ខេត្តបន្ទាយមានជ័យ៖ ស្តូបមិត្តភាពកម្ពុជា-វៀតណាម ដែលត្រូវបានជនមិនស្គាល់មុខបំផ្ទុះគ្រាប់បែកកែច្នៃបំផ្លាញនៅពេលយប់ចំថ្ងៃបុណ្យឆ្លងឆ្នាំនោះ កំពុងតែធ្វើការជួសជុលឡើងវិញនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣នេះ ស្ថិតនៅក្នុងភូមិ-សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។
ក្រោយពេលដែលជនមិនស្គាល់មុខបានដុតបំផ្លាញស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅខេត្តបន្ទាយមានជ័យ លុះព្រឹកឡើងគេឃើញសមត្ថកិច្ចជំនាញ បានចុះទៅពិនិត្យឃើញស្តូបដែលត្រូវជនមិនស្គាល់មុខបំផ្ទុះបំផ្លាញនៅផ្នែកខាង បណ្តាលឱ្យខូចខាតការ៉ូ និងផ្លាកស្តូបមិត្តភាពកម្ពុជា-វៀតណាម និងកូរ៉ូបានប៉ើងបែក ហើយត្រូវបានឆេះខ្លោចពណ៌អស់២ទៅ៣ម៉ែត្រ។
តាមការពិនិត្យ គឺនៅអំឡុងម៉ោង១១យប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ នៅពេលដែលខេត្តបន្ទាយមានជ័យ មានពិធីបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៣ ដែលមានបាញ់កាំជ្រួចក្នុងកម្មវិធី ហើយក៏មានជនមិនស្គាល់មុខបានធ្វើសកម្មភាពបំផ្លាញស្តូបមិត្តភាពកម្ពុជា-វៀតណាមតែម្តង។
ហើយស្តូបមិត្តភាពកម្ពុជា-វៀតណាមខេត្តបន្ទាយមានជ័យ ដែលត្រូវបានបំផ្លាញដោយជនមិនស្គាល់មុខនេះ តាមការពិនិត្យ គឺនៃការបំផ្ទុះនោះ គឺមានម៉ាស៊ូតលាយជាមួយជីអ៊ុយរ៉េ ទើបបណ្តាលឱ្យឆាបឆេះខូចខាតផ្លាកសរសេឈ្មោះ១ និងការ៉ូឆេះខ្លោចហើបចំនួន៤២ការ៉ូ ជ្រុងជ្រីខាងលិច ក៏ត្រូវបានបែកផងដែរ។
ក្រោយពីជនមិនស្គាល់មុខដែលបានដុតបំផ្លាញស្តូបមិត្តភាពកម្ពុជា-វៀតណាម កម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ ដើម្បីរកចាប់ខ្លួនជនសង្ស័យដែលបានដុតបំផ្លាញស្តូបមិត្តភាពកម្ពុជា-វៀតណាមហើយ ហើយពេលនេះក្រុមជាងក៏កំពុងតែធ្វើការជួសជុលកន្លែងដែលរងការខូចខាតឡើងវិញផងដែរ ៕















