សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី២៥ ខែមករា នៅសេតវិមាន លោកប្រធានាធិបតីអាមេរិក ចូ បៃដេន ថ្លែងថា លោកបានសម្រេចចិត្តបញ្ជូនរថក្រោះ Abrams ចំនួន៣១គ្រឿងទៅឱ្យអ៊ុយក្រែន ក្នុងតម្លៃសរុប៤០០លានដុល្លារអាមេរិកនាប៉ុន្មានខែខាងមុខ ។ លោកក៏បានអរគុណប្រទេសអាល្លឺម៉ង់ដែលសម្រេចចិត្តបញ្ជូនរថក្រោះប្រភេទ Leopard 2 ចំនួន១៤គ្រឿងឱ្យអ៊ុយក្រែន និងសរសើរបណ្តាប្រទេសអឺរ៉ុបផ្សេងទៀត រួមទាំងប៉ូឡូញផងដែរ ដែលបញ្ជូនរថក្រោះប្រភេទដូចគ្នាផលិតនៅអាល្លឺម៉ង់ទៅឱ្យអ៊ុយក្រែន ។
លោក បៃដេន ថ្លែងថា ៖ «ការបញ្ជូនរថក្រោះនេះធ្វើឱ្យប្រធានាធិបតីរុស្ស៊ីដឹងថា ខ្លួនគិតខុស ដែលថាអឺរ៉ុប និងអាមេរិកមិនឯកភាពគ្នាជួយអ៊ុយក្រែន ខណៈរុស្ស៊ីគិតថា រថក្រោះទាំងនេះមិនអាចគំរាម និងវាយប្រហាររុស្ស៊ីបានទេ» ។
លោក បៃដេន និយាយបែបនេះទំនងជាមិនចង់បង្កជម្លោះផ្ទាល់ជាមួយរុស្ស៊ី ខណៈសម្ព័ន្ធមិត្តលោកខាងលិចដឹកនាំដោយអាមេរិក កំពុងត្រៀមជួយអ៊ុយក្រែនវាយបកទៅរុស្ស៊ីវិញ ដោយបណ្តេញកងទ័ពរុស្ស៊ីចេញពីដែនដីអ៊ុយក្រែនក្នុងនិទាឃរដូវខាងមុខ ។
មន្ត្រីជាន់ខ្ពស់នៅវិមានប្រធានាធិបតីអ៊ុយក្រែន លោក Andriy Yermak បានសរសើរពីការប្រកាសបញ្ជូនរថក្រោះជួយអ៊ុយក្រែនរបស់អាល្លឺម៉ង់ អាមេរិក និងប្រទេសផ្សេងទៀត ។ លោកថា ៖ «វាជាថ្ងៃប្រវត្តិសាស្ត្រហើយដែលប្រទេសទាំងនេះដោះស្រាយបញ្ហាចម្រូងចម្រាស់រវាងរុស្ស៊ី និងអ៊ុយក្រែន» ។
មុននេះ លោក Dmitry Peskov អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ី ថ្លែងថា ការបញ្ជូនរថក្រោះ Abrams ទៅឱ្យអ៊ុយក្រែន គឺជាការចំណាយប្រាក់ចោល ព្រោះទោះយ៉ាងណា វានឹងត្រូវបានដុតកម្ទេចចោល មិនខុសពីរថក្រោះផ្សេងទៀតនៅអ៊ុយក្រែនទេ ។
រថក្រោះ Abrams មិនដូចគ្នានឹងរថក្រោះ Leopard 2 របស់អាល្លឺម៉ង់ដែលងាយគ្រប់គ្រង សន្សំសំចៃប្រេង និងមានប្រសិទ្ធភាពក្នុងសមរភូមិទេ រថក្រោះ Abrams បំពាក់ដោយអាវុធទំនើប និងតម្លៃថ្លៃ វាលំបាក និងចំណាយខ្ពស់ជាងលើការថែទាំ ព្រោះវាប្រើប្រេងដូចគ្នានឹងយន្តហោះ Jet ។ កងទ័ពអ៊ុយក្រែនត្រូវទទួលការហ្វឹកហាត់ជាមុនសិន ប៉ុន្តែបច្ចុប្បន្ន មិនទាន់មានការប្រកាសពីកន្លែងហ្វឹកហាត់ទេ គឺត្រូវចំណាយពេលច្រើនខែទៀត ។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិជាតិសេតវិមានអាមេរិក លោក John Kirby ថ្លែងថា វាអាចចំណាយពេលច្រើនខែដែលអាមេរិកនឹងបញ្ជួនរថក្រោះ Abrams ទៅអ៊ុយក្រែនតាមលោកប្រធានាធិបតី ចូ បៃដេន ប្រកាស ព្រោះត្រូវរង់ចាំលក្ខខណ្ឌពាក់ព័ន្ធទាំងអស់រួចរាល់សិន រួមទាំងការត្រៀមខ្លួនរបស់អ៊ុយក្រែនផងដែរ ។ លោកបញ្ជាក់ថា អាមេរិកនឹងគាំទ្រអ៊ុយក្រែននៅពេលចាំបាច់ណាមួយ ហើយមិនទាន់មានការលើកឡើងពីលោកប្រធានាធិបតីរុស្ស៊ី ពូទីន នឹងវាយលុកព្រំដែនអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ទេ ៕
ប្រភព ៖ TNN World