ប្រទេសថៃ ៖ ស្របពេលចិនបើកប្រទេសនៅថ្ងៃទី៨ ខែមករា ប្រទេសមួយចំនួននៅអឺរ៉ុបបានដាក់វិធានការរឹតបន្តឹងសម្រាប់ទទួលភ្ញៀវទេសចរមកពីចិន ហើយប្រទេសថៃក៏បានដាក់វិធានការដូចគ្នាដែរ ប៉ុន្តែមិនមែនសម្រាប់តែភ្ញៀវមកពីចិនទេ គឺរឹតបន្តឹងភ្ញៀវទេសចរមកពីគ្រប់ប្រទេសទាំងអស់ដែលចូលមកកាន់ទឹកដីថៃ ត្រូវអនុវត្តវិធានការដូចៗគ្នាទាំងអស់ ។ ការចាត់វិធានការកូវីដស្មើភាពគ្នានេះ បានប៉ះពាល់ដល់ក្រុមហ៊ុនទេសចរណ៍ក្នុងប្រទេសថៃ ។ ក្នុងនោះក្រុមហ៊ុនទេសចរណ៍មកពីខេត្តភូកេត ផាងង៉ា និងក្រៈប៊ី បានស្នើទៅនាយករដ្ឋមន្ត្រីថៃ ដើម្បីពិនិត្យវិធានការរឹតបន្តឹងជំងឺកូវីដឡើងវិញសម្រាប់ភ្ញៀវទេសចរអន្តរជាតិ ។

សមាគមទេសចរណ៍មកពីខេត្តភូកេត ផាងង៉ា និងក្រៈប៊ី និងសមាគមសណ្ឋាគារចំនួន១០ បានចុះហត្ថលេខាលើលិខិតរួមគ្នាមួយទៅកាន់លោកនាយករដ្ឋមន្ត្រី ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ទេសចរណ៍ និងអាជ្ញាធរទេសចរណ៍ថៃ បានបង្ហាញពីកង្វល់ការចាត់វិធានការរឹតបន្តឹងកូវីដនេះ ដោយរដ្ឋាភិបាលបានរឹតបន្តឹងត្រួតពិនិត្យភ្ញៀវទេសចរគ្រប់ជាតិសាសន៍ទាំងអស់ដូចៗគ្នា គឺមិនរឹតបន្តឹងតែភ្ញៀវចិនមួយទេ ។My Arrival Experience In Bangkok - Live and Let's Fly

ផ្នែកឯកជនបញ្ជាក់ថា ផ្នែកទេសចរណ៍ក្រៅប្រទេសជាច្រើនបានទាក់ទងមកកាន់ពួកគេ ដោយសារបារម្ភពីវិធានការនេះ ។ ពួកគេថា វានឹងប៉ះពាល់ដល់ផ្នែកទេសចរណ៍ បន្ថែមការលំបាកដល់អ្នកដំណើរ និងធ្វើឱ្យក្រុមភ្ញៀវទេសចរគោលដៅសំខាន់បច្ចុប្បន្នអាចសម្រេចចិត្តមិនធ្វើដំណើរមកថៃ ហើយទៅកម្សាន្តប្រទេសផ្សេងជំនួសវិញ ។ ផ្នែកឯកជនក្នុងខេត្តទេសចរណ៍ទាំង៣ថា បច្ចុប្បន្ន ប្រទេសសំខាន់ដែលមានភ្ញៀវទេសចរធ្វើដំណើរមកថៃមាន អឺរ៉ុប រុស្ស៊ី និងអូស្ត្រាលី ។

ផ្នែកឯកជនបានស្នើឱ្យរដ្ឋាភិបាលផ្លាស់ប្តូរគោលនយោបាយកំណត់ចាក់វ៉ាក់សាំង២ម្ជុលសម្រាប់តែអ្នកដំណើរពីប្រទេសដែលមានវិធានការបង្ខំធ្វើ RT-PCR មុនចូលប្រទេសប៉ុណ្ណោះ ចំណែកប្រទេសដែលគ្មានវិធានការពិនិត្យ RT-PCR មុនត្រឡប់ចូលប្រទេស សូមឱ្យថៃលើកលែងការពិនិត្យការចាក់វ៉ាក់សាំង២ម្ជុល ខណៈប្រទេសភាគច្រើនគ្មានវិធានការនេះ ព្រោះការរាតត្បាតរបស់កូវីដបានក្លាយជាជំងឺប្រចាំតំបន់ទៅហើយ ។

សមាគមទេសចរណ៍ខេត្តភូកេតបានប្រមូលមតិយល់ឃើញពីក្រុមហ៊ុនទេសចរណ៍បរទេស ដូចជា ក្រុមហ៊ុនទេសចរណ៍ប្រទេសអាល្លឺម៉ង់និយាយថា ជាការចេញវិធានការដែលមិនគួរចេញ ជាការបង្កើតបញ្ហា និងកាត់បន្ថយទំនុកចិត្តផ្នែកទេសចរណ៍ថៃយ៉ាងខ្លាំង ។ ដូចគ្នានេះ ខណៈមានព័ត៌មានរឿងការរឹតបន្តឹងចូលថៃនេះ អ្នកដំណើរជាច្រើនបានលុបចោលគម្រោងធ្វើដំណើរជាមួយក្រុមហ៊ុនទេសចរណ៍ ។Visual Guide to Bangkok: Suvarnabhumi Airport (1)

* អ្នកដំណើរចូលមកកាន់ប្រទេសថៃ ត្រូវធ្វើតាមលក្ខខណ្ឌចំនួន៧ ដូចជា ៖
១-អ្នកដំណើរមានអាយុលើសពី១៨ឆ្នាំ ត្រូវបង្ហាញឯកសារបានចាក់វ៉ាក់សាំងគ្រប់២ម្ជុល ឬលិខិតពីពេទ្យបញ្ជាក់ថា បានជាសះស្បើយពីកូវីដ-១៩ និងមិនលើសពី៦ខែ (១៨០ថ្ងៃ) ចំណែកអ្នកដំណើរដែលមិនបានទទួលវ៉ាក់សាំង ត្រូវមានលិខិតពីពេទ្យ និងបង្ហាញហេតុផល ។
២-អ្នកដំណើរមកពីប្រទេសដែលមានវិធានការការពារមិនឱ្យអ្នកឆ្លងកូវីដធ្វើដំណើរត្រឡប់ចូលប្រទេស ត្រូវមានធានារ៉ាប់រងសុខភាពសម្រាប់ព្យាបាលកូវីដជានិច្ចអំឡុងពេលធ្វើដំណើរក្នុងប្រទេសថៃ និងបន្ថែម៧ថ្ងៃទៀតសម្រាប់អ្នកមកបំពេញបេសកកម្ម និងត្រូវមានលិខិតធានាពីផ្នែកបេសកកម្ម ។
៣-អ្នកដំណើរកាន់លិខិតឆ្លងដែនថៃ គឺទទួលបានការលើកលែងក្នុងការពិនិត្យឯកសារចាក់វ៉ាក់សាំង និងឯកសារធានារ៉ាប់រងសុខភាព ។
៤-អ្នកដំណើរដែលប្តូរជើងយន្តហោះ គឺទទួលបានការលើកលែងលើការពិនិត្យឯកសារចាក់វ៉ាក់សាំង និងឯកសារធានារ៉ាប់រងសុខភាព ។ អ្នកដំណើរទាំងនេះត្រូវអនុវត្តតាមវិធានការដែលកំណត់ដោយប្រទេសថៃ ។
៥-ផ្នែកហោះហើរនានាត្រូវពិនិត្យឯកសារដែលបានរៀបរាប់ខាងលើ បើអ្នកដំណើរណាមិនអាចបង្ហាញឯកសារទាំងនេះ ខាងផ្នែកហោះហើរត្រូវបដិសេធមិនឱ្យពួកគេធ្វើដំណើរ ។
៦-ផ្នែកហោះហើរត្រូវប្រកាន់ភ្ជាប់នូវវិធានការពាក់ព័ន្ធ និងអនុវត្តតាមការណែនាំដែលសមស្រប ដូចជា តម្រូវឱ្យអ្នកដំណើរពាក់ម៉ាស់ជានិច្ចក្នុងពេលធ្វើដំណើរ លើកលែងតែពេលទទួលទានអាហារ ឬពេលមានហេតុការណ៍បន្ទាន់ ។
៧-អ្នកដំណើរដែលមានរោគសញ្ញាកូវីដ-១៩ ក្នុងពេលធ្វើដំណើរ នឹងត្រូវទទួលការណែនាំឱ្យពួកគេពិនិត្យការឆ្លងរោគពេលធ្វើដំណើរ ដល់គោលដៅ ។

លក្ខខណ្ឌទាំង៧ខាងលើនេះ អនុវត្តចាប់ពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ៕ ប្រភព ៖ BBC NEWS