ភ្នំពេញ៖ រដ្ឋបាលក្រុងកែប បានចេញសេចក្តីជូនដំណឹងថ្មីមួយ ដោយតម្រូវអាជីវករនៅផ្សារក្តាម ឈប់ប្រើជញ្ជីងយូរដៃ ក្នុងការថ្លឹងគ្រឿងសមុទ្រអោយភ្ញៀវរបស់ខ្លួន។

នៅក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលក្រុងកែប បានឲ្យដឹងថា កន្លងមកអាជ្ញាធរក្រុងបានធ្វើការផ្សព្វផ្សាយណែនាំដល់បងប្អូនអាជីវករជាច្រើនលើករួចមក ហើយ អំពីការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ អនាម័យ បរិស្ថាន សោភ័ណភាព សុជីវធម៌ ពិសេសការលក់ក្ដាម បង្គារ ត្រី…ថ្លឹងជញ្ជីញមិនគ្រប់គីឡូ ជូនភ្ញៀវទេសចរណ៍ បណ្តាលឲ្យមានការរិះគន់ ពីសំណាក់សាធារណៈជនជាច្រើន។

ករណីនេះ បងប្អូនអាជីវករមួយចំនួនបានចូលរួមសហការអនុវត្ត ជាមួយអាជ្ញាធរបានល្អប្រសើរ ហើយបងប្អូនអាជីវករមួយចំនួនមិនបានអនុវត្តតាមការណែនាំរបស់អាជ្ញាធរ នៅឡើយ ។

រដ្ឋបាលខេត្តបញ្ជាក់ថា ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ បរិស្ថាន សេចក្តីថ្លៃថ្នូរ និងកិត្តិយស ទីក្រុងទេចណ៍ដ៏ប្រណិតរបស់យើង រដ្ឋបាលក្រុងកែបសូមធ្វើការណែនាំដូចខាងក្រោម ៖

១-ត្រូវរៀបចំកន្លែងលក់ដូរឲ្យមានសោភ័ណ្ឌភាព របៀបរៀបរយល្អ

២-មិនអនុញ្ញាតឲ្យប្រើជញ្ជីញយូរដៃជាដាច់ខាត ជញ្ជីញត្រូវមានបិទសញ្ញាសម្គាល់របស់មន្ទីរឧស្សា ហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឲ្យបានត្រឹមត្រូវ ។ ៣-មិនអនុញ្ញាតឲ្យដើរចាប់ភ្ញៀវនៅលើផ្លូវសាធារណៈ ដែលធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ។

៤-ក្រោយពេលលក់ដូរចប់ ត្រូវធ្វើការវេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវ

ក្នុងករណីបងប្អូនអាជីវករ មិនគោរពអនុវត្តតាមសេចក្ដីជូនដំណឹងនេះ អាជ្ញាធរក្រុងកែបនឹងចុះ រៀបចំសណ្តាប់ធ្នាប់ និងដឹកយកសម្ភារៈមករក្សាទុក ដើម្បីធ្វើកិច្ចសន្យាបញ្ឈប់ការលក់ដូរ និងពិន័យតាមច្បាប់ ជាធរមាន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9I2OE8nm6MXqNZ_ndpJRN5sQhl0qvHzl1ZJSfFegTzSFR1dvhH6WRxJAGWNaTtKVKK7RM6oeWtCR6s0XCllWJzqhqEgSzxHVs7Gt-pg5YH9ooiwWS6wHk1aaO9Q7CJjn6SHeJ0cVn6fCNXrk_3ItHWEwB516RuPRM5qdLd0HyOe_VToyLjPgz90oR/s960/photo_2023-01-15_21-59-21.jpg