ភ្នំពេញ៖ បន្ទាប់ពីផ្ដួលជើងខ្លាំងថៃ សៃយុគ ដើម្បីគ្រងខ្សែក្រវាត់ និងពានរង្វាន់ព្រះមហាក្សត្រថៃ ក្នុងព្រឹត្តិការណ៍ Thai Fight កាលពីថ្មីៗ បានធ្វើឲ្យកេរ្ដិ៍ឈ្មោះកីឡាករ ធឿន ធារ៉ា ល្បីរន្ទឺជាខ្លាំង រហូតត្រូវបានថ្នាក់ដឹកនាំ វិស័យឯកជន និងសប្បុរសជនធ្វើការឧបត្ថម្ភជាច្រើន ។ ប៉ុន្ដែជាមួយគ្នា ក៏មានរឿងរ៉ាវមួយផ្ទុះឡើង ពាក់ព័ន្ធនឹងការគ្មានឈ្មោះក្នុងក្រុមជម្រើសជាតិ និងក្របខ័ណ្ឌរដ្ឋរបស់អ្នកលេងគុនខ្មែររូបនេះ ដែលធ្វើមហាជនមានចម្ងល់ និងទទូចឲ្យមានការផ្ដល់ក្របខ័ណ្ឌដល់ ធារ៉ា ទៀតផង។
បន្ទាប់ពីផ្ទុះចម្ងល់ រហូតមានមតិរិះគន់មួយចំនួន នៅថ្ងៃទី០៤ ខែមករានេះ លោក ហេង សុខឃន អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានធ្វើសន្និសីទសារព័ត៌មានមួយ និងបានបញ្ជាក់ចំៗពីទំនាក់ទំនង រវាងសហព័ន្ធ និង ធឿន ធារ៉ា ដោយលោកបានទម្លាយការពិត ជុំវិញរឿងជើងខ្លាំងគុនខ្មែររូបនេះ មិនទាន់មានក្របខ័ណ្ឌ និងជាប់ជម្រើសជាតិ គឺមិនមែនសហព័ន្ធមិនជួយនោះទេ ផ្ទុយទៅវិញ សហព័ន្ធបានស្នើ ធារ៉ា ចូលជម្រើសជាតិ និងសន្យាស្នើសុំថ្នាក់ដឹកនាំផ្ដល់ក្របខណ្ឌជូនគេ តាំងពីឆ្នាំ២០១៧ តែសាមីខ្លួន និងក្លិប(ក្លិប អេ ភូថង) មិនយល់ព្រម ។
លោកបញ្ជាក់ថា សហព័ន្ធទទួលស្គាល់សមត្ថភាព ធឿន ធារ៉ា គឺជាកីឡាករដ៏ល្អ ទាំងកាយសម្បទា និងបច្ចេកទេស ។ ហេតុនេះ ទើបប្រធានសហព័ន្ធ លោក តែម ម៉ឺន បានជួប ធារ៉ា ស្របពេលកីឡាករមានដើមកំណើតនៅខេត្តព្រៃវែងរូបនេះ ចូលរួមប្រកួតជើងឯកថ្នាក់ជាតិ នៅតំបន់អភិវឌ្ឍន៍ 7NG កាលពីឆ្នាំ២០១៧ ដើម្បីជជែកពីការបញ្ចូលរូបគេចូលក្រុមជម្រើសជាតិ ហើយថែមទាំងសន្យានឹងធ្វើលិខិតស្នើសុំថ្នាក់លើ ដើម្បីផ្ដល់ក្របខ័ណ្ឌដល់រូបគេ ។ តែភ្លាមនោះ ធារ៉ា មិនទាន់សម្រេចចិត្ត ដោយឆ្លើយថា ទាល់តែមានការសម្រេចចិត្តពីប្រធានក្លិបសិន(លោក អេ ភូថង) ។
យ៉ាងណាក្ដី សហព័ន្ធបានព្យាយាមតាមសួរម្ដងហើយម្ដងទៀត មានការជួបពិភាក្សាពីរឿងនេះ មានទាំងសាមីខ្លួន មានទាំងលោក អេ ភូថង និងភរិយា ដោយសហព័ន្ធសម្របតាមគ្រប់បែបយ៉ាង តែក្លិបលោក អេ ភូថង នៅតែមិនព្រម ។ សូម្បីការប្រកួតកីឡាជាតិ លើកទី៣ ដែលសហព័ន្ធព្យាយាមលួងលោមក្លិបឲ្យបញ្ជូនកីឡាករ ធឿន ធារ៉ា ក៏ដូចជាកូនសិស្សនៅក្លិប អេ ភូថង ផ្សេងទៀត ចូលរួមប្រកួត ក៏ពួកគេមិនចូលរួម ក្នុងនោះសូម្បីកីឡាករ ប៉ោ ភារិទ្ធ(យ៉េន ឌីណា) ម្ចាស់មេដាយមាសស៊ីហ្គេម លើកទី៣១ នៅវៀតណាម និងជាកូនសិស្សលោក អេ ភូថង ក៏មិនចូលរួមដែរ ។
អគ្គលេខាធិការសហព័ន្ធដដែលបន្ដថា «យើងបានតាមសុំគាត់ម្ដងហើយម្ដងទៀតឲ្យ ធឿន ធារ៉ា ចូលជម្រើសជាតិទម្ងន់ ៧២គីឡូក្រាម យើងសុខចិត្តទៅកែសៀវភៅបច្ចេកទេសស៊ីហ្គេម ដើម្បីបញ្ចូល ធឿន ធារ៉ា ឲ្យបាន តែគាត់អត់ចូលទៀត ។ ក្លិបគាត់ថា អត់ឲ្យចូល គាត់ឆ្លើយថា ធឿន ធារ៉ា គាត់អត់គោរពវិន័យ (លោក ហេង សុខឃន ថាលោក អេ ភូថង អ្នកនិយាយ) ។ តែយើងនៅតែតាមអង្វរ និងសួរថា ចង់លេងទម្ងន់ប៉ុន្មាន? ទម្ងន់ ៧៥គីឡូក្រាម យើងក៏ព្រម តែគាត់នៅតែអត់ចូល ។ សហព័ន្ធយកចិត្តទុកដាក់ទាំងអស់ មិនដែលប្រងើយកន្ដើយឡើយ» ។
ទន្ទឹមជាមួយគ្នាដែរ សហព័ន្ធក៏បានបកស្រាយរឿងទៅប្រកួត Thai Fight ដោយលោក ហេង សុខឃន រំឮកថា ធារ៉ា មានប្រវត្តិចេញទៅប្រកួតក្នុងព្រឹត្តិការណ៍ដ៏ធំមួយ នៅជប៉ុន កាលពីឆ្នាំ២០២១ បានរងបរាជ័យ ទើបសហព័ន្ធមានការព្រួយបារម្ភ និងមិនចង់ឲ្យគេចេញទៅប្រកួត Thai Fight ។ តែបើចូលរួម ក៏សហព័ន្ធមិនហាមឃាត់ដែរ ទោះបីក្លិបបានដាក់សំណើរត្រឹម ២ថ្ងៃមុនចេញទៅប្រកួត ខុសគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលតម្រូវឲ្យដាក់លិខិតស្នើសុំមុនរយៈពេល ១៤ថ្ងៃក៏ដោយ ។ ផ្ទុយទៅវិញ សហព័ន្ធថែមទាំងបានគាំទ្រ និងអនុញ្ញាតឲ្យចូលជំរំហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិទៀតផង ។
លោកបន្ថែមថា «សហព័ន្ធបានជូនដំណឹង បើមិនបានហ្វឹកហាត់ដល់ទេ កុំបញ្ជូនចេញ ខ្លាច តែបើចេញ សូមដាក់លិខិតមក ១៤ថ្ងៃ (សម្រាប់ថ្ងៃធ្វើការ) តាមគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលជាអាណាព្យាបាល ។ គាត់ដាក់មកមែនពិត តែ ២ថ្ងៃដាក់លិខិតមក ដូចកាលទៅជប៉ុនដែរ ដាក់មក ២ថ្ងៃចេញទៅ ។ ដល់ចេញសហព័ន្ធ ក្នុងនាមម៉ែឪ តែងបិទភ្នែកម្ខាងបើកម្ខាង ទាំងផិតភ័យ ជាមួយក្រសួងអប់រំ ។ ដល់ពេលទៅបរាជ័យ ត្រូវបានស្ដីបន្ទោសពីអ្នកគាំទ្រ ហើយដល់ពេល Thai Fight ក៏យើងព្រួយបារម្ភដែរ ព្រោះនយោបាយ Thai Fight បងប្អូនជ្រាបភាគរយតិចណាស់ទទួលបានជោគជ័យ គ្រប់បណ្ដាប្រទេសចូលរួម» ។
យ៉ាងណាមិញ សហព័ន្ធបានសម្ដែងនូវការអបអរសាទរ ចំពោះជោគជ័យថ្មីៗរបស់កីឡាករ ធឿន ធារ៉ា ។ មិនតែប៉ុណ្ណោះ សហព័ន្ធនៅតែបើកទ្វារជានិច្ច ប្រសិនបើកីឡាករជើងខ្លាំងគុនខ្មែររូបនេះ ចង់ចូលជម្រើសជាតិ ដោយរក្សាសន្យានឹងស្នើសុំថ្នាក់ដឹកនាំ ដើម្បីផ្ដល់ក្របខ័ណ្ឌជូនរូបគដដែល ។ អ្វីដែលពិសេស គឺសហព័ន្ធចង់ឃើញ ធឿន ធារ៉ា ប្រកួតដើម្បីជាតិ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះលើកដំបូង បន្ទាប់ពីរង់ចាំអស់រយៈពេល ៦៤ឆ្នាំនេះតែម្ដង ។ លោក ហេង សុខឃន បន្ថែម ៕
















