បរទេស៖ ស្ថិតិបានបង្ហាញថាវៀតណាមបានវាយឡុកទីផ្សារកាហ្វេយ៉ាងខ្លាំងក្នុងឆ្នាំ២០២២កន្លងទៅ ដែលបាននាំចេញកាហ្វេរបស់ខ្លួនរហូតទៅដល់ ១.៧៧ លានតោនទៅកាន់អឺរ៉ុប ដែលបង្កើតប្រាក់ចំណូលជាង ៤ ពាន់លានដុល្លារអាមេរិក ស្មើរនឹងការកើនឡើងទ្វេដងពីឆ្នាំ ២០២១ ជាង១៣.៨ភាគរយ។

នាថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២៣ ទីភ្នាក់ងារសារព័ត៌មាន Xinhua News បានរាយការណ៍ពីទីក្រុងហាណូយ ប្រទេសវៀតណាម ថារបាយការណ៍របស់កាសែត Vietnam News បានបង្ហាញថា ប្រទេសវៀតណាមបាននាំចេញកាហ្វេចំនួន ១.៧៧ លានតោនក្នុងឆ្នាំ២០២២  និងបង្កើតចំណូលសរុបជាង ៤ ពាន់លានដុល្លារអាមេរិក ដែលមានការកើនឡើង ១៣.៨ភាគរយ នៅក្នុងបរិមាណចំណូល ៣២ភាគរយ បើធៀប នឹងស្ថិតិឆ្នាំ ២០២១។

ដោយការកើនឡើងយ៉ាងខ្លាំងនេះត្រូវបានគេសន្មតថាមានការកើនឡើងតម្លៃ ២២ភាគរយ ជាមធ្យម ២,២៨០ ដុល្លារក្នុងមួយតោន។

ក្នុងនោះបើយោងតាមទិន្នន័យពីការិយាល័យគយវៀតណាមបានបង្ហាញថា សហភាពអឺរ៉ុប (EU) នៅតែជាទីផ្សារអ្នកប្រើប្រាស់កាហ្វេធំបំផុតរបស់វៀតណាម ដែលមានចំនួនប្រហែល ៣៩ភាគរយ នៃបរិមាណនាំចេញសរុបចំនួន៤៩០,៧០០ តោនដែលមានតម្លៃ ១.១ ពាន់លានដុល្លារអាមេរិក កើនឡើង ២៧ភាគរយ និង ៥៤ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

ទន្ទឹមនឹងនោះការនាំចេញកាហ្វេទៅកាន់ប្រទេសរុស្ស៊ីក៏បានកើនឡើង ១៧.៣ភាគរយ  ចក្រភពអង់គ្លេស៥៧.៩ភាគរយ និងឥណ្ឌា ១១៦ភាគរយ ខណៈដែរកាហ្វេដែលបានដឹកជញ្ជូនទៅកាន់ប្រទេសម៉ិកស៊ិកបានកើនឡើងចំនួន ៥២ ដងធៀបនឹងឆ្នាំ ២០២១។

ដោយគេដឹងថាចក្រភពអង់គ្លេសបានក្លាយជាប្រទេសនាំចូលកាហ្វេវៀតណាមធំបំផុតទីប្រាំនៅអឺរ៉ុប បន្ទាប់ពី អាល្លឺម៉ង់ អ៊ីតាលី បារាំង និង អេស្ប៉ាញ។

ខណៈដែលវៀតណាមមានក្ដីសង្ឃឹមមួយទៀត បន្ទាប់ពីការបើកច្រកព្រំដែនចិនចាប់តាំងពីថ្ងៃទី ៨ ខែ មករាកន្លងទៅនេះ ដែលវានឹងក្លាយជាឱកាសជួយដល់ការនាំចេញកាហ្វេរបស់វៀតណាមទៅកាន់ប្រទេសចិនមួយទៀតផងដែរ។

យ៉ាងណាមិញក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមបានបន្ថែម ថាការនាំចេញដ៏ច្រើន និងមានចំណូលខ្ពស់ក្នុងឆ្នាំ២០២២នេះ ទំនងជានឹងធ្វើឱ្យមានកំណើនឡើងវិញនៅក្នុងទីផ្សារអត្តរជាតិបន្ត នាពេលខាងមុខ៕ ប្រភព៖ Dailynews