បរទេស៖ តំបន់ Guryong ដែលត្រូវបានគេស្គាល់ថាជាតំបន់ “អនាធិបតេយ្យចុងក្រោយ” នៅក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ត្រូវបានឱ្យដឹងថាបានខូចខាតយ៉ាងខ្លាំង ដោយសារភ្លើងឆាបឆេះ ជាលទ្ធផល អាជ្ញាធរបានធ្វើការជម្លៀសមនុស្សប្រមាណ ៥០០ នាក់ចេញពីតំបន់គ្រោះថ្នាក់ទៅកាន់ទីមានសុវត្តិភាព។

នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ទីភ្នាក់ងារសារព័ត៌មានបរទេសរាយការណ៍ពីទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ដោយនាយកដ្ឋានពន្លត់អគ្គីភ័យស្រុក Gangnam ក្នុងទីក្រុងសេអ៊ូលបានរាយការណ៍ថា មានអគ្គិភ័យបានកើតឡើងនៅក្នុងតំបន់អនាធិបតេយ្យ Guryeong នាពីព្រឹកថ្ងៃសុក្រនេះ (ម៉ោងក្នុងស្រុក)។

ជាមួយគ្នានោះសមត្ថកិច្ចពាក់ព័ន្ធបានប្រញាប់ប្រញាស់ចុះទៅដល់កន្លែងកើតហេតុដើម្បីរួមគ្នា គ្រប់គ្រងស្ថានការណ៍ រួមមានក្រុមពន្លត់អគ្គីភ័យចំនួន ១៧០ នាក់ ប៉ូលីសចំនួន ២៦០ នាក់ និងមន្ត្រីរដ្ឋាភិបាលប្រហែល ៣០០ នាក់ផ្សេងទៀត។

ការឆាបឆេះនេះត្រូវបានគេរកឃើញថាបានបំផ្លាញសង្កាត់ និងភូមិជាច្រើនដែលបណ្តាលឱ្យខូចខាតផ្ទះប្រហែល ៦០ខ្នង ខណៈមនុស្សប្រហែល ៥០០ នាក់ត្រូវជម្លៀសទៅកាន់ទីជម្រកបណ្តោះអាសន្ន។

គួរឱ្យដឹងផងដែរថានៅក្នុងតំបន់នេះមានផ្ទះប្រហែល ៦៦៦ គ្រួសារ ហើយផ្ទះភាគច្រើនត្រូវបានសាងសង់ពីឈើ ដែលនេះចាត់ទុកថាជាឥន្ធនៈដ៏ល្អក្នុងការឆេះរីករាលដាលកាន់តែខ្លាំង។

ទោះជាយ៉ាងណា របាយការបឋមមិនមានការបញ្ជាក់ពីមូលហេតុច្បាស់លាស់ និងមិនបានបញ្ជាក់ថាមានអ្នកស្លាប់ ឬ របួសក្នុងហេតុការណ៍នេះនោះទេ ស្របពេលប្រធានាធិបតីកូរ៉េខាងត្បូងលោក Yun Seok-Yol បានប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការជួយជនរងគ្រោះ និងទទួលខុសត្រូវ ក្នុងហេតុការណ៍អគ្គិភ័យមួយនេះ។

គួររំលឹកផងដែរថា Guryeong ជាតំបន់ “អនាធិបតេយ្យចុងក្រោយ” នៅក្នុងរដ្ឋធានីរបស់ប្រទេសកូរ៉េខាងត្បូង តំបន់នេះបានកើតឡើងនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ នៅពេលដែលប្រជាជនក្រីក្រត្រូវការផ្លាស់ទីលំនៅមករស់នៅទីនេះ ដើម្បីបើកផ្លូវសម្រាប់គម្រោងអភិវឌ្ឍន៍ស្រុក Gangnam ដែលជាតំបន់សម្បូរទឹកបំផុតរបស់កូរ៉េខាងត្បូងសម្រាប់សេដ្ឋកិច្ចនាពេលបច្ចុប្បន្ន៕ ប្រភព៖ Dailynews