ប្រទេសវៀតណាម៖ លោក Nguyen Xuan Phuc សម្រេចលាលែងពីតំណែងជាប្រធានាធិបតីវៀតណាម ចំពេលមានការស៊ើបអង្កេតផ្នែកវិន័យផ្ទៃក្នុងកាន់តែខ្លាំង នៃបក្សកុម្មុយនិស្ត ដែលពាក់ព័ន្ធនឹងរដ្ឋមន្ត្រីមួយចំនួន។

កាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៣ ទីភ្នាក់ងារសារព័ត៌មានបរទេសរាយការណ៍ពីទីក្រុងហាណូយប្រទេសវៀតណាម ថាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បានចេញសេចក្តីថ្លែងការណ៍ នៅថ្ងៃអង្គាម្សិលមិញនេះ អំពីកិច្ចប្រជុំថាខ្លួនបានសម្រេច “ព្យួរ” លោក Nguyen Xuan Phuc  អាយុ ៦៨ឆ្នាំ ពីមុខតំណែងនយោបាយទាំងអស់ រួមទាំងប្រធាន សមាជិកនៃគណៈកម្មាធិការមជ្ឈិម  សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ ព្រមទាំងជាប្រធានក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខផងដែរ។

យ៉ាងណាក៏ដោយ ពាក់ព័ន្ធនឹងការសម្រេចនេះ សេចក្តីថ្លែងការណ៍បាននិយាយបន្ថែមថា លោក Nguyen Xuan Phuc “ត្រូវតែទទួលខុសត្រូវក្នុងនាមជាមេដឹកនាំនយោបាយ” សម្រាប់មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់មួយចំនួន រួមមានទាំងរដ្ឋមន្ត្រីបច្ចុប្បន្ន និងអតីតកាល ដោយក្នុងនោះគេដឹងថាមានឧបនាយករដ្ឋមន្ត្រីពីររូប និង គណៈរដ្ឋមន្ត្រី បី រូប ដែលទើបតែត្រូវបានបណ្តេញចេញពីដំណែងកាលពីពេលថ្មីៗនេះ ក្រោមការផ្ដន្ទាទោសចំពោះការបំពានវិន័យគណបក្ស។

ជាមួយគ្នានោះ បន្ទាប់ពីគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តវៀតណាមបានចេញសេចក្តីថ្លែងការណ៍”ព្យួរ” លោក Nguyen Xuan Phuc ពីមុខតំណែងរួចមក ស្រាប់តែមានសេចក្តីរាយការណ៍មកថា លោក Phuc ដែលបានកាន់តំណែងជានាយករដ្ឋមន្ត្រីចន្លោះឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២១ ក៏បានធ្វើការដាក់ពាក្យលាលែងពីតំណែងទាំងអស់ ខណៈដែលលេខាធិការដ្ឋានបក្សកុម្មុយនិស្តវៀតណាមមិនមានប្រតិកម្ម និងចំណាត់ការណាមួយតាមផ្លូវការបន្ថែមទៀតនោះទេ។

ពិតណាស់ការលាលែងពីដំណែងមួយនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើល និងមនុស្សជាច្រើនមានចម្ងល់ថាតើនរណានឹងត្រូវតែងតាំងឲ្យកាន់តំណែងទាំងអស់ជំនួសលោក Nguyen Xuan Phuc វិញ?

គួររំលឹកផងដែរថា គណៈកម្មាធិការត្រួតពិនិត្យវិន័យមជ្ឈិមនៃបក្សកុម្មុយនិស្តវៀតណាម បានដាក់លិខិតទៅគណៈកម្មាធិការអចិន្ត្រៃយ៍ ឈរនៅការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងលេខាធិការដ្ឋានបក្សកុម្មុយនិស្តវៀតណាម នៅចុងខែធ្នូ អំពីការស៊ើបអង្កេតវិន័យដែលត្រូវបានស្នើឡើង ដល់មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេស ទាំងអតីតកាលនិងបច្ចុប្បន្ន ពីករណីទទួលសំណូក រៀបចំជើងហោះហើរជម្លៀសខ្លួនក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ខ្លាំង។

ជាលទ្ធផលមន្ត្រីរដ្ឋាភិបាល និងពាណិជ្ជកររាប់រយនាក់ត្រូវបានចាប់ខ្លួន និងកាត់ទោស រួមមានទាំងនាយករដ្ឋមន្ត្រីពីររូប គឺលោក Vu Duc Dam និង Pham Binh Minh ត្រូវបានដកពីដំណែង បន្ទាប់ពីមានការរៀបចំនួនសមាជិកក្រុមប្រឹក្សាដើម្បីបោះឆ្នោតគាំទ្រការដកដំណែងនេះ ក្រោមបទល្មើសពាក់ព័ន្ធនឹងអំពើពុករលួយ៕ ប្រភព៖ Dailynewshttps