បរទេស៖ ប្រទេសនេប៉ាល់បានធ្វើការកាន់ទុក្ខដល់អាយុជីវិតមនុស្សយ៉ាងតិច៦៨នាក់ដែលបានស្លាប់នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Yeti នៅតំបន់ភ្នំមួយកន្លែងណ ដែលនេះជាគ្រោះថ្នាក់ផ្លូវអាកាសដ៏អាក្រក់បំផុតរបស់ប្រទេសក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះ។

នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ទីភ្នាក់ងារសារព័ត៌មានបរទេសបានរាយការណ៍ពីទីក្រុង Kathmandu ប្រទេសនេប៉ាល់ អំពីករណីយន្តហោះដឹកអ្នកដំណើរមួយគ្រឿង Propeller ATR-72 វាត្រូវបានដាក់ដំណើរការមានអាយុ ​១៥ឆ្នាំ របស់ក្រុមហ៊ុនអាកាសចរណ៍ Yeti ដែលមានអ្នកដំណើរចំនួន ៦៨ នាក់ រួមនិងបុគ្គលិកចំនួន ៤នាក់ បានធ្លាក់នៅកណ្តាលជ្រលងភ្នំ កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ។

នៅថ្ងៃកើតហេតុយន្តហោះ Propeller ATR-72 ធ្វើដំណើរហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ Kathmandu ឆ្ពោះទៅកាន់ព្រលានយន្តហោះនៅ Pokhara ដែលជាតំបន់ជ្រលងភ្នំ និងមានទីតាំងនៅកណ្តាលនៃប្រទេសនេប៉ាល់ ដោយយន្តហោះនេះបានធ្លាក់នៅចម្ងាយមិនឆ្ងាយពីអាកាសយានដ្ឋានគោលដៅប៉ុន្មាននោះឡើយ។

ជាមួយគ្នានោះបន្ទាប់ពីឧបទ្ទវហេតុនេះកើតឡើង យោធានេប៉ាល់បានបញ្ជាក់ពីការរកឃើញសាកសពយ៉ាងតិច៦៨នាក់ ដោយការស្វែងរកនៅសល់៤នាក់ទៀតបាត់ខ្លួន ហើយបេសកកម្មនៅតែបន្តស្វែងរក។

ទោះជាយ៉ាងណាក្រុមហ៊ុនអាកាសចរណ៍ Yeti ក៏បានសេចក្តីថ្លែងការណ៍ ផ្អាក ជើងហោះហើរ ទាំងអស់ ពេញមួយថ្ងៃ សម្រាប់ថ្ងៃចន្ទ ទី ១៦ មករានេះ ដើម្បីកាន់ទុក្ខអ្នកស្លាប់ទាំងអស់ សម្រាប់ជនរងគ្រោះដែលគេដឹងថា ក្នុងចំណោមនោះមាន ជនបរទេស១៥នាក់ ក្នុងនោះរួមមាន ៥នាក់ជាជនជាតិឥណ្ឌា នាក់ ជនជាតិរុស្សី៤នាក់ ជនជាតិកូរ៉េខាងត្បូង២នាក់ អៀរឡង់ម្នាក់ អូស្ត្រាលីម្នាក់ បារាំងម្នាក់ និងអាហ្វហ្គានីស្ថានម្នាក់ និងក្រៅពីនោះជាជនជាតិនេប៉ាល់។

យ៉ាងមិញម្យ៉ាង រដ្ឋាភិបាលនេប៉ាល់បានប្រកាសដាក់ថ្ងៃច័ន្ទ ជាថ្ងៃកាន់ទុក្ខជាតិ ហើយបានបង្កើត ក្រុមការងារមួយដើម្បីស៊ើបអង្កេតពីមូលហេតុនៃសោកនាដកម្មមួយនេះ។

គួររំលឹកផងថដែរថា ឧបទ្ទវហេតុនេះគឺជាហេតុការណ៍អាក្រក់បំផុតចាប់តាំងពីឆ្នាំ ១៩៩២ នៅពេលដែលយន្តហោះ Airbus A-300 របស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិប៉ាគីស្ថានបានធ្លាក់នៅទីក្រុង Kathmandu នៃប្រទេសនេប៉ាលដូចគ្នា ដែលបានសម្លាប់មនុស្សទាំងអស់ ១៦៧ នាក់នៅលើយន្តហោះ៕ ប្រភព៖ Dailynews