ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ ជំរុញក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងសាធារណការនិងដឹកជញ្ជូន ឱ្យពន្លឿនការសិក្សាគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុ និងផ្លូវរថភ្លើងល្បឿនលឿនពីរាជធានីភ្នំពេញទៅក្រុងប៉ោយប៉ែត ដោយអភិវឌ្ឍន៍លើផ្លូវរថភ្លើងដែលមានស្រាប់ ដើម្បីបម្រើឱ្យវិស័យដឹកជញ្ជូនកាន់តែសម្បូរបែប ជំរុញកំណើនសេដ្ឋកិច្ច-សង្គមកម្ពុជាឱ្យកាន់តែរីកចម្រើន បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពប្រជាជន។

បើតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីចេញផ្សាយ ព្រលប់ថ្ងៃទីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ក៏បានឱ្យដឹងដែរថា ក្នុងកិច្ចប្រជុំនោះ សម្ដេចតេជោ លើកទឹកចិត្តឱ្យក្រសួងស្ថាប័នពាក់ព័ន្ធនិងវិស័យឯកជន ជំរុញការអភិវឌ្ឍផលិតកម្មនិងការកែច្នៃផលិតផលកសិកម្មឬកសិឧស្សាហកម្ម មានជាអាទិ៍ ស្រូវ កៅស៊ូ ដំឡូងមី និងស្វាយចន្ទី ជាដើម ដើម្បីបង្កើនតម្លៃបន្ថែម និងពង្រីកទីផ្សារនៃការនាំចេញ។

ទន្ទឹមនេះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចផ្ដល់ដី និងផ្ទះដែលជាទ្រព្យសម្បត្តិរដ្ឋ ដែលលោក គង់ គាំ បានស្ម័គ្រចិត្តប្រគល់ត្រឡប់ជូនក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិវិញ ទៅឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ដើម្បីប្រើប្រាស់ធ្វើជាទីស្នាក់ការរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៕