បរទេស៖ អឺរ៉ុបរងការវាយប្រហារដោយរលកយក្សនៃគ្រឿងញៀនយ៉ាងខ្លាំង ជាពិសេសកូកាអ៊ីន ដោយក្រុមជួញដូរគ្រឿងញៀននៅអាមេរិកឡាទីនបានដាក់អឺរ៉ុបជាមូលដ្ឋានចែកចាយ រហូតដល់កូកាអ៊ីនមានភាពងាយស្រួលរកដូចភីហ្សា។

កាលពីពេលថ្មីៗនេះទីភ្នាក់ងារប៉ូលីសអឺរ៉ុប (Europol) បានប៉ាន់ប្រមាណថាទីផ្សារកូកាអ៊ីនបច្ចុប្បន្ននៅអឺរ៉ុបមានចន្លោះពី ៧,៦ ពាន់លានអឺរ៉ូ ទៅ ១០,៥ ពាន់លានអឺរ៉ូ បានចរាចរនៅក្នុងទីក្រុងធំៗជាច្រើននៅអឺរ៉ុបនាពេលបច្ចុប្បន្ន។

ព្រោះថាអ្នកចង់ប្រើប្រាសដោយគ្រាន់តែចុចបញ្ជាទិញតាមកម្មវិធីផ្សេងៗ ដូចជា WhatsApp ឬ Signal នឹងមានការដឹកជញ្ជូនទៅកាន់ទ្វាររបស់លោកអ្នកក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ វាមិនខុសពីការបញ្ជាទិញភីហ្សាទេ។

ជាមួយគ្នានោះបើយោងតាមមជ្ឈមណ្ឌលអឺរ៉ុបសម្រាប់ការឃ្លាំមើលគ្រឿងញៀន និងការការពារគ្រឿងញៀន (EMCDDA) បាន​ឱ្យដឹងថាប្រជាជនអឺរ៉ុបប្រហែល ៣.៥ លាននាក់បានប្រើប្រាស់កូកាអ៊ីននៅឆ្នាំ ២០២១ ពោលគឺច្រើនជាង ៤ ដងក្នុងរយៈពេល ២០ ឆ្នាំកន្លងមក។

ទាំងនេះបានធ្វើឱ្យពិភពលោកមើលឃើញថា អឺរ៉ុបកំពុងតែក្លាយជាទីផ្សារដ៏មានទ្រព្យធន និង រក ប្រាក់កម្រៃសម្រាប់ក្រុមជួញដូរគ្រឿងញៀនធំជាងគេរបស់ពិភពលោក។

យ៉ាងណាមិញការចរាចរក្នុងទីផ្សារនៅអឺរ៉ុបនេះ បានធ្វើឱ្យមានក្ដីកង្វល់ជាខ្លាំងសម្រាប់អាជ្ញាធរក្នុង តំបន់និមួយៗ ដែលពិបាកក្នុងការគ្រប់គ្រង ជាពិសេសវាក៏អាចបង្កឱ្យមានបញ្ហាសន្តិសុខ ​ពាក់ព័ន្ធនឹងអំពើពុករលួយ ការប្រើប្រាស់អំពើហឹង្សា រួមទាំងការចាប់ជំរិត ការធ្វើទារុណកម្ម និងការវាយដំ។

គួរបញ្ជាក់ផងដែរថា បើយោងតាមអង្គការសហប្រជាជាតិបានបង្ហាញថា ការហូរចូលនៃគ្រឿងញៀនដ៏សម្បើមនៅអឺរ៉ុប វាមានដើមកំណើតដំបូងនៅលើភ្នំខ្ពស់ក្នុងប្រទេសបូលីវី កូឡុំប៊ី និងប៉េរូ ជាកន្លែងដែលកូកាត្រូវបានដាំដុះ បើទោះបីជាក្នុងប៉ុន្មានទសវត្សរ៍កន្លងមកនេះ មន្ត្រីពាក់ព័ន្ធសហរដ្ឋអាមេរិក កូឡុំប៊ី បានវិនិយោគថវិកាដ៏ច្រើនក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀនក៏ដោយ។ ប៉ុន្តែផ្ទុយទៅវិញ ដើមកូកាកាន់តែច្រើនត្រូវបានដាំ ជាមួយនឹងការកើនឡើង ១៤ ភាគរយនៅក្នុងការប្រមូលផលក្នុងឆ្នាំ ២០២១កន្លងទៅ ដែលឈានដល់កម្រិតខ្ពស់បំផុតគឺ ១,៤០០ តោន ៕ ប្រភព៖ Thairath