អេស្ប៉ាញ៖ ក្លឹបបាល់ទាត់អធិរាជស Real Madrid បានប្រកាសទទួលស្គាល់ថា​ កីឡាករ Gareth Bale គឺជាពិតជាវីរបុរសក្នុងប្រវត្តសាស្រ្តរបស់ក្លឹប ដែលធ្លាប់បានរួមចំណែកជួយឲ្យក្លឹបឈ្នះពានរង្វាន់ធំៗជាច្រើននាពេលកន្លងមក។ សេចក្តីប្រកាសរបស់ក្លឹបបាល់ទាត់ Real Madrid​ ត្រូវបានធ្វើឡើងភ្លាមៗបន្ទាប់ពីកីឡាករសញ្ជាតិវេលរូបនេះប្រកាសចូលនិវត្តន៍ពីការលេងបាល់ទាត់ ក្រោយរូបគេបានផ្ទេរទៅលេងឲ្យក្លឹបបាល់ទាត់ Los Angeles FC​ នៅទឹកដីអាមេរិកបានមួយឆ្នាំ។

នៅក្នុងសេចក្តីប្រកាសរបស់ក្លឹបបាល់ទាត់ Real Madrid បានបញ្ជាក់ផងដែរថា ក្លឹបសុំបង្ហាញនូវការដឹងគុណ កោតសរសើរ សេចក្តីស្រលាញ់ ហើយក្លឹបនិងក្រុមអ្នកគាំទ្រទាំងអស់នឹងចងចាំកីឡារវ័យ ៣៣ឆ្នាំរូបនេះក្នុងនាមជាវីរបុរសក្នុងប្រវត្តិសាស្រ្តរបស់ក្លឹបផងដែរ។ គួររម្លឹកជូនថា Gareth Bale បានផ្ទេរមកលេងឲ្យ Real Madrid នៅក្នុងឆ្នាំ ២០១៣ ខណៈនៅក្នុងឆ្នាំ ២០២០ និង ២០២១ រូបគេត្រូវបានដាក់ឲ្យក្លឹប Tottenham Hotspurខ្ចីជើង មុនផ្ទេរទៅលេងនៅអាមេរិកកាលពីដើមឆ្នាំ ២០២២។ សមិទ្ធផលដែល Gareth Bale ធ្លាប់សម្រេចបានជាមួយ Real Madrid មានដូចជាឈ្នះពានរង្វាន់ Champions League ចំនួន ៥ដង ឈ្នះពានរង្វាន់ La Liga ចំនួន ៣ដង ឈ្នះពាន FIFA Club World Cups ចំនួន ៣ដង ឈ្នះពាន Super Cups ចំនួន ៣ដង ឈ្នះពាន Spanish Super Cup និងពាន Copa de Rey​ ៕