បរទេស៖ អ្នកវិទ្យាសាស្ត្របានអះអាងថាខ្លួនទទួលបានភាពជោគជ័យ ក្នុងការពិសោធន៍លើសត្វកណ្តុរដើម្បី ផ្លាស់ប្ដូរ កណ្ដុរចាស់ទៅជាកណ្តុរវ័យក្មេង និងមានភាពរឹងមាំជាងមុន ដែលនេះជាក្ដីសង្ឃឹមក្នុងការត្រួសត្រាយផ្លូវសម្រាប់ប្រែក្លាយមនុស្សពីភាពចាស់មកវ័យក្មេងនាពេលអនាគត។

នៅពាក់កណ្តាលឆ្នាំ ២០២២ កន្លងទៅនេះ សហគមន៍វិទ្យាសាស្ត្រ ក្នុងមន្ទីរពិសោធន៍មួយនៅទីក្រុងបូស្តុន សហរដ្ឋអាមេរិកបានធ្វើការពិតសោធន៍ដោយការ “ផ្លាស់ប្តូរភាពចាស់” នៅក្នុងខ្លួនសត្វកណ្តុរ។

ដោយក្នុងដំណើរការពិសោធន៍បែបនេះអ្នកវិទ្យាសាស្ត្របានយកកណ្ដុរចាស់ មានភ្នែកខ្វាក់ និងមានសភាពយ៉ាប់យ៉ឺន ហើយនឹងប្រែក្លាយវាឱ្យត្រឡប់មករកភ្នែកធម្មតាវិញ ខួរក្បាលកាន់តែឆ្លាតវៃ សាច់ដុំក្នុងខ្លួន និង ជាលិកាតម្រងនោម ត្រឡប់ឱ្យមកជារឹងមាំវិញ។

ទន្ទឹមនឹងនោះពួកគេក៏បានធ្វើការពិសោធន៍ដោយផ្តល់ឱ្យសត្វកណ្តុរវ័យក្មេងប្រែក្លាយទៅជាស្ថានភាព ចាស់មុនអាយុផងដែរ។

ជាលទ្ធិផល នៅថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៣ លោក David Sinclair អ្នកជំនាញប្រឆាំងភាពចាស់ និងជាសាស្រ្តាចារ្យផ្នែកពន្ធុវិទ្យានៅវិទ្យាស្ថាន Blavatnik នៃសាលាវេជ្ជសាស្ត្រ Harvard និងជាសហនាយកនៃមជ្ឈមណ្ឌល Paul F. Glenn បានបង្ហាញឱ្យដឹងថា ការពិសោធន៍លើសត្វកណ្ដុរគឺទទួលបាននូវភាពជោគជ័យ ដោយពួកគេបាន អះអាងថា ភាពចាស់គឺជាដំណើរការអាចត្រឡប់មករកសភាពដើមវិញបាន ដោយយើងអាច ផ្លាស់ប្ដូរវាទៅមុខ ឬ បញ្ច្រានូវវ័យរបស់វាថយក្រោយតាមដែលយើងចង់បាន។

ដោយក្នុងនោះក្រុមអ្នកស្រាវជ្រាវបាន ប្រើវិធីនៃការបន្សំកោសិកាដើមដែលមានអនុភាពចំនួនបី ហើយលទ្ធផលគឺ បន្ទាប់ពីធ្វើពិសោធន៍លើកែវភ្នែក សត្វកណ្តុរទទួលបាននូវភាពល្អប្រសើជាខ្លាំង បន្ទាប់មក ក្រុមការងារបានធ្វើដូចគ្នាជាមួយនឹងកោសិកាខួរក្បាល សាច់ដុំ និងតម្រងនោម ព្រមទាំងបានស្ដារកោសិកាទាំងនោះឡើងវិញ ហើយទទួលបាននូវកម្រិតមួយដែលក្មេងជាងវ័យ។

យ៉ាងណាមិញ បន្ទាប់ពីការធ្វើពិសោធន៍លើសត្វកណ្ដុរទទួលបាននូវភាពជោគជ័យ បច្ចុប្បន្ននេះក្រុមអ្នកស្រាវជ្រាវកំពុងធ្វើការសាកល្បងឡើងវិញនៅក្នុងខ្លួនសត្វស្វាបន្តទៀត។ ប៉ុន្តែការផ្លាស់ប្ដូរនេះគេរំពឹងថាវានឹងចំណាយពេលច្រើនទសវត្សរ៍បន្តទៀត មុនពេលដែលអាចប្រែក្លាយភាពចាស់របស់មនុស្សនាពេលអនាគតបាន៕ ប្រភព៖ pptvhd36