តាមប្រវត្តិសាស្ត្រចិន មានជំនឿលើការគោរពបុណ្យចូលឆ្នាំថ្មីយ៉ាងខ្ជាប់ខ្ជួន ។ គេមានត្រណមជាច្រើន នៅក្នុងអំឡុងចូលឆ្នាំបីថ្ងៃ ជាពិសេសថ្ងៃទី១ ឫហៅថាឈឺអុិច ។ ក្នុងរយ: ពេល៣ថ្ងៃនេះ គេចាត់ទុកជាថ្ងៃពិសេសបំផុតដែលមិនត្រូវធ្វើអ្វីល្អក់កករនាំឱ្យប៉ះពាល់ដល់មង្គល ឬដល់ឆ្នាំថ្មីឡើយ ។ គេត្រួវធ្វើឱ្យសប្បាយនាំសិរីសួស្តីចូលខ្លួន និងក្រុមគ្រួសារ។ ត្រណមមួយចំនួនមិនត្រូវឱ្យកើតមានក្នុងពិធីបុណ្យចូលឆ្នាំចិនគឺ ៖
១-ត្រណមមិនយំ
ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីជនជាតិចិនមានត្រណមមិនឱ្យកើតរឿងយំសោកសៅ ពីព្រោះវាអាចនាំមកនូវរឿងអពមង្គលដល់ឆ្នាំថ្មី រហូតពេញមួយឆ្នាំ ។ ត្រណមនេះសូម្បីតែកូនចៅ ដែលរឹងរូសក៏ឪពុកម្តាយ ឬមនុស្សចាស់មិនវាយប្រៀនប្រដៅដែរ គឺអត់ទ្រាំរហូតចប់បុណ្យចូលឆ្នាំថ្មីសិន ។
២ -មិនឱ្យបែកចាន ឬកែវ
ក្នុងថ្ងៃនេះគេមានការប្រយ័ត្នប្រយែងចំពោះការកាន់ចាន ឬកែវ ព្រោះបើមានបង្កឱ្យប្រេះស្រាំ ឬធ្លាក់ បែកជាការនាំឱ្យបាត់បង់ជោគលាភ ហើយជីវិតក្នុងឆ្នាំនោះនឹងជួបតែរឿងប្រេះឆាពុំសូវមានសេចក្តីសុខឡើយ ។
ក្រៅពីតំណមខាងលើនេះមានតំណមជាច្រើនទៀតដូចជា ៖
១-មិនត្រូវឈ្លោះប្រកែកគ្នា (នាំឱ្យកើតមានទុក្ខសោកពេញ១ឆ្នាំ)
២ -មិនត្រូវបោកគក់សម្លៀកបំពាក់ (ព្រោះថ្ងៃចូលឆ្នាំចិនគឺជាទឹកមន្តប្រោះព្រំ) ។
៣ -មិនត្រូវកាត់សក់ ក្រចកដៃ (ព្រោះនាំក្តីឈឺចាប់ដល់សមាជិកគ្រួសារ) ។
៤ -មិនត្រូវប្រមូលលុយពីអ្នកជំពាក់បំណុល(មានន័យថាអ្នកនឹងត្រូវស្វែងរកអ្នកជំពាក់បំណុលក្នុងឆ្នាំថ្មីពេញ១ឆ្នាំ) ។
៥ -មិនត្រូវទិញសៀវភៅពេលចូលឆ្នាំចិនទេព្រោះពាក្យ “សៀវភៅ” ជាភាសាចិនគឺ “ហ្ស៊ូ” មានន័យថា “បាត់បង់” ៕
		
	









