ប្រទេសថៃ៖ ឧទ្យាន បែន ចាក់ កិតិ (Benjakitti) ដែលជាឧទ្យានសាធារណៈថ្មី និងធំជាងគេបំផុតរបស់ទីក្រុងបាងកក ឥឡូវនេះកំពុងទទួលភ្ញៀវទេសចរណ៍ ជាមួយនឹងសម្រស់ដ៏ស្រស់ស្អាតបង្អួតនៅចំកណ្ដាលនៃទីក្រុង។

ឧទ្យានព្រៃឈើ Benjakitti ក្នុងសង្កាត់ ខ្លង តើយ (Klong Toey) មានទំហំប្រហែល ៤០ ហិតតា និងស្ថិតនៅលើអតីតទីតាំងរោងចក្រដែលជាកម្មសិទ្ធិរបស់អាជ្ញាធរថ្នាំជក់នៃប្រទេសថៃ។

ការអភិវឌ្ឍឧទ្យាននេះគឺស្របតាមព្រះរាជបំណងរបស់ព្រះមហាក្សត្រភូមិបុល អាឌុលយ៉ាដេត ដ៏ឧត្តុង្គឧត្តម និងព្រះមហាក្សត្រិយានី Sirikit ព្រះមហាក្សត្រី និងជាផ្នែកមួយនៃផែនការរយៈពេល៣០ ឆ្នាំ របស់រដ្ឋាភិបាលក្នុងការបង្កើតសួនសាធារណៈក្នុងទីក្រុងធំៗ។

ដោយឡែកសម្រាប់ការចំណាយលើការបង្កើតគម្រោងនេះត្រូវបានគេដឹងថា បានចំណាយអស់ជាង ៦៥០ លានបាតឬ ប្រហែល 19,428,214 ដុល្លារ  សម្រាប់ការអភិវឌ្ឍឡើងវិញនៃឧទ្យាននេះគឺជាផ្នែកមួយនៃការបណ្តាក់ទុនរួមគ្នារវាងនាយកដ្ឋានរតនាគារនៃក្រសួងហិរញ្ញវត្ថុ និងកងទ័ពភូមិន្ទថៃ ខណៈដែលវិទ្យាស្ថាន Arsom Silp Institute of the Arts បានត្រួតពិនិត្យការរចនារួចរាល់។

បន្ថែមពីនោះផែនការនេះគឺដើម្បីពង្រីកឧទ្យាន Benjakitti  ដោយបានបង្កើត សួតនៃទីក្រុងដែលអាចឱ្យភ្ញៀវមើលឃើញឧទ្យាននេះក្លាយជាកន្លែងទាក់ទាញទេសចរណ៍ និងជាកន្លែងបៃតងដែលប្រជាជននៅទីក្រុងបាងកកអាចរីករាយ ក៏ដូចជាការទទួលយកនូវអារម្មណ៍ផ្សេងពីភាពអូអរនៅក្នុងកន្លែងតែមួយនៃទីក្រុង។

ពិតណាស់ការពង្រីកសួនឧទ្យាននេះ មានន័យថាវាបាននឹងក្លាយជាសួនឧទ្យានដ៏ធំបំផុតក្នុងទីក្រុងបាងកកក្រោយពីបញ្ចប់នៃគម្រោង។ ព្រោះថាឧទ្យាននេះមានផ្លូវលំធម្មជាតិ ៥.៨ គីឡូម៉ែត្រ ផ្លូវរត់ ២.៨ គីឡូម៉ែត្រ និងផ្លូវជិះកង់ ៣.៤ គីឡូម៉ែត្រ ដែលត្រូវបានរចនាឡើងជាពិសេសដើម្បីលើកកម្ពស់សកម្មភាពសុខភាពរាងកាយ។

គួរបញ្ជាក់ផងដែរថាឧទ្យានជាតិ Benjakitti បើកដំណើរការតាំងពីក្នុងឆ្នាំ ១៩៩៤  ប៉ុន្តែឧទ្យាននេះត្រូវ បានទទួលការជួសជុលឡើងវិញក្នុងដំណាក់កាលដំបូងរបស់ខ្លួននៅឆ្នាំ ២០១៦  និងរួចរាល់ ព្រមទាំងបើកជាផ្លូវការនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២កន្លងទៅនេះ៕ ប្រភព៖ huahintoday