ប្រទេសប៉ាពួញូហ្គីណេ ៖ នាយករដ្ឋមន្ត្រីប្រទេសអូស្ត្រាលី លោក អែនថូនី អាល់បានេស៊ី បានថ្លែងទៅកាន់សភាតំណាងរាស្ត្ររបស់ប្រទេសប៉ាពួញូហ្គីណេ (Papua New Guinea) ជាប្រទេសស្ថិតនៅកោះប៉ាស៊ីហ្វិក អំពីការរួមគ្នាពង្រឹងទំនាក់ទំនងផ្នែកការពារជាតិរវាងប្រទេសទាំងពីរ ។![]()
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អែនថូនី ដែលធ្វើទស្សនកិច្ចនៅប្រទេសប៉ាពួញូហ្គីណេ និងជាមេដឹកនាំបរទេសដំបូងគេមានឱកាសថ្លែងទៅកាន់សភាតំណាងប្រទេសប៉ាពួញូហ្គីណេ កាលពីថ្ងៃទី១២ ខែមករាថា អូស្ត្រាលី និងប៉ាពួញូហ្គីណេ គឺជាប្រទេសស្ថិតក្នុងមហាសមុទ្រប៉ាស៊ីហ្វិក និងត្រូវរួមដៃគ្នាដើម្បីធ្វើឱ្យក្នុងតំបន់កាន់តែមានស្ថេរភាព ។ កិច្ចព្រមព្រៀងសន្តិសុខត្រូវតែផ្អែកលើការជឿទុកចិត្តយ៉ាងជ្រាលជ្រៅ ហើយស្របតាមតម្រូវការដំបូងរបស់ប្រទេសប៉ាពួញូហ្គីណេ ដូចជា ផ្នែកច្បាប់ បញ្ហាប្រឈមក្នុងសង្គម និងការពង្រឹងប្រព័ន្ធយុត្តិធម៌ និងនីតិរដ្ឋ ។
គួរបញ្ជាក់ថា ប្រទេសប៉ាពួញូហ្គីណេបានទទួលឯករាជ្យពីប្រទេសអូស្ត្រាលីកាលពីឆ្នាំ១៩៧៥ ។ ប៉ាពួញូហ្គីណេ គឺជាប្រទេសដែនកោះសម្បូរទៅដោយធនធាន ប៉ុន្តែប្រទេសនេះមិនទាន់មានការអភិវឌ្ឍខ្លាំងក្លាទេ ។ នាយករដ្ឋមន្ត្រីប៉ាពួញូហ្គីណេ លោក James Marape បានប្រកាសថា លោកនឹងជំរុញតួលេខផលិតផលក្នុងស្រុកសរុប (GDP) ឱ្យកើនឡើងទ្វេដង តាមរយៈគម្រោងឧស្ម័នធម្មជាតិ និងអណ្តូងរ៉ែថ្មីសរុបចំនួន៥កន្លែងនៅក្នុងឆ្នាំ២០២៩ ឬ៦ឆ្នាំខាងមុខទៀត ៕ ប្រភព ៖ TNN World











