ភ្នំពេញ៖ លោកឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន នាទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ថា មុននឹងកាត់បន្ថយឈ្មួញកណ្តាលក្រសួងក៏ត្រូវតែត្រួតពិនិត្យឱ្យបានច្បាស់លាស់ផងដែរថា តើឈ្មួញកណ្តាលប្រភេទណាដែលមានប្រយោជន៍ក្នុងសង្វាក់ផលិតកម្ម និងឈ្មួញកណ្តាលប្រភេទណាដែលមិនមានប្រយោជន៍នៅក្នុងសង្វាក់ផលិតកម្ម។ ការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងកសិកម្មខាងលើនេះ គឺធ្វើឡើងស្របពេលដែលមានមតិមួយចំនួនបានលើកឡើងដោយចង់ឱ្យក្រសួងលុបបំបាត់ឈ្មួញកណ្តាលចេញ។

ទន្ទឹមនឹងការលើកឡើងខាងលើនេះលោករដ្ឋមន្រ្តីក្រសួងកសិកម្មបានបញ្ជាក់ដែរថា ការកាត់ចេញនូវឈ្មួញកណ្តាលដែលមិនមានប្រយោជន៍នេះ គឺជាចំណុចមួយដែលសំខាន់ណាស់ ក្នុងការកាត់បន្ថយចំណាយនិងរៀបចំខ្សែសង្វាក់ផលិតកម្មឱ្យមានប្រសិទ្ធិភាព ហើយការកាត់បន្ថយនេះទៀតសោតគឺទាក់ទងទៅនឹងបញ្ហាព័ត៌មានមួយចំនួននិងបញ្ហាអាជ្ញាបណ្ណដែលគ្មានសកម្មភាព។ លោកបន្តថា នៅ​ពេល​ខាងមុខនេះក្រសួងកសិកម្មនិងសហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក៏នឹងរៀបចំនូវប្រព័ន្ធព័ត៌មានវិទ្យាឬAPP មួយដើម្បីភ្ជាប់រវាងអ្នកលក់និងអ្នកទិញ។

ទាក់ទងទៅនឹងការលើកឡើងរបស់លោកឌិត ទីណា ពាក់ព័ន្ធទៅនឹងការកាត់បន្ថយឈ្មួញកណ្តាលដែលមិនមានប្រយោជន៍នៅក្នុងខ្សែសង្វាក់ផលិតកម្មនេះដែរ លោកថេង សាវឿន ប្រធានសមាគមសម្ព័ន្ធកសិករកម្ពុជាបានបញ្ជាក់តាមរយៈវិទ្យុវាយោនារសៀលថ្ងៃទី០៥ ខែមករាថា លោកគាំទ្រ ចំពោះការដាក់ចេញនូវទស្សនទានថ្មីរបស់ក្រសួងកសិកម្មនេះ ព្រោះលោកសង្កេតឃើញថា កត្តាឈ្មួញកណ្តាលនេះហើយ ដែលបណ្តាលឱ្យមានបញ្ហាឥតឈប់ឈរ ដោយបានកេងចំណេញផលប្រយោជន៍ ទម្លាក់ថ្លៃផលិតផលកសិករ។ ទន្ទឹមនឹងនេះលោកក៏បានស្នើឱ្យក្រសួងកសិកម្មបង្កើតនូវយន្តការតាមដានពីឈ្មួញកណ្តាលបន្ថែមផងដែរ។

សូមជម្រាបថា នៅក្នុងសន្និសីទសារព័ត៌មានស្តីពី«ទស្សនទាន ក្នុងវិស័យកសិកម្មនៅកម្ពុជា»នេះដែរលោកឌិត ទីណា ក៏បានរំលេចដែរថា ការសម្លឹងមើលវិស័យកសិកម្មទាំងមូលក្នុងខ្សែសង្វាក់ផលិតកម្ម គឺមិនផ្តោតតែទៅលើអ្នកផលិតទេ ព្រោះកសិករត្រូវពឹងផ្អែកលើតួអង្គសំខាន់ៗមួយចំនួនទៀតដូចជា៖អ្នកនាំចូលវត្ថុធាតុដើម, អាជីវករ,អ្នកកែច្នៃនិងអ្នកប្រើប្រាស់។ លោកបន្ថែមថា ក្រសួងចង់បានការរីកចម្រើនព្រមគ្នា សម្រាប់តួអង្គទាំងអស់នៅក្នុងខ្សែសង្វាក់ផលិតកម្ម ហើយការដែលទុកចោល ឬមិនផ្តល់សារៈសំខាន់ដល់តួអង្គណាមួយ នឹងនាំឱ្យខ្សែសង្វាក់ផលិតកម្មទាំងមូលជាប់គាំងនិងជួបបញ្ហា ៕