បរទេស៖ ប្រទេសចិនកំពុងធ្វើឲ្យពិភពលោកមានការព្រួយបារម្ភខ្លាំង បន្ទាប់ពីអាជ្ញាធរចិនបានដកគោលនយោបាយតឹងរ៉ឹង ដែលធ្លាប់អនុវត្តអស់រយៈពេល ៣ ឆ្នាំមកហើយ ដែលវាបណ្តាលឱ្យចំនួនអ្នកឆ្លង និងការស្លាប់នៅក្នុងប្រទេសបានកើនឡើងជាលំដាប់។ លើសពីនោះអ្វីដែលធ្វើឱ្យពិភពលោកកាន់តែភ្ញាក់ផ្អើលនៅគឺជារូបភាពតាមផ្កាយរណបបង្ហាញពីទីតាំងបញ្ចុះសពដែលមានមនុស្សម្នាយ៉ាងច្រើន ដែលបញ្ជាក់ថាប្រទេសចិនកំពុងមានអ្នកបាត់បង់ជីវិតច្រើនក្រោយបន្ធូបន្ថយច្បាប់តឹងរ៉ឹងក្នុងប្រទេស។

រូបភាពផ្កាយរណបដែលថតដោយក្រុមហ៊ុនអាមេរិក Maxar Technologies Inc ត្រូវបានថតដោយផ្កាយរណបហោះពីលើទីក្រុងជាច្រើនរបស់ចិន រួមមានទីក្រុងប៉េកាំង គុនមីង ណានជីង ឆេងទូ តាំងសាន និងហ៊ូចូវ នៅចុងខែធ្នូ ឆ្នាំ ២០២២ រហូតដល់ដើមខែមករាឆ្នាំ២០២៣នេះ។
នៅក្នុងខ្សែវីដេអូនោះបានបង្ហាញពីមនុស្សម្នាជាច្រើនប្រមូលផ្តុំគ្នានៅឯទីបូជាសព និងទីបញ្ចុះសពក្នុងទីក្រុងមួយចំនួន ដែលកំពុងរង់ចាំតម្កល់សព និងមានក្រុមគ្រួសារជាច្រើមបានមករង់ចាំយកសពទៅធ្វើបុណ្យតាមប្រពៃណី។
រូបភាពទាំងអស់នេះគឺជាសញ្ញាមួយដែលបង្ហាញថា ប្រទេសចិនអាចប្រឈមមុខនឹងការផ្ទុះឡើងកាន់តែអាក្រក់បន្ទាប់ពីបានលុបចោលគោលនយោបាយគ្មានកូវីដ បន្ទាប់ពីរយៈពេលជាងបីឆ្នាំក្នុងប្រទេស។
ទន្ទឹមនឹងនោះ ក្រៅពីកន្លែងបូជាសពក៏មានមនុស្សកកកុញច្រើនដែរក្នុងរយៈពេល ៣ សប្តាហ៍កន្លង មកនេះ ដែលត្រូវបានគេរាយការណ៍ថា មន្ទីរពេទ្យជាច្រើនបានឃើញការកើនឡើងគួរឱ្យកត់សម្គាល់នៃចំនួនអ្នកជំងឺដែលមានបញ្ហាផ្លូវដង្ហើម។
លើសពីនេះបើតាមព័ត៌មានក្នុងស្រុកបានបង្ហើបឱ្យដឹងថា ប្រព័ន្ធសុខាភិបាលទាំងមូលរបស់ប្រទេស ចិនមានហានិភ័យ និងកំពុងប្រឈម មុខនឹងបញ្ហាគ្រប់គ្រងអ្នកជំងឺដ៏ច្រើនក្នុងមួយថ្ងៃៗ។
គួរបញ្ជាក់ថាបន្ទាប់ពីប្រទេសចិនបានបន្ធូបន្ថយច្បាប់តឹងរ៉ឹងក្នុងប្រទេសរួចមក បានធ្វើឱ្យពិភពលោកមានការព្រួយបារម្ភយ៉ាងខ្លាំងពីការឆ្លងរីករាលដាលជំងឺកូវីដ តាមរយៈអ្នកដំណើរមកពីប្រទេសចិន៕ ប្រភព៖ Khaosod
.jpg)










