ប្រទេសចិន៖ ក្រុមហ៊ុន Airfinity ដែលជាក្រុមហ៊ុនវិភាគទិន្នន័យជំងឺឆ្លងលើពិភពលោក បានបង្ហាញថា ជាលទ្ធផល ក្នុងប្រទេសចិនមនុស្សរហូតដល់ ៣៦,០០០ នាក់អាចនឹងស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងមួយថ្ងៃ ក្នុងអំឡុងពេលចូលឆ្នាំចិន ជាពិសេសនៅថ្ងៃទី ២៦ ខែមករាខាងមុខនេះ។

នាថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៣ មានសេចក្ដីរាយការណ៍ពីក្រុមហ៊ុនអាកាសចរណ៍ Airfinity បានវិភាគពីស្ថានភាពនៅក្នុងប្រទេសចិនយ៉ាងដូច្នេះថា ប្រទេសចិនមានចំនួនអ្នកស្លាប់ខ្ពស់បំផុតប្រហែល ២៥,០០០ នាក់ក្នុងមួយថ្ងៃនាពេលបច្ចុប្បន្ន ប៉ុន្តែនៅពេលដែលប្រជាជនចិនចាប់ផ្តើមធ្វើដំណើរ ឬត្រឡប់ទៅស្រុកកំណើតវិញក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ វានឹងបណ្ដាលឱ្យជំងឺកូវីដរីករាតត្បាតកាន់តែលឿន និងរីករាលដាលកាន់តែខ្លាំងនៅតាមបណ្តាខេត្តជាច្រើន។

បន្ថែមពីនោះក្រុមហ៊ុនបានវិភាគទិន្នន័យបញ្ជាក់ថាចំនួនអ្នកឆ្លងវីរុសនេះកាន់តែខ្លាំងរាប់ចាប់ពីចន្លោះថ្ងៃទី ១៣ ដល់ថ្ងៃទី ២៧ ខែមករា ខាងមុខនេះ ប្រហែលមានអ្នកឆ្លងចំនួន ៦២ លាននាក់ និងមានអ្នកស្លាប់រហូតទៅដល់ ៣៦,០០០ នាក់ក្នុងមួយថ្ងៃ ជាពិសេសនៅថ្ងៃទី ២៦ ខែមករាដែលមានការរីករាលដាលខ្លាំងបំផុត។

គួររំលឹកថាការបញ្ចប់វិធានការគ្មានកូវីដ និងការបន្ធូរបន្ថយរបស់រដ្ឋាភិបាលចិនកាលពីចុងឆ្នាំ២០២២ ក៏ដូចជាការដកការដាក់ឱ្យនៅដាច់ដោយឡែកនៃជនឆ្លងដែននៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ បន្ទាប់ពីការតវ៉ានៅទូទាំងប្រទេស ប្រឆាំងនឹងគោលនយោបាយទាំងនេះ ដែលជាលទ្ធផលបង្កឱ្យមានការរីករាលដាលនៃជំងឺកូវីដ-១៩បានកើតឡើងយ៉ាងឆាប់រហ័សគួរឱ្យបារម្ភសម្រាប់អង្គការសុខភាពពិភពលោក៕ ប្រភព៖ Sanook