ខេត្តកែប៖ កាលពីពេលថ្មីៗនេះលោក ខេ​ង យ័ន អភិបាល​ក្រុងកែប បានដឹកនាំកម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុងកែប ដើម្បីចុះ​អប់រំ​ណែនាំ និង​ព្រមាន​ដល់​បងប្អូន​អាជីវករ​នៅ​ផ្សារ​ក្ដាម អោយ​បញ្ឈប់​រាល់សកម្មភាពរត់ ដើរ​ហៅភ្ញៀវ​តាម​ផ្លូវ ព្រមទាំងបញ្ឈប់​ការ​ប្រើប្រាស់​ជញ្ជីង ដែល​គ្មាន​សញ្ញា​ស្ដង់ដារ​របស់​ក្រសួង​ឧស្សាហកម្ម តទៅ​ទៀត ថ្លឹងជញ្ជីងមិនគ្រប់គីឡូជាដើម ។

ជាក់ស្ដែង លោក ខេ​ង យ័ន បានចេញលិខិតជូនដំណឹងឱ្យដឹង​ថា កន្លង​មក​អាជ្ញាធរ​ក្រុង បាន​ធ្វើការ​ផ្សព្វផ្សាយ​ណែនាំ​ដល់​បងប្អូន​អាជីវករ​ជា​ច្រើន​លើក​រួច​មក ហើយ​អំពី​ការ​រៀបចំ​សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ អនាម័យ បរិស្ថាន សោភ័ណ​ភាព សុជីវធម៌ ពិសេស​ការ​លក់​ក្ដាម បង្គារ ត្រី ថ្លឹង​ជញ្ជីង​មិន​គ្រប់​គីឡូ ជូន​ភ្ញៀវ​ទេសចរណ៍ បណ្តាល​ឲ្យ​មានការ​រិះគន់​ពី​សំណាក់​សាធារណៈជន​ជា​ច្រើន និងប៉ះពាល់កិត្តិនាមដល់ខេត្តកែបជាទីបំផុត។

ករណី​នេះ បងប្អូន​អាជីវករ​មួយ​ចំនួន​បាន​ចូលរួម​សហការ​អនុវត្ត​ជាមួយ​អាជ្ញាធរ​បាន​ល្អ​ប្រសើរ ហើយ​មាន​បងប្អូន​អាជីវករ​មួយ​ចំនួន​មិន​បាន​អនុវត្ត​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​នៅឡើយ

ដូច្នេះ ដើម្បី​រក្សា​បាន​នូវ​សណ្តាប់ធ្នាប់​របៀបរៀបរយ​សាធារណៈ បរិស្ថាន សេចក្ដី​ថ្លៃថ្នូរ និង​កិត្តិយស​ទីក្រុង​ទេច​ណ៍​ដ៏​ប្រណីត រដ្ឋបាល​ក្រុងកែប សូម​ធ្វើការ​ណែនាំ ដូច​ខាងក្រោម ៖

១- ត្រូវ​រៀបចំ​កន្លែង​លក់ដូរ​ឱ្យ​មាន​សោភ័ណ​ភាព របៀបរៀបរយ​ល្អ ។
២- មិន​អនុញ្ញាត​ឲ្យ​ប្រើ​ជញ្ជីង​យូរ​ដៃ​ជា​ដាច់ខាត ជញ្ជីង​ត្រូវ​មាន​បិទ​សញ្ញា​សម្គាល់​របស់​មន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ឲ្យ​បាន​ត្រឹមត្រូវ ។
៣- មិន​អនុញ្ញាត​ឲ្យ​ដើរ​ចាប់​ភ្ញៀវ​នៅ​លើ​ផ្លូវ​សាធារណៈ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​សណ្តាប់ធ្នាប់​របៀបរៀបរយ​សាធារណៈ ។
៤- ក្រោយ​ពេល​លក់ដូរ​ចប់ ត្រូវធ្វើ​ការ​វេច​ខ្ចប់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ ។

ក្នុង​ករណី​បងប្អូន​អាជីវករ មិន​គោរព​អនុវត្ត​តាម​សេចក្ដីជូនដំណឹង​នេះ អាជ្ញាធរ​ក្រុងកែប នឹង​ចុះ​រៀបចំ​សណ្តាប់ធ្នាប់ និង​ដឹក​យក​សម្ភារ​មក​រក្សា​ទុក ដើម្បី​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​លក់ដូរ ហើយ​ពិន័យ​តាម​ច្បាប់​ជា​ធរមាន ៕