បរទេស៖ ចិនប្រញាប់ប្រញាល់ស្វែងរកជនរងគ្រោះក្រោយការផ្ទុះរោងចក្រគីមីដ៏ធំមួយកន្លែង ខណៈគេនៅមិនទាន់ដឹងពីមូលហេតុនៃអគ្គិភ័យនេះនៅឡើយ។

នាថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៣ មានសេចក្ដីរាយការណ៍ ពីសារព័ត៌មាន China Daily និង Straits Timesបានឱ្យដឹងថា មានករណីនៃអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ក្រោយមានការផ្ទុះរោងចក្រគីមី Panjin Haoer Chemicalដែលជារោងចក្រគីមីដ៏ធំមួយកន្លែង ស្ថិតនៅក្នុងខេត្ត Liaoning នៅភាគឦសាន ប្រទេសចិន កាលពី រសៀលថ្ងៃអាទិត្យ ទី១៥ ខែមករា ម៉ោងក្នុងស្រុក។

ក្នុងហេតុការណ៍ដ៏អាក្រក់នេះផងដែរអាជ្ញាធរបានធ្វើការយ៉ាងប្រញាប់ប្រញាល់ ក្នុងការនាំយករថយន្តមកសង្គ្រោះជាបន្ទាន់ និងបានបង្កើនល្បឿនក្នុងស្វែងរកជនរងគ្រោះពីការផ្ទុះនេះ។

ជាលទ្ធផលរបាយការណ៍ជាបឋមមន្ត្រីជំនាញកំពុងតែស្រាវជ្រាវរកមូលហេតុនៃការផ្ទុះឆេះរោងចក្រ​នេះ និងបានបញ្ជាក់ថា យ៉ាងហោចណាស់មានមនុស្សស្លាប់ចំនួន ២ នាក់ក្នុងគ្រោះអគ្គិភ័យនេះ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ មានមនុស្សជាច្រើន មានការព្រួយបារម្ភ និងជឿថា ចំនួននេះនៅមិនទាន់ប្រាកដនៅឡើយទេ គឺអាចមានជនរងគ្រោះជាច្រើនបានជាប់នៅក្នុងរោងចក្រនៅពេលមានគ្រោះថ្នាក់ ដោយសារតែ Panjin Haoer Chemical ជារោងចក្រធំមួយ ហើយមានបុគ្គលិកជាង ២,៥០០ នាក់ឯណ្ណោះ៕ ប្រភព៖ Khaosod