បរទេស៖ អាជ្ញាធរឆែកកំពុងរៀបចំសម្លាប់មេមាន់រហូតដល់ ២២០,០០០ ក្បាលនៅឯកសិដ្ឋានចិញ្ចឹមបសុបក្សីមួយកន្លែងនៅភាគខាងលិចនៃប្រទេស បន្ទាប់ពីបានរកឃើញការផ្ទុះដ៏ធំបំផុតនៃជំងឺផ្តាសាយបក្សី កាលពីសប្ដាហ៍មុន។

កាលពីថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០២៣ សារព័ត៌មានរ៉យទ័របានរាយការណ៍ពីទីក្រុងប្រាក សាធារណរដ្ឋឆេក អំពីការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សីត្រូវបានរាយការណ៍នៅក្នុងកសិដ្ឋានមួយកន្លែង ដោយទីនេះមានចម្ងាយប្រហែល ១៥០ គីឡូម៉ែត្រពីភាគខាងលិចនៃទីក្រុង Prague ។

ជាមួយគ្នានោះកសិដ្ឋាននេះមានសមត្ថភាពអាចចិញ្ចឹមមាន់បានដល់ទៅ ៧៥០,០០០ ក្បាល។

ទោះជាយ៉ាងណាការិយាល័យបសុពេទ្យរដ្ឋឆេក (SVS) បាននិយាយថា ដោយសារតែការស៊ើបអង្កេត ការឆ្លងជំងឺគ្រុនផ្តាសាយបក្សីត្រូវបានរកឃើញមានការផ្ទុះឡើងនៅទីតាំងតែមួយ ទើបអាជ្ញាធរបានធ្វើការសម្លាប់មាន់ចំនួន២២០,០០០ ក្បាលដើម្បីលុបបំបាត់ពីការឆ្លងនូវមេរោគរីករាលដាលកាន់តែខ្លាំង។

ទន្ទឹមនឹងនោះសាធារណរដ្ឋឆេកក៏បានទទួលរបាយការណ៍ពីជំងឺផ្តាសាយបក្សីនៅកសិដ្ឋាន មួយផ្សេងទៀត ដែលមានទីតាំងនៅឆ្ងាយពីទីក្រុង Prague ប្រហែល ៦៨ គីឡូម៉ែត្រភាគខាងត្បូង ហើយក្នុងនោះមាន់ចំនួន ១២,០០០ ក្បាល និងមាន់ទូ ១,០០០ក្បាល នឹងត្រូវសម្លាប់ដើម្បីទប់ស្កាត់ការរីករាលដាលនេះដូចគ្នា។

គួរបញ្ជាក់ផងដែរថាការឆ្លងមេរោគក្នុងប្រទេសឆេក វាកើតឡើងនៅពេលដែលប្រទេសជាច្រើនកំពុងព្យាយាមកំណត់ការរីករាលដាលនៃជំងឺផ្តាសាយបក្សី ចាប់តាំងពីខែវិច្ឆិកាកន្លងមក ហើយអាជ្ញាធរឆែកបានតម្រូវឱ្យម្ចាស់កសិដ្ឋានចិញ្ចឹមមាន់រក្សាហ្វូងមាន់របស់ពួកគេឱ្យនៅតែក្នុងទីតាំងតែមួយ។

យ៉ាងណាមិញពីការផ្ទុះឡើងនៅសហរដ្ឋអាមេរិក និងអឺរ៉ុប មេរោគនេះក៏កំពុងរីករាលដាលនៅអាមេរិកខាងត្បូង អាហ្វ្រិក និងអាស៊ីផងដែរ។ ជាងនេះទៅទៀត ជំងឺគ្រុនផ្តាសាយបក្សីកំពុងដាក់សម្ពាធលើតម្លៃអាហារ ហើយវាក៏បង្កឱ្យមានការរឹតត្បិតពាណិជ្ជកម្មពីប្រទេសដែលនាំចូលបសុបក្សី៕ ប្រភព៖ Dailynews