អន្តរជាតិ៖ ក្រុមតាលីបង់ដែលកំពុងគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថាន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាអន្តរជាតិទី ១ របស់ខ្លួនជាមួយក្រុមហ៊ុនប្រេងឥន្ធនៈរបស់ចិនកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដើម្បីឃួងយកប្រេងនិងអភិវឌ្ឍអាងប្រេងបម្រុងនៅភាគខាងជើងរបស់ប្រទេសនេះ។
ក្រុមមន្ត្រីជាន់ខ្ពស់តាលីបង់ និងឯកអគ្គរដ្ឋទូតចិនប្រចាំរដ្ឋធានីកាប៊ុលប្រទេសអាហ្វហ្គានីស្ថាន លោក វ៉ាង យី (Wang Yi) បានចូលរួមក្នុងពិធីចុះហត្ថលេខា ដែលមានការផ្សាយបន្តផ្ទាល់តាមទូរទស្សន៍នៅក្នុងរដ្ឋធានីកាប៊ុលរបស់ប្រទេសអាហ្វហ្គានីស្ថានផងដែរ។
រដ្ឋមន្ត្រីក្រសួងរ៉ែអាហ្វហ្គានីស្ថាន លោក សាហាប៊ូឌីន ឌីឡាវ៉ាំ (Shahabuddin Dilawar) បានថ្លែងក្នុងពិធីចុះហត្ថលេខានោះថា ការចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនចិន ស៊ីនជីង សេនត្រល់ អាស៊ី ផេត្រូលីម អែន ហ្គាស ស៊ីអូ (Xinjiang Central Asia Petroleum and Gas Co) (CAPEIC) និងមានការបណ្តាក់ទុនពីចិនប្រមាណ ១៥០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ ក្នុងការឃួងប្រេងពីតំបន់អាងស្តុកទឹកនៃទន្លេ អាមូរ (Amu) ក្នុងប្រទេសអាហ្វហ្គានីស្ថាន។
លោកបានបន្ថែមទៀតថា កិច្ចព្រមព្រៀងនោះនឹងគ្របដណ្តប់លើផ្ទៃដីប្រមាណ ៤.៥០០ គីឡូម៉ែត្រក្រឡាជារួម នៅក្នុងតំបន់ សារីប៉ុល (Saripol) ខាងជើង ក្នុងខេត្ត ចោវស្យូន (Jowzjan) និងខេត្ត ហ្វារីយ៉ាប (Faryab) របស់អាហ្វហ្គានីស្ថាន ដោយបង្កើតការងារដល់ពលរដ្ឋអាហ្វហ្គានីស្ថាន ចំនួនប្រមាណ ៣ ពាន់នាក់ផងដែរ។
រដ្ឋមន្ត្រីក្រសួងរ៉ែអាហ្វហ្គានីស្ថានរូបនេះ បានលើកឡើងទៀតថា ការវិនិយោគរបស់ចិន ត្រូវគេរំពឹងថានឹងកើនឡើងប្រមាណ ៥៤០ លានដុល្លារអាមេរិក ក្នុងរយៈពេលបីឆ្នាំ នៅក្នុងកិច្ចសន្យាដែលមានរយៈពេល ២៥ ឆ្នាំនោះ។ លោកបន្តទៀតថា រដ្ឋបាលតាលីបង់ នឹងមានចំណែកក្នុងភាពជាដៃគូប្រមាណ ២០% នៅក្នុងគម្រោងនោះ ដោយក្នុងកិច្ចសន្យានោះមាន «ខ» មួយចែងថា នឹងបង្កើនរហូតដល់ ៧៥% ផងដែរ។
ឯកអគ្គរដ្ឋទូតចិនក៏បានជំរុញដល់ក្រុមហ៊ុនចិន ឱ្យអនុវត្តឱ្យបានត្រឹមត្រូវទៅលើច្បាប់របស់អាហ្វហ្គានីស្ថាន ជាមួយនឹងការបំពេញការងារដោយការទទួលខុសត្រូវ និងកាតព្វកិច្ចនានា ដែលបានចែងក្នុងកិច្ចសន្យានោះ ៕