ប្រទេសថៃ ៖ តាមប្រព័ន្ធផ្សព្វផ្សាយពិភពលោក Forbes ឱ្យដឹងថា ថៃបានជាប់លំដាប់ទី៩ ជាប្រទេសគួរឱ្យចង់រស់នៅពេលចូលនិវត្តន៍ប្រចាំឆ្នាំ២០២៣ ចំណែកប្រទេសលំដាប់លេខ១ គឺព័រទុយហ្គាល់ ។
ក្នុងរយៈពេល៦ឆ្នាំកន្លងមកនេះ Forbes បានចាត់ចំណាត់ថ្នាក់ប្រទេសដែលចំណាយថោកបំផុតក្នុងការរស់នៅ ដោយនៅឆ្នាំ២០២៣ អ្នកជំនាញរបស់ International Living បានបង្ហាញពីទីកន្លែងទាំង១០ ដែលគួរឱ្យរស់នៅពេលចូលនិវត្តន៍ ឬអ្នកដែលត្រូវការមានជីវិតល្អប្រសើរ ដោយផ្អែកតាមការវិភាគកត្តាផ្សេងៗដូចជា ការចំណាយក្នុងការរស់នៅ អាកាសធាតុ ទិដ្ឋាការ កន្លែងរស់នៅ និងការព្យាបាលសុខភាពជាដើម ។
ប្រទេសគួរឱ្យចង់រស់នៅលំដាប់លេខ១ គឺព័រទុយហ្គាល់ ដោយសារប្រាក់ដុល្លារអាមេរិកថ្លៃជាងធ្វើឱ្យការចាយវាយប្រាក់យូរ៉ូក្នុងប្រទេសនេះចុះថោក ហើយគេអាចស្នើសុំទិដ្ឋាការដោយងាយស្រួលដើម្បីរស់នៅក្នុងរយៈពេលយូរ ។ រីឯការចាយវាយផ្សេងៗសម្រាប់មនុស្ស២នាក់ស្មើប្រមាណ២.៨០០ដុល្លារអាមេរិកក្នុង១ខែ បើរស់នៅម្នាក់ឯង ការចាយវាយស្មើប្រមាណ២.០០០ដុល្លារអាមេរិកក្នុង១ខែ ហើយបើរស់នៅក្នុងទីក្រុងតូចៗ ការចាយវាយនឹងថោកជាងនេះទៀត ។
ចំណែកប្រទេសថៃស្ថិតក្នុងលំដាប់ទី៩ ដូចគ្នានឹងប្រទេសអ៊ីតាលី ចំណុចខ្លាំងគឺថៃមានសីតុណ្ហភាពក្តៅល្មម មានធម្មជាតិ និងវប្បធម៌ដ៏ស្រស់ស្អាត ហើយការចំណាយលើការរស់នៅសមរម្យ ធ្វើឱ្យថៃជាប់ក្នុងលំដាប់ប្រទេសដែលគេចង់មករស់នៅបន្ទាប់ពីចូលនិវត្តន៍ ។
អ្នកសារព័ត៌មានរបស់ International Living ឱ្យដឹងថា ជនបរទេសអាចទិញខុនដូបានដោយងាយនៅប្រទេសថៃ ដោយតម្លៃខុនដូមានបន្ទប់គេង២ អាចក្រោម៣ម៉ឺនដុល្លារអាមេរិក ហើយបើជួលវិញក្នុងតម្លៃ១៨០ដុល្លារអាមេរិកក្នុង១ខែ បើរស់នៅ២នាក់អាចចំណាយប្រាក់ត្រឹម១.៥៩៦ដុល្លារអាមេរិកក្នុង១ខែ ។
ចំណែកប្រទេសផ្សេងទៀតដែលជាប់លំដាប់ដូចគ្នា គឺលំដាប់លេខ២ ប្រទេសម៉ិកស៊ិក, លេខ៣ ប៉ាណាម៉ា, លេខ៤ អេក្វាឌ័រ, លេខ៥ កូស្តារីកា, លេខ៦ អេស្ប៉ាញ, លេខ៧ ក្រិក និងលេខ៨ បារាំង ។ អ្នកចាត់ចំណាត់ថ្នាក់នេះបានពិចារណាទិន្នន័យ ប៉ុន្តែមិនមែនមានន័យថា វាជាទិន្នន័យការស្ទង់មតិបែបវិទ្យាសាស្ត្រទេ ព្រោះពួកគេចាត់ឡើងដោយសាកសួរការយល់ឃើញ និងព័ត៌មានពីអ្នករស់នៅទីកន្លែងផ្សេងៗ ។
ទោះយ៉ាងណា ប្រទេសមួយចំនួនមានចំណាត់ថ្នាក់ធ្លាក់ចុះ គឺវៀតណាម និងម៉ាឡេស៊ី ទោះបីប្រទេសទាំងពីរមានអាកាសធាតុក្តៅល្មម មនុស្សម្នារួសរាយ ការចាយវាយក្នុងការរស់នៅថោក ប៉ុន្តែបញ្ហាទិដ្ឋាការធ្វើឱ្យពិបាករស់នៅយូរអង្វែង ៕










