បរទេស៖ ផលិតកម្មមាសរបស់ប្រទេសចិនបានកើនឡើងក្នុងឆ្នាំ ២០២២ បន្ទាប់ពីបានជំរុញផលិតកម្មនៅក្នុងតំបន់សំខាន់ៗមួយចំនួន ទោះជាយ៉ាងណាក៏ដោយលទ្ធផលនៃការប្រើប្រាស់មាសក្នុងស្រុកបានធ្លាក់ចុះជាខ្លាំង។

កាលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ សារព័ត៌មានរ៉យទ័របានរាយការណ៍ពីទីក្រុងប៉េកាំងប្រទេសចិន ដោយ សមាគមមាសចិន (CGA) បាននិយាយថា ទិន្នផលមាសរបស់ប្រទេសបានកើនឡើង ១៣.០៩ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងចំនួនដល់ ៣៧២.០៤៨ តោនកាលពីឆ្នាំ២០២២កន្លងទៅនេះ។

ជាមួយគ្នានោះគេបានបង្ហាញថាមូលហេតុនៃការកើនឡើងនេះគឺខេត្ត Shangdong ភាគខាងកើតប្រទេសចិន មានការងើបឡើងវិញបន្ទាប់ពីការរំខានផលិតកម្មដែលបណ្តាលមកពីការបិទអណ្តូងរ៉ែ ដោយសារតែគ្រោះថ្នាក់ និងការត្រួតពិនិត្យសុវត្ថិភាពកាលពីឆ្នាំមុន ហើយបច្ចុប្បន្នអណ្តូងរ៉ែសំខាន់ៗជាច្រើននៅក្នុងខេត្ត Shandong បានដំណើរការឡើងវិញ និងបង្កើនផលិតកម្មដល់កម្រិតមួយដ៏ច្រើន។

មិនតែប៉ុណ្ណោះ ខេត្តសានស៊ី នៅភាគខាងជើងនៃប្រទេសចិន ក៏បានបន្ថែមសមត្ថភាពផលិតកម្មថ្មី ដែលជាលទ្ធផល ផលិតកម្ម នៃតំបន់ទាំងពីរនេះបានរួមចំណែកដល់កំណើននៃឧស្សាហកម្មមាសរបស់ប្រទេសចិនយ៉ាងសម្បើម។

ទោះជាយ៉ាងក៏ដោយសមាគមមាសចិន(CGA) បាននិយាយថាការប្រើប្រាស់ក្នុងចំណោមអ្នកប្រើប្រាស់មាសរបស់ប្រទេសបានមានការធ្លាក់ចុះយ៉ាងកំហឹតពី ១០.៦៣ភាគរយ ដោយនៅត្រឹម ១,០០១.៧៤ តោនក្នុងឆ្នាំ ២០២២។

ការធ្លាក់ចុះនេះត្រូវបានចាត់ទុកថាជាចំនួនយ៉ាងច្រើនដោយសារការប្រើប្រាស់មាសដុំ និងកាក់ ដែល បានធ្លាក់ចុះពី ១៧,២៣ ភាគរយមកនៅត្រឹម ២៥៨,៩៤ តោន កាលពីឆ្នាំ២០២២ លើសពីនេះការវិនិយោគ លើដុំមាសក៏មានការថយចុះខ្លាំងផងដែរ នេះដោយសារតម្លៃមាសបន្តកើនឡើងនិងការប្រែប្រួលអត្រាប្តូរប្រាក់។

ទន្ទឹមនឹងនេះ ការប្រើប្រាស់គ្រឿងអលង្ការមាសរបស់ប្រទេសចិនក៏មានការធ្លាក់ចុះពី ៨.០១ ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំមកត្រឹមតែ ៦៥៤.៣២ តោនប៉ុណ្ណោះ។

គួរបញ្ជាក់ថាការប្រើប្រាស់គ្រឿងអលង្ការមាសមានការស្ទុះងើបឡើងវិញជាលំដាប់កាលពីដើមឆ្នាំ២០២២ ប៉ុន្តែ វាត្រូវបានកាត់បន្ថយ និងមានការធ្លាក់ចុះវិញគួរឱ្យកត់សម្គាល់ ដោយ CGA បាននិយាយថានេះក៏ដោយសារតែការរីករាលដាលនៃកូវីដ-១៩ នៅក្នុងប្រទេស៕ ប្រភព៖ Dailynews