លាប់ការថែទាំសុខភាព។
ក្នុងកំឡុងឆ្នាំ២០២២ មន្ទីរពេទ្យកុមារអង្គរបានរៀបចំវគ្គបណ្តុះបណ្តាលជាច្រើនជូនដល់ ក្រុមទ្រទ្រង់សុខភាពភូមិ នៅក្នុងស្រុកក្រឡាញ់ ដើម្បីឆ្លើយតបទៅនឹងលទ្ធផលនៃការស្ទាបស្ទង់មតិ។ ក្រុមទ្រទ្រង់សុខភាពភូមិបានប្រើប្រាស់ចំណេះដឹងដែលទទួលបាន បន្តផ្តល់ការអប់រំសុខភាពដល់ប្រជាជននៅក្នុងភូមិ។ វគ្គបំប៉នសុខភាពមូលដ្ឋាន ត្រូវបានធ្វើឡើងដល់ក្រុមទ្រទ្រង់សុខភាពភូមិចំនួន ១៧៨៩នាក់ និងបានចែកចាយចំណេះដឹងបន្តទៅកាន់អ្នកភូមិប្រមាណ ៣៦ ៤៤៩នាក់ បន្ថែមទៀត។ ក្រុមទ្រទ្រង់សុខភាពដែលបានទទួលវគ្គបណ្តុះបណ្តាលរួចរាល់ហើយ ពិភាក្សាអំពីបញ្ហាប្រឈមធំៗចំនួនពីរគឺ កុមារមានជំងឺកង្វះអាហារូបត្ថម្ភ និងការស្វែងយល់អំពីសារៈប្រយោជន៍នៃការបំបៅដោះកូនដោយទឹកដោះម្តាយ។ ជាមួយគ្នានេះដែរ ក្រុមទ្រទ្រង់សុខភាពភូមិបានពិនិត្យ កម្រិតអាហារូបត្ថម្ភលើកុមារចំនួន ២៨០០នាក់ និងបានរកឃើញកុមារដែលមានកង្វះអាហារូបត្ថម្ភចំនួន ១៦០នាក់។ ក្រោយការរកឃើញកុមារមានជំងឺកង្វះអាហារូបត្ថម្ភ ក្រុមការងារសុខភាពសហគមន៍បានផ្តល់ការព្យាបាល លើកុមារទាំងនោះ។
គម្រោងខាងលើនេះ ត្រូវបានចំណាយថវិកាប្រមាណ ១១០ ០០០ដុល្លារអាមេរិក។ ជាលទ្ធផល ក្រុមការងារសុខភាពសហគមន៍បានជួយទៅដល់កុមារប្រមាណ ៦០ ០០០ករណី។ មន្ទីរពេទ្យកុមារអង្គរ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ដល់ក្រុមហ៊ុន សប្បុរសជនទាំងក្នុងនិងក្រៅប្រទេស ដែលបានឧបត្ថម្ភគម្រោងនេះ ក្នុងនោះរួមមានក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ដែលជាសប្បុរសជនដ៏ធំមួយរបស់គម្រោងសុខភាពសហគមន៍ ក្រុមការងារសុខភាពសហគមន៍ និងអ្នកចូលរួមផ្សេងៗទៀតនៅក្នុងគម្រោងសុខភាពសហគមន៍។ ការចូលរួមរបស់លោកអ្នក គឺជាចំណែកដ៏មានសារៈសំខាន់មួយ ក្នុងការធ្វើឱ្យប្រសើរឡើងនូវការគាំពារសុខភាពកុមារកម្ពុជា។ មន្ទីរពេទ្យ ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ នឹងបន្តកិច្ចការងារ ជួយសង្គ្រោះអាយុជីវិតកុមារនៅក្នុងសហគមន៍ នាឆ្នាំ២០២៣ ជាបន្តទៀត៕