សហរដ្ឋអាមេរិក ៖ គណៈកម្មការម្ហូបអាហារ និងថ្នាំពេទ្យរបស់អាមេរិក FDA បានអនុញ្ញាតឱ្យឱសថស្ថានទូទៅនៅអាមេរិកចែកចាយថ្នាំឈប់មានផ្ទៃពោះ ឬថ្នាំរំលូតកូនជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដល់អ្នកដែលមានវេជ្ជបញ្ជាត្រឹមត្រូវពីគ្រូពេទ្យ ។

តាមទិន្នន័យឱ្យដឹងថា ឱសថស្ថានទូទៅអាចស្នើសុំលិខិតអនុញ្ញាតការចែកចាយថ្នាំរំលូតកូនជាផ្លូវការ ជាប្រភេទថ្នាំគ្រាប់នៅអាមេរិក ។ បើបានទទួលការអនុញ្ញាតហើយ ឱសថស្ថានទាំងនោះអាចចែកចាយថ្នាំដល់អតិថិជនរបស់ខ្លួនដែលមានវេជ្ជបញ្ជាត្រឹមត្រូវពីគ្រូពេទ្យ ។

នេះជាលើកទីមួយហើយបន្ទាប់ពី FDA បញ្ជាក់កាលពីខែធ្នូ ឆ្នាំ២០២១ថា នឹងបន្ធូរបន្ថយរឿងហានិភ័យ និងយុទ្ធសាស្ត្រកាត់បន្ថយផលប៉ះពាល់នៃថ្នាំគ្រាប់ដែលបានប្រើប្រាស់តាំងពីឆ្នាំ២០០០មក ប៉ុន្តែរដ្ឋាភិបាលអាមេរិកបានប្រកាសឱ្យផ្អាកប្រើថ្នាំនេះបណ្តោះអាសន្នសិន ដោយសារស្ថានការណ៍រាតត្បាតរបស់ជំងឺកូវីត-១៩ ។

ទោះបីជា FDA បើកភ្លើងខៀវដល់ឱសថស្ថានអាចស្នើសុំចែកចាយថ្នាំរំលូតកូននេះក្តី តែបណ្តាឱសថស្ថានធំៗនៅអាមេរិកនៅតែពិចារណាថា តើពួកគេគួរតែស្នើសុំលិខិតអនុញ្ញាតចែកចាយថ្នាំប្រភេទនេះឬអត់ ខណៈរដ្ឋជាច្រើនរបស់អាមេរិកកំពុងប្រឆាំងនឹងនីតិវិធីរំលូតកូន ៕

ប្រភព TNN World