បរទេស៖ អង្គការណាសា(NASA) សហរដ្ឋអាមេរិក បានធ្វើការជូនដំណឹងអំពីផ្កាយរណបដែលមានអាយុផុតកំណត់ ហៀបនឹងធ្លាក់មកដល់ផែនដីយើងនេះហើយ ព្រមទាំងព្រមានឱ្យមានការប្រុងប្រយ័ត្ន បើទោះបីវាមានហានិភ័យតិចតួចដល់មនុស្សលើផែនដីក៏ដោយ។

កាលពីថ្ងៃទី ៦ ខែកមរា ឆ្នាំ២០២៣ រដ្ឋបាលអាកាសយានិក និងអវកាសអាមេរិក (NASA) បានប្រកាសថា សំណល់នៃផ្កាយរណបដែលបានឈានដល់អាយុនៃទីបញ្ចប់ពីបេសកម្មសេរបស់ពួកវា បានកំពុងតែហៀបនឹងធ្លាក់មកដល់ផែនដីហើយ។
ផ្កាយរណបដែលមានឈ្មោះថា Earth Radiation Budget Satellite (ERBS) មានទម្ងន់ប្រហែល ២,៤៥០ គីឡូក្រាម ភាគច្រើនវាត្រូវបានឆេះលើអាកាសមុន ខណៈពេលដែលវាធ្លាក់ចូលទៅក្នុងបរិយាកាស ប៉ុន្តែប្រហែលជាមានបំណែកដែលមិនត្រូវបានដុតទាំងស្រុង ដែលអាចធ្លាក់មកកាន់ផែនដីខាងក្រោម។
ទោះជាយ៉ាងណា ណាសា(NASA) ក៏បានធ្វើការព្រមានឱ្យមានការប្រុងប្រយ័ត្ន បើទោះបីគេបានសិក្សាឃើញថាវាគឺមានឱកាសទាបណាស់ ដែលថាកម្ទេចកម្ទីទាំងនោះនឹងធ្លាក់មកលើមនុស្សលើផែនដីរបស់យើង។ ហើយសម្រាប់លទ្ធភាពដែលកំទេចកំទីរបស់ផ្កាយរណប ធ្លាក់មកលើមនុស្ស និងបណ្តាលឱ្យខូចខាត ឬរបួស នៅក្នុងសមាមាត្រនៃ ១ ភាគ ៩,៤០០ ។
សូមបញ្ជាក់ផងដែរថាផ្កាយរណប Earth Radiation Budget Satellite (ERBS) ត្រូវបានបាញ់បង្ហោះទៅកាន់ទីអវកាសក្នុងឆ្នាំ ១៩៨៤ នៅលើយានអវកាស Challenger ដែលវាមានតួនាទី និងបេសកកម្មវាស់តម្លៃអូហ្សូន រួមទាំងការរុករកបរិយាកាស។ ពីដំបូងគេរំពឹងថាវានឹងមានរយៈពេលត្រឹមតែពីរឆ្នាំប៉ុណ្ណោះក្នុងការបំពេញការងារ ប៉ុន្តែវាអាចដំណើរការរហូតដល់ឆ្នាំ ២០០៥ ដោយជួយសិក្សាពីដំណើរការដែលផែនដីទទួលបាន និងបញ្ចេញថាមពលពីព្រះអាទិត្យ ជាមួយនឹងពេលវេលាសរុបក្នុងលំហគឺ ៣៨ ឆ្នាំ អណ្ដែតលើផ្ទៃអាកាស ទើបធ្លាក់មកកាន់ផែនដីក្នុងឆ្នាំនេះ។
យ៉ាងណាមិញតាមការរំពឹងទុករបស់ក្រសួងការពារជាតិអាមេរិក ផ្កាយរណបអង្កេតវិទ្យាសាស្ត្រនេះ នឹងធ្លាក់មកផែនដីនៅយប់ថ្ងៃអាទិត្យទី ៨ ខែមករា ឆ្នាំ ២០២៣ខាងមុខនេះ ។ ប៉ុន្តែអង្គការ Aerospace Corp បានរំពឹងថា កម្ទេចកម្ទីផ្កាយរណប វាគួរតែធ្លាក់មកផែនដីនៅព្រឹកថ្ងៃច័ន្ទ ទី ៩ ខែមករា ឆ្នាំ ២០២៣ ជាមួយនឹងផ្លូវឆ្លងកាត់តំបន់អាហ្វ្រិក អាស៊ីមជ្ឈិមបូព៌ា និងឆ្នេរសមុទ្រភាគខាងលិចនៃអាមេរិកខាងជើង និងខាងត្បូង៕ ប្រភព៖ Dialynews












