រៀតណាម៖ ក្រុមប្រឹក្សាវៀតណាម បានរាយការណ៍កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ ស្តីពីវឌ្ឍនភាពនៃកិច្ចប្រជុំសភានីតិប្បញ្ញត្តិជាតិពិសេសរបស់វៀតណាម ដោយក្នុងកិច្ចប្រជុំនេះ សភា រួមទាំងនាយករដ្ឋមន្ត្រី Pham Minh Ching បានបណ្ដេញ ឧបនាយករដ្ឋមន្ត្រីពីររូប គឺលោក វ៉ូ ដុក ដាម(Vu Duc Dam) និង លោក ហ្វាម បិង មិង(Pham Binh Minh) ដោយមិនបញ្ជាក់ពីមូលហេតុ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយចំណាត់ការនេះបានកើតឡើង ខណៈរដ្ឋាភិបាលវៀតណាមបង្កើនការបង្ក្រាបអំពើពុករលួយក្នុងប្រទេស  ជាលទ្ធផលមន្ត្រីរដ្ឋាភិបាល និងពាណិជ្ជកររាប់រយនាក់ត្រូវបានចាប់ខ្លួន និងកាត់ទោស បូករួមទាំងលោក Vu Duc Dam និង Pham Binh Minh បន្ទាប់ពីមានការរៀបចំចំនួនសមាជិកក្រុមប្រឹក្សាដើម្បីបោះឆ្នោតគាំទ្រការដកដំណែងនេះ ក្នុងចំណោម ប្រតិភូចំនួន ៤៨៤ រូបដែលបានបោះឆ្នោតមាន ៤៧៦ រូបបានអនុម័តលើការបណ្តេញចេញ និង ៨ នាក់មិនបានបោះឆ្នោត។ នេះបើយោងតាម ចំនួនសរុបដែល ផ្តល់ដោយរដ្ឋសភា។

ជាមួយគ្នានោះផងដែរប្រភពដដែលបានបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ប៉ូលីសបានធ្វើការចាប់ខ្លួនជំនួយការរបស់លោក Vu Duc Dam ដោយចោទប្រកាន់ពីបទរំលោភអំណាច ព្រមទាំងជាប់ពាក់ព័ន្ធនឹងអំពើពុករលួយនៅក្រុមហ៊ុន Viet A Technology JSC ដែលជាក្រុមហ៊ុនផលិតឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ-១៩។

ទន្ទឹមនឹងនោះនៅក្នុងខែកញ្ញា ឆ្នាំ២០២២កន្លងទៅ អាជ្ញាធរក៏បានចាប់ខ្លួន លោក វៀន ក្វាង លិន(Nguyen Quang Linh) ដែលជាជំនួយការរបស់លោក Pham Binh Minh និង លោក វៀន ថាន ហៃ (Nguyen Than Hai)ដែលជាប្រធាននាយកដ្ឋានកិច្ចការបរទេសរបស់ប្រទេសវៀតណាម ដោយចោទប្រកាន់ពីការទទួលសំណូក ខណៈពេលដែលលោករៀបចំជើងហោះហើរធ្វើមាតុភូមិនិវត្តន៍សម្រាប់ជនជាតិស៊ីវិលវៀតណាមនៅបរទេសអំឡុងពេលមានជំងឺកូវីដ-១៩រាតត្បាតខ្លាំង។

គួររំលឹកផងដែរថា កាលពីឆ្នាំមុន អាជ្ញាធរវៀតណាមបានផ្តួចផ្តើមការស៊ើបអង្កេតឧក្រិដ្ឋកម្មលើបុគ្គលយ៉ាងហោចណាស់ ៤,៦៤៦នាក់ ជាមួយនឹង ២,៤៧៤ ករណីសម្រាប់ការរំលោភបំពានដែលត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងអំពើពុករលួយ ការរំលោភបំពានអំណាច និងកំហុសផ្នែកសេដ្ឋកិច្ច។ ហើយ ចាប់តាំងពីដើមឆ្នាំ ២០២១ មក ការិយាល័យនយោបាយ និងគណបក្សបានដាក់វិន័យលើមន្ត្រីយ៉ាងតិចចំនួន ៦៧ នាក់ ក្រោមការគ្រប់គ្រងរបស់ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន រួមទាំងរដ្ឋមន្ត្រី និងអតីតរដ្ឋមន្ត្រីចំនួន ៥ រូប រួមទាំងប្រធានខេត្តចំនួន ១៣ រូប និងអតីតប្រធាន និងមន្ត្រីថ្នាក់ក្រោមចំនួន ២០ នាក់ផងដែរ៕ ប្រភព៖ Khaosod